ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​!!!

កាល​ពីសម័យ​ដូនតា​យើង​ ​នៅ​ពេល​កូន​កើតមក​ភាគច្រើន​ ​គឺ​រស់នៅ​ជួបជុំ​គ្រួសារ​ ​ហើយ​នៅ​ពេល​ដឹងក្ដី​ឡើង​ ​គឺ​ស្គាល់​មុខ​ម៉ែ​ឪ​យាយ​តា​ ​និង​មាន​ភាព​ស្និទ្ធស្នាល​បំផុត​។​ ​ប៉ុន្តែ​ប​ច្ចប្បន្ន​នេះ​ ​តាម​ការសង្កេត​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មិន​ដូច​ពីមុន​ឡើយ​ ​គឺ​ខុសគ្នា​ស្រឡះ​។​

​ការ​ខុសគ្នា​ឆ្ងាយ​បែប​នេះ​ ​បើ​តាម​អ្នកជំនាញ​អប់រំ​ដដែល​បាន​ពន្យល់​ថា​ ​បច្ចុប្បន្ន​នៅ​តាម​ជនបទ​ភាគច្រើន​ ​កុមារ​ៗ​គឺ​ឯកា​បំផុត​ ​ដោយសារតែ​ឪពុក​ម្ដាយ​របស់​ពួកគេ​លែងលះ​គ្នា​ ​ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃ​ ​ហើយ​បើ​ឪពុក​ម្ដាយ​គ្មាន​ការងារ​ធ្វើ​ក៏​បែកគំនិត​ផឹកស្រា​ ​លេងល្បែង​ ​ហើយ​តែង​បង្ក​ជម្លោះ​ ​ដែល​មិន​អាច​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ៗ​នោះ​ទេ​។​

​វាគ្មិន​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ឪពុក​ម្ដាយ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ​ពី​កូន​ៗ​នោះ​ ​ក៏​នាំ​ឱ្យ​កុមារ​បាត់បង់​ភាព​កក់ក្ដៅ​និង​រង​ភាព​ឯកា​ខ្លាំង​។​ ​ចំពោះ​បញ្ហា​ទាំងនេះ​ ​លោក​ថា​ ​មិនមែន​ជា​រឿង​លេងសើច​ ​និង​បណ្ដែតបណ្ដោយ​ទៀត​នោះ​ទេ​ ​តែ​សង្គម​គួរ​យកចិត្តទុកដាក់​ ​និង​ខ្វាយខ្វល់​ពី​បញ្ហា​ទាំងនេះ​។​

​ត្រង់​ចំណុច​នេះ​ ​អ្នកជំនាញ​ដដែល​អះអាង​ថា​ ​កុមារ​នៅ​តាម​ជនបទ​ភាគច្រើន​ ​ដែល​លោក​បាន​ជួប​ ​គឺ​សុទ្ធតែ​ឪពុក​ម្ដាយ​លែងលះ​គ្នា​ ​ឬ​បែប​បាក់​គ្នា​ ​ម្ដាយ​យកប្ដី​ថ្មី​ ​ឪពុក​ប្រពន្ធ​ថ្មី​ផ្សេងទៀត​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ក្មេងៗ​ទាំងនោះ​បាត់បង់​ភាព​កក់ក្ដៅ​ពី​ឪពុក​ម្ដាយ​ ​ហើយ​អនាគត​របស់​ពួកគេ​ក៏​បាត់បង់​ឱកាស​ជោគជ័យ​ក្នុង​ជីវិត​នោះ​ដែរ​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​សង្កត់ធ្ងន់​ថា​ ​ការ​បែកបាក់​គ្នា​បែប​នេះ​ ​កូន​ខ្លះ​ត្រូវ​ទៅ​រស់នៅ​ជាមួយ​ឪពុក​ឬ​ម្ដាយចុង​ ​ហើយ​ខ្លះ​រស់នៅ​ជាមួយ​ឪពុក​ឬ​ម្ដាយចុង​ទី​៣​ទី​៤​ទៅទៀត​ ​កូន​ខ្លះ​ត្រូវ​ទៅ​នៅ​ជាមួយ​យាយ​តា​ ​បងប្អូន​ ​ខ្លះ​ត្រូវ​ទៅ​ស៊ីឈ្នួល​ឱ្យ​គេ​ដើម្បី​បំពេញ​តម្រូវ​ការក្រ​ពះ​ ​ឬ​ម​ហិច្ច​តា​របស់​អ្នកដទៃ​ ​ដែល​ត្រូវ​គេ​ធ្វើបាប​ឥតឈប់ឈរ​ ​និង​គ្មាន​ភាព​កក់​ក្ដី​ ​ហើយ​រស់នៅ​ឯកា​បំផុត​។​

​ចំពោះ​ឪពុក​ម្ដាយ​ចំណាកស្រុក​ ​ឬ​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅ​ប្រទេស​ ​បើ​តាម​វាគ្មិន​ដដែល​យល់ឃើញ​ថា​ ​ការ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស​បែប​នេះ​ ​គឺ​យូរ​ៗ​ទម្រាំ​បាន​ជួបជុំគ្នា​ម្ដង​ ​ពេលខ្លះ​កូន​ៗ​ភ្លេចមុខ​ឪពុក​ ​ភ្លេចមុខ​ម្ដាយ​ ​ហើយ​ពេលខ្លះ​ប្រពន្ធ​រងចាំ​យូរ​ពេក​ក៏មាន​ប្ដី​ថ្មី​ ​ហើយ​ប្ដី​រងចាំ​យូរ​ពេក​ក៏មាន​ប្រពន្ធ​ថ្មី​មួយទៀត​ក៏មាន​ដែរ​។​

​លោក​ឧកញ៉ា​ថា​ ​បើ​សង្គម​គ្រួសារ​ពោរពេញ​ទៅ​ដោយ​ភាព​ស្មុ​គ្រ​ស្មាញ​បែប​នេះ​ ​មិន​ត្រឹម​បាត់បង់​នូវ​ភាព​ស្និទ្ធស្នាល​នោះ​ទេ​ ​សូម្បី​ការអប់រំ​ទូន្មាន​របស់​ឪពុក​ម្ដាយ​ក៏​គ្មាន​ដែរ​។​

​ចំពោះ​បញ្ហា​ទាំងនេះ​ ​អ្នកជំនាញ​វិ​ស័យ​អប់រំ​ដដែល​បន្ត​ថា​ ​គឺ​បណ្ដាលមកពី​ឪពុក​ម្ដាយ​មិនបាន​ឆ្លងកាត់​ការអប់រំ​ ​ភាព​ក្រីក្រ​ ​និង​សង្គម​។​ ​លោក​បន្ថែម​ថា​ ​ការ​បង្កើត​កូន​ហើយ​យកកូន​ទៅ​ផ្ញើ​ជាមួយ​អ្នកជិតខាង​ ​សាច់ញាតិ​ ​ឬ​យាយ​តា​ ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ ​ឬ​ធ្វើការ​នៅ​ឆ្ងាយ​នោះ​ ​គឺ​បាត់បង់​អត្តសញ្ញាណ​របស់​ឪពុក​ម្ដាយ​ដែល​ត្រូវ​ផ្ទេរ​ទៅកាន់​កូន​ៗ​ ​ហើយ​កូន​ៗ​ខ្លះ​ក៏​ត្រូវ​កំព្រីកំព្រា​រស់នៅ​តែម្នាក់ឯង​ក៏មាន​ដែរ​។​

​ចំពោះ​កុមារ​បាត់បង់​ភាព​កក់​ក្ដី​ពី​ឪពុក​ម្ដាយ​ ​គ្មាន​ការអប់រំ​ ​អត់​បាន​ទៅ​សាលា​ ​ហើយ​ខ្វះ​ការ​ទូន្មាន​ពី​ឪពុក​ម្ដាយ​ផង​ ​ធ្វើ​ឱ្យ​ពួកគេ​មិន​យល់​ពី​សីលធម៌​ ​បាត់បង់​សុជីវធម៌​ ​មិន​ចេះ​ឱនលំទោន​គោរព​ចាស់​ព្រឹទ្ធាចារ្យ​ ​ហើយ​អាច​ប្រឡូក​នៅ​ក្នុង​សង្គម​មួយ​ដែលគេ​មិនរាប់​រក​ ​បាត់បង់​ឱកាស​ចូលរួម​ ​និង​អភិវឌ្ឍ​សង្គម​នា​ពេល​បច្ចុប្បន្ន​និង​អនាគត​។​ ​

នេះ​បើ​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ដល់​អ្នក​សារ​ព័ត៌មាន​បន្ថែម​៕​

ប្រភព៖ interconrooster