នៅពេលដែលផ្ទះ ជាផ្ទះពិតប្រាកដ មនុស្សគ្រប់រូបសុទ្ធតែចង់ត្រលប់ទៅផ្ទះវិញ

ផ្ទះ ជាកន្លែងដែលធ្វើឱ្យយើងមានអារម្មណ៍ថា មានក្ដីសុខ ទទួលបានភាពកក់ក្ដៅ និងជាទ្រនំសម្រាប់ចែករំលែកជាមួយមនុស្សដែលយើងស្រឡាញ់ ... ជឿថា អ្នកណាៗក៏ចង់នៅផ្ទះដែរ ... នៅពេលដែលផ្ទះ គឺជាផ្ទះដ៏ពិតប្រាកដ មនុស្សគ្រប់រូបសុទ្ធតែចង់ត្រឡប់ទៅផ្ទះ ចង់ជួបមនុស្សដែលខ្លួនស្រឡាញ់ ចង់ឱប ចង់ថើប ចង់ទទួលបានស្នាមញញឹម និងកម្លាំងចិត្ត ភាពកក់ក្ដៅ ... មិនថាទៅណា កន្លែងណា ឆ្ងាយប៉ុនណាទេ ប្រាកដជាមានចិត្តអន្ទះអន្ទះអន្ទែង ប្រញាប់ប្រញាល់ បំពេញកិច្ចការឱ្យបានរួចស្រេច ដើម្បីនឹងបានត្រលប់ទៅផ្ទះវិញ ... ហើយមិនថាហត់នឿយ អស់កម្លាំង ធុញថប់ ស្មុគស្មាញជាមួយនឹងការងារ ឬមនុស្សនៅខាងក្រៅប៉ុនណាទេ តែពេលដែលទៅដល់ផ្ទះភ្លាម នឹងមានកម្លាំងភ្លែត អារម្មណ៍តានតឹង និងហត់នឿយទាំងប៉ុន្មានក៏រសាត់ទៅបាត់អស់រលីង។

Bc362523d374aabb181b8d416164567c

គ្រប់គ្នាប្រាកដជាចង់ត្រលប់ទៅផ្ទះវិញ ព្រោះថានៅផ្ទះ មានមនុស្សជាទីស្រឡាញ់កំពុងតែរង់ចាំយើង ផ្ទះយើងមានម្ហូបអាហារឆ្ងាញ់ៗ ដែលធ្វើឡើងដោយស្នាដៃអ្នកមានគុណ ឬមនុស្សដែលយើងស្រឡាញ់ នៅផ្ទះមានមនុស្សដែលចាំផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅដល់យើង គ្រប់គ្នាបានផ្ដល់កម្លាំងចិត្ត និងភាពរីករាយជាច្រើនឱ្យយើង នោះហើយ គឺជាផ្ទះដែលមនុស្សគ្រប់រូបចង់រស់នៅបំផុត មិនខ្វល់ថាផ្ទះនោះធំ ឬតូចប៉ុនណាទេ តែផ្ទះគឺជាផ្ទះ យើងប្រាកដជាចង់នៅផ្ទះរបស់យើងហើយ។

2b86469efaee5f33963d95ee5e0f2709

ប៉ុន្តែ ប្រសិនបើផ្ទះ មិនមែនជាផ្ទះ មនុស្សក្នុងផ្ទះ មិនមែនជាសមាជិក ឬមនុស្សដែលយើងស្រឡាញ់ សមាជិកម្នាក់ៗ បែរជាបង្ហាញនូវអារម្មណ៍កិរិយា និងទឹកមុខ ប្រែក្លាយផ្ទះទៅជាកន្លែងដ៏ស្មុគស្មាញ ផ្លាស់ប្ដូរបរិយាកាសក្នុងផ្ទះទៅជាគុកឥតជញ្ជាំងនោះ ទោះផ្ទះនោះធំដូចវិមាន ទោះផ្ទះនោះមានពន្លឺចែងចាំង ឬបំបាក់ទៅដោយគ្រឿងបរិក្ខារ ការតុបតែងលំអរ ដែលមើលទៅស្អាតទាក់ទាញប៉ុនណាក៏ដោយ ក៏គ្មានអ្នកណាចង់ត្រឡប់ទៅគេងក្នុងគុកវិញនោះដែរ។

99597e8d00058707249e30c4de11164f


មនុស្សជាច្រើនបែរជាខ្លាច និងមិនចង់ត្រលប់ទៅផ្ទះវិញ ព្រោះតែនៅក្នុងផ្ទះ មិនមានមនុស្សដែលមានទឹកមុខស្រស់ស្រាយគួរឱ្យចង់ប្រឈមជាមួយ នៅក្នុងផ្ទះមិនមានបរិយាកាសគួរឱ្យចង់អង្គុយជុំគ្នា​ ជួបមុខពេលណា ឮតែសំឡេងស្ដីបន្ទោស ឈ្លោះប្រកែក រអ៊ូរទាំ ពីមុខដល់ក្រោយ មានតែការសួរនាំនូវសំណួរសាំញុំា និងគួរឱ្យធុញទ្រាន់ ក្នុងផ្ទះមិនមានសំឡេងដែលអ៊ូអរពោរពេញដោយស្នាមញញឹម និងសុភមង្គល មនុស្សក្នុងផ្ទះមិនមានការយោគយល់ អធ្យាស្រ័យចំពោះគ្នា នោះផ្ទះវាលែងជាផ្ទះទៀតហើយ ហើយក៏មិនមែនជាកន្លែងដែលយើងប្រាថ្នាចង់ត្រលប់ទៅគេងឱ្យបានស្ងប់ចិត្តដែរ។ អ្នកខ្លះ ដេកយប់ បន់ឱ្យឆាប់ព្រឹក នឹងបានឆាប់ចេញពីផ្ទះ អ្នកខ្លះ យប់ជ្រៅទើបចូលផ្ទះ ព្រោះមិនចង់ស្ដាប់ពាក្យរអ៊ូ ឬសំឡេងគួរឱ្យធុញ ចូលយប់ ចូលដល់ងូតទឹកដេកតែម្ដង។ ព្រោះតែផ្ទះ មិនមែនជាផ្ទះ ទើបត្រូវគេងដោយអារម្មណ៍អសុវត្ថិភាព និងអារម្មណ៍តានតឹងស្ទើរតែរាល់យប់។

4d02330710bf11e73f1e8c66024c9d1e

សូមធ្វើឱ្យផ្ទះរបស់អ្នក ក្លាយទៅជាផ្ទះដែលចង់រស់នៅ ហើយមិនថាទៅដល់ទីណា ក៏ប្រាថ្នាចង់ត្រលប់ទៅផ្ទះវិញ កុំធ្វើឱ្យផ្ទះក្លាយជាកន្លែងដែលបង្កើតបានតែអារម្មណ៍សោកសៅ ទោម្នេញ ចង់តែចាកចេញឱ្យបាត់ៗពីផ្ទះឱ្យសោះ ...៕

4d6c9bc8ed7a1efceade58ef3ca2161b

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ