ឈប់​ ៥ យ៉ាង ដែល​អ្នក​ត្រូវ​តែ​បញ្ឈប់​ឲ្យ​បាន កុំ​ឲ្យ​ឆ្លង​ចូល​អាយុ ២៥ ឆ្នាំ​ទាន់

ជឿ​ថា​អ្នក​កំពុង​ចុច​អាន​អត្ថបទ​នេះ ជា​មនុស្ស​ដែល​មាន​អាយុ​ស្រករ ១៨-២០ ឬ​ខ្លះ​ហៀរ​ចូល​ ២០ ឆ្នាំ​ជាង ដែល​ក្នុង​វ័យ​នេះ​មិន​ទាន់​ជា​ចាស់​ចិត្ត​ចាស់​គំនិត​ខ្លាំង​នោះ​ទេ នាំ​ឲ្យ​ការ​អនុវត្ត​នូវ​សកម្មភាព​មួយ​ចំនួន​មិន​ទាន់​ជា​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ។

នៅ​ក្នុង​ជីវិត​របស់​យើង អ្នក​គួរ​តែ​ចេះ​លុត​ដំ​ខ្លួន បង្កើត​បញ្ហា-ដំណោះស្រាយ​សម្រាប់​ខ្លួន​ឯង​ជា​រឿយៗ​ដើម្បី​ទទួល​បាន​បទពិសោធន៍​យក​ទៅ​អភិវឌ្ឍ​ខ្លួន​បន្ត។ ក្នុង​អត្ថបទ​នេះ​ផ្ញើ​ជូន​ជា​ពិសេស​សម្រាប់​អ្នក​មិន​ទាន់​ឈាន​ដល់​វ័យ ២៥ ឆ្នាំ ដែល​គួរ​តែ​គិត​ពី​ចំណុច ៥ យ៉ាង​ហើយ​ត្រូវ​ឈប់​និង​ផ្លាស់ប្តូរ​ជា​បន្ទាន់៖

៥) ឈប់​ដើរ Shopping តាម​ចិត្ត​ចង់

5

អ្នក​គួរ​មាន​ផែនការណ៍​និង​ពេលវេលា​ច្បាស់លាស់​ក្នុង​ការ​ចំណាយ​ទៅ​លើ​សំលៀកបំពាក់ គ្រឿង​តុបតែង​លំអ​ខ្លួន ដែល​មិន​គួរ​បណ្តោយ​ទៅ​តាម​អារម្មណ៍​មួយ​ឆាវ ឬ​រក​បាន​ច្រើន​ទិញ​ច្រើន​ដូច​មុន​ទៀត​នោះ​ទេ។ ល្អ​បំផុត​គួរ​តែ​គណនា​ការ​ចំណាយ ហើយ​បើ​របស់​មាន​ប្រើ​ហើយ សូម​កុំ​បន្ថែម​ទៅ​ផ្ទួន​គ្នា។

៤) ឈប់​គិត​ពី​អារម្មណ៍​អ្នក​ដទៃ

4

ក្នុង​ន័យ​នេះ​មិន​មាន​ន័យ​ថា ឲ្យ​អ្នក​ធ្វើ​អ្វី​ដោយ​ឯករាជ្យ និង​លែង​ខ្វល់​ពី​អារម្មណ៍​មនុស្ស​ជុំវិញ​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​ចង់​ថា ពាក្យ​សម្តី​មើលងាយ ពាក្យ​សម្តី​បន្ទាប​តម្លៃ​និង​ពាក្យ​សម្តី​ឆ្កឹះឆ្កៀល​របស់​អ្នក​ដទៃ ត្រូវ​តែ​ប្រាកដ​ថា​នឹង​មិន​អាច​ប៉ះពាល់​គោលដៅ​រួម​របស់​អ្នក ឬ​ការ​អនុវត្ត​របស់​អ្នក​ដែល​កំពុង​តែ​ដំណើរការ​ទៅ​ហើយ​នោះ។ ចូរ​រៀន​គិត​ពី​ខ្លួន​ឯង ក្តី​សុខ​របស់​ខ្លួន​ឯង ឲ្យ​បាន​ច្រើន​ជាង​ការ​រស់នៅ​គ្រាន់​តែ​ចង់​បំពេញ​មាត់​អ្នកដទៃ។

៣) ឈប់​មើល​រំលង​ឪពុកម្តាយ

 

 


3

អ្នក​ឈាន​មក​ដល់​វ័យ​ដែល​ត្រូវ​សងគុណ​លោក​ទាំង​ពីរ​ហើយ ស្ថិត​នៅ​វ័យ​ដំណាល​ជាង ២០ នេះ ជឿ​ថា​ភាគ​ច្រើន​ចេះ​គិត ចេះ​គូរ ចេះ​មាន​មុខរបរ​ការងារ​បង្កើត​ប្រាក់​ចំណូល​ដោយ​ខ្លួន​ឯង​ខ្លះ​ហើយ។ ចូរ​ទម្លាប់​ពី​ពេល​នេះ​ទៅ ដោយ​ចាយ​ទាំង​លុយ​កាក់ និង​ពេលវេលា​សម្រាប់​លោក​អ្នក​មាន​គុណ​ទាំង​ពីរ ដែល​បាន​ចិញ្ចឹម​បីបាច់​យើង​តាំង​ពី​បាត​ជើង​ក្រហម​មក​ម្ល៉េះ។

២) ឈប់​ចំណាយ​ពេល​ច្រើន​លើ​អ៊ីនធឺណិត

2

ប្រសិន​អ្នក​ពុំ​មែន​ជា​អ្នក​បង្កើត​ចំណូល​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ​នោះ អ្នក​គួរ​តែ​កុំ​ទម្លាប់​ចាយ​ពេល​លើ​វា​ដូច​មុន​ទៀត​អី។ ឧទាហរណ៍៖ អ្នក​ប្រើ​ពេលវេលា​ច្រើន​លើ​ការ​ទស្សនា​ភាពយន្ត ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ប្រចាំ ទាំង​ដែល​វា​ពុំ​មេន​ជា​ប្រភព​ចំណូល ឬ​ត្រូវ​ជំនាញ​របស់​អ្នក​ផង។

១) ឈប់​បំផ្លាញ​សុខភាព​របស់​ខ្លួន​ឯង

1

មិន​ថា​តែ​ការ​ទទួល​ទាន​អាហារ គ្រឿង​ស្រវឹង បារី សុទ្ធ​តែ​ជា​របស់​សន្សំ​ជំងឺ​ពី​ឥឡូវ​ទៅ។ បើ​អ្នក​នៅ​តែ​បណ្ដែតបណ្ដោយ​ខ្លួន មិន​ហួស ១០ ឆ្នាំ​ទៅ​មុខ​ទេ សុខភាព​របស់​អ្នក​នឹង​កាន់​តែ​ចុះ​ទ្រុឌទ្រោម​ទៅ ហើយ​ប្រព័ន្ធ​ភាព​សាំ​ក៏​កាន់​តែ​បាត់បង់​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក