សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលកូនព្យុះ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ កញ្ញា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី ១៥ កញ្ញា ២០២០នេះថា " ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន"។

តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។

ស្ថានភាពនៃអាកាសធាតុ មានដូចតទៅ ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

- សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C

- សីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C

នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គរ ។

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C

នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។

ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍

- តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង។

- អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ និងរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ ពិសេសចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាធ្វើការប្រុងប្រយ័ត្ន ចំពោះបាតុភូតនេះ ចៀសវាងនូវគ្រោះថ្នាក់ណាមួយកើតឡើង៕

119171207_1429822637209638_7849305821103653396_o