សង្ឃឹមតែ១%ក៏ត្រូវតែស៊ូ! កើតជំងឺពុកឆ្អឹងពីកំណើត ​ពេទ្យថារស់បានតែ ១ថ្ងៃ បែរជាក្លាយជាមនុស្សជោគជ័យទាំងក្មេងវ័យ (មានវីដេអូ)

ឥណ្ឌា៖ មនុស្សមួយចំនួនតែងតែត្អូញត្អែនូវភាពលំបាករបស់ខ្លួន ពេលជួបប្រទះនឹងឧបសគ្គតិចតួច ទាំងដែលអ្នកមានអ្វីគ្រប់យ៉ាងច្រើនជាងមនុស្សខ្សត់ខ្សោយ និងអ្នកមានបញ្ហាដទៃទៀតលើពិភពលោក។

ជាក់ស្តែងរឿងរ៉ាវរបស់ក្មេងប្រុសជនជាតិឥណ្ឌាមួយរូបបានធ្វើឱ្យមនុស្សទូទាំងពិភពលោកសម្តែងនូវក្តីក្តុកក្តួលអាណិត និងការសោតសរសើរក្នុងពេលតែមួយ  ព្រោះតែជីវិតពិតតាំងពីកំណើតរបស់ក្មេងប្រុសម្នាក់នេះគ្មានអ្នកណាថាអាចរស់នៅបានទេ  ដោយតែក្មេងប្រុសឈ្មោះ Sparsh Shah  គ្រាន់តែកើតមកភ្លាមស្រាប់តែមានជំងឺពុកឆ្អឹង ​ពោលគឺគ្រូពេទ្យបានបញ្ជាក់ថាអាចរស់នៅមានជីវិតក្រោយពីកើតបានតែរយៈពេល ​១ ​ទៅ២ថ្ងៃប៉ុណ្ណោះ។

បើទោះបីជាដឹងថាកូនរបស់ខ្លួនមិនមានសង្ឃឹមរស់នៅតែ ម្តាយឪពុករបស់ Sparsh Shah   នៅតែមិនចុះចាញ់ដោយនៅខំប្រឹងស្វះស្វែងរកវិធីព្យាបាល  រហូតមិននឹកស្មានថា Sparsh Shah  បានតស៊ូមានជីវិតរស់នៅដល់អាយុជាង ​១០ឆ្នាំនេះ ​ទោះបីជាឆ្អឹងនៅតែបន្តបាក់  និងជំនួសដោយឆ្អឹងដែកក្នុងរាងកាយ ថែមទាំងអង្គុយលើរទេះរុញយ៉ាងណាក៏ដោយ។

មកទល់ពេលនេះ Sparsh Shah នៅតែប្រឹងជំនះជំងឺប្រចាំកាយរបស់ខ្លួន  ដោយមានសង្ឃឹមនៅក្នុងជីវិតមិនចុះចាញ់ ​ថែមទាំងធ្វើអ្វីដែលខ្លួនពេញចិត្តផងដែរ ​នោះគឺការលេងតន្ត្រី និងការច្រៀង ​ដោយប្អូនប្រុស Sparsh Shah  មានសមត្ថភាពអាចនិពន្ធបទចម្រៀងដ៏ពិសេស ​ថែមទាំងអាចច្រៀងបទបរទេសបានពិរោះគួរឱ្យសរសើរ  ជាពិសេស Sparsh Shah ត្រូវបានពិភពលោកស្គាល់តាមរយៈការ ​Cover  បទចម្រៀង  "Not Afraid" របស់អ្នកចម្រៀងល្បី Eminem រហូតទទួលបានការគាំទ្រចូលទស្សនាដល់ទៅ ១៥លាន ​View។

រហូតដល់សព្វថ្ងៃ ប្អូនប្រុស Sparsh Shah តែងតែចេញទៅធ្វើការបញ្ចេញមតិ ​និងចែករំលែកបទពិសោធន៍ជាច្រើននៅលើវេទិកាទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីលើកទឹកចិត្តមនុស្សទូទាំងប្រទេសរហូតទទួលបានការសរសើរ ​ថែមទាំងបានជួបនឹងបុគ្គលល្បីៗជាច្រើនរូបផងដែរ៕

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Credit: TED Talk, Kim Hong (Subtitles)