ហេតុអ្វីបានជាមនុស្សរស់នៅ ត្រូវជួបរឿងនឿយហត់ច្រើនម្ល៉េះ?

#មិនដឹងថាអ្នកមានអារម្មណ៍បែបនេះឬអត់ទេ?

ឆ្លងកាត់អាយុកាន់តែច្រើនទៅៗ កាន់តែយល់ថា ការរស់នៅគឺនឿយហត់ណាស់។ រាល់ថ្ងៃធ្វើការថែមម៉ោងមិនអស់ តែរឿងឡើងឋានៈ ឡើងប្រាក់ខែបែរជាលំបាកទៅវិញ។ ការប្រាស្រ័យទាក់ទងគ្នារបស់មនុស្ស រមែងតែមានការប្រយ័ត្នរាងខ្លួន។

ឪពុកម្តាយត្រូវមើលថែកូន កូនត្រូវចិញ្ចឹមថែទាំ សម្ពាធពិតជាធ្ងន់ណាស់។ មានពេលខ្លះ នៅក្នុងចិត្តគឺមានអារម្មណ៍ថាចាញ់ច្រាបគេ តែនៅលើផ្ទៃមុខនៅតែអាចរក្សាភាពនឹងនរ ហើយនិយាយទៅកាន់ពិភពលោកដោយញញឹមថា ៖ “ ខ្ញុំសុខណាស់ ខ្ញុំមិនអីទេ”។ គិតឱ្យម៉ត់ចត់ទៅ ហេតុអ្វីបានជាពួកយើងមានអារម្មណ៍ហត់នឿយយ៉ាងនេះ? ប្រហែលជាមកពីមូលហេតុទាំងបួននេះក៏ថាបាន ៖

១. ចិត្តទន់ពេក មិនចេះបដិសេធ

6d4da9c36448d5c25a98e737358c4ed4

ធ្លាប់ឮពាក្យមួយឃ្លាថា ៖ “ នៅក្នុងពិភពលោកនេះមានមនុស្ស២ប្រភេទ ដែលកំណត់ថាជាមនុស្សមិនសប្បាយចិត្ត ។ មួយគឺជាមនុស្សដែលឆាប់មានប្រតិកម្ម និងមួយប្រភេទទៀត គឺជាមនុស្សចិត្តទន់ ។ មនុស្សដែលឆាប់ប្រតិកម្ម គឺធ្វើបាបខ្លួនម្តងហើយម្តងទៀត។ ចំណែកឯមនុស្សចិត្តទន់វិញ គឺអ្នកដទៃធ្វើបាបខ្លួនម្តងហើយម្តងទៀត”

មនុស្សចិត្តទន់ រមែងតែមិនអាចហាមឃាត់ការសុំពឹងពាក់ពីគេឡើយ ឱ្យតែគេហាមាត់ ទោះជាចិត្តមិនចង់ធ្វើក៏ងក់ក្បាលទទួលយកដែរ។ មនុស្សដែលមានចិត្តទន់ បន្លាដែលនៅលើខ្លួនសុទ្ធតែដុះចាក់ទៅលើខ្លួនឯងវិញ មិនចេះបដិសេធគេ ក៏មិនហ៊ានឱ្យអ្នកដទៃឈឺចាប់ដែរ។ ពេលមានទុក្ខត្រូវបៀបលាក់ទុកតែម្នាក់ឯង ពេលហូរទឹកភ្នែកខ្លួនឯងជាអ្នកជូត ចុងក្រោយមានតែធ្វើឱ្យខ្លួនឯងរបួសពេញខ្លួន។

តាមពិតទៅ រវាងមនុស្ស និងមនុស្ស អ្នកសុខចិត្តជួយគឺជាមនោសញ្ចេតនា តែមិនជួយវិញ គឺជាកាតព្វកិច្ចរបស់អ្នក។

ត្រូវដឹងថា ចិត្តទន់មិនមែនបានន័យថាចិត្តល្អទេ មនុស្សតែងតែធ្វើល្អមិនប្រាកដថាជាមនុស្សល្អពិតប្រាកដឡើយ។ ឆាកជីវិតខ្លីណាស់ មានពេលខ្លះ ចិត្តអាចរឹងបន្តិច ទើបអាចរស់នៅធូស្រាលបន្តិចដែរ។ ដូច្នេះ ក្នុងពេលខ្លះ អ្នកគួរតែរៀនចេះនិយាយពាក្យបដិសេធ រៀនចេះនិយាយពាក្យថា “ទេ”

២. រវល់មិនចេះចប់ មិនចេះសម្រាក

39c927d1c3736dbae5bb73fc0d10caf1

ថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសបុក បានលើកឡើងនូវសំណួរមួយថា ៖ “តើអ្វីទៅជាភាពជាក់ស្តែងរបស់មនុស្សវ័យកណ្តាល?

មានគេឆ្លើយថា ៖ ចិត្តមិនទាន់ចាស់ សក់ស្កូវបាត់ទៅហើយ! ភ្នែកមិនទាន់ព្រិល ទឹកភ្នែកខ្សោះអស់! អាហារមិនខ្វះហូបទេ តែខ្សោះរសជាតិ! ពេលវេលាតិច ការងារធ្វើមិនអស់! មានឪពុកម្តាយ តែគ្មានពេលកំដរពួកគាត់ !មានកូនចៅ តែមិនមានពេលវេលាច្រើនក្នុងការមើលថែទាំ!

គ្រាន់តែពាក្យប៉ុន្មានម៉ាត់នេះ បង្កប់នូវភាពឈឺចាប់របស់មនុស្សវ័យកណ្តាលរបស់យើងមិនតិចទេ។ និយាយចុះឡើង នៅតែឃ្លាតមិនឆ្ងាយពីពាក្យថា “រវល់” នោះឡើយ។ ដើម្បីតែទ្រទ្រង់ជីវភាព ជារៀងរាល់ថ្ងៃរវល់មិនឈប់ទាំងនៅក្នុងគ្រួសារ និងកិច្ចការងារ។ ពួកយើងហាក់ដូចជាវិលចុះឡើងនៅក្នុងគន្លងបែបនេះគ្មានថ្ងៃស្រាកស្រាន្តឡើយ។

ពេលខ្លះក៏គិតចង់ឈប់សម្រាកបន្តិចសិនដែរ តែមិនហ៊ាន។ ព្រោះតែនៅលើស្មាមានអម្រែកជាច្រើន មានថ្លៃសាលាកូនផង ថ្លៃមើលជំងឺម្តាយឪពុកផង បង់រំលោះផ្ទះផង នៅការចាយរាយប្រចាំថ្ងៃទៀត មួយណាទៅដែលមិនមែនជាសម្ពាធនោះ? ដើម្បីឱ្យក្រុមគ្រួសារមានការរស់នៅស្រួល ពួកយើងត្រូវខាំមាត់សង្កត់ចិត្ត។

អ្នកនឿយហត់ណាស់ហើយ កុំភ្លេចក្រៅពីរវល់ហើយ ត្រូវរកពេលសម្រាប់ដល់ខ្លួនឯងផង ឱ្យចិត្ត និងកាយអាចសម្រាកបាន ថែសម្រស់ខ្លួនឱ្យបានល្អ ទើបគប្បីនឹងខ្លួនឯង។

មានពាក្យមួយមួយឃ្លានិយាយបានល្អណាស់ ៖ “ ៩០% នៃសុភមង្គល គឺកសាងឡើងពីសុខភាពល្អរបស់យើងម្នាក់ៗ សុខភាពគឺជាអ្វីៗគ្រប់យ៉ាង”។ សុខភាពរបស់មនុស្សមិនមែនជាដែកថែបឡើយ លុយកាក់យើងអាចរកបាន តែសុខភាពវិញបើខូចហើយមិនអាចរកឱ្យដូចដើមបានទេ ។ ការសម្រាកមិនមែនបានន័យថាយើងព្រលែងការងារចោលនោះទេ តែគឺយើងសាកថ្មឱ្យខ្លួនឯង ឱ្យខ្លួនដើរបានកាន់តែឆ្ងាយ។ នៅក្នុងឆាកជីវិតរបស់យើង ក្រៅពីជីវិតដ៏មមាញឹក យើងត្រូវមើលថែខ្លួនឯងឱ្យបានល្អ ទើបអាចមានកម្លាំងស្មារតីទៅពុះពារឧបសគ្គបាន នឹងអាចស្វែងយល់កាន់តែប្រសើអំពីឆាកជីវិត។

៣. ចូលចិត្តបង្ហាញសមត្ថភាព រមែងតែចង់រែកពន់តែម្នាក់ឯង

B40c74498ee8f59bf627dcba1b436083

មានពេលខ្លះ យើងយល់ថាហត់ណាស់ តែព្រោះតែទម្លាប់ធ្វើពុតជារឹងមាំ។ ពិភពរបស់មនុស្សវ័យកណ្តាល មានមនុស្សជាច្រើនពឹកពាក់លើយើង តែមនុស្សដែលខ្លួនឯងពឹងពាក់វិញបែរជាមានតិចទៅវិញ។ ជួបនឹងរឿងរ៉ាវគ្មានអ្នកជួយបាន មានកង្វល់ខ្វល់ខ្វាយគ្មានអ្នកអាចនិយាយរឿងក្នុងចិត្តបាន មានការលំបាកគ្មានអ្នកជួយរែកពន់ មានតែខ្លួនឯងទេរែកពន់ដោយស្ងាត់ៗ។ នៅក្នុងចិត្តស្រែកទ្រហោយំ តែនៅលើមុខវិញគ្មានអាការៈអ្វីទាំងអស់ មិនហ៊ានឱ្យគេឃើញនូវភាពទន់ជ្រាយរបស់ខ្លួនឡើយ។

មានពេលខ្លះ ត្រូវបានរឿងតូចតាចបង្ខំឱ្យអារម្មណ៍កាន់តែមិនល្អពីមួយថ្ងៃទៅមួយថ្ងៃ។ មានពេលខ្លះការងារក៏លំបាក ទទួលសម្ពាធពីថ្នាក់លើ រងការច្រណែនឈ្នានីសពីអ្នករួមការងារ និយាយប្រាប់អ្នកណាក៏មិនបាន។ ស្តាប់ពាក្យអស់ទាំងនេះហើយ ៖ នៅពីក្រោយខ្នងភាពរឹងមាំ សុទ្ធតែរងការឈឺចាប់ និងភាពជូចត់ដែលមិនអាចនិយាយចេញបាន។

ឆាកជីវិតខ្លីណាស់ ពេលដែលជួបនឹងរឿងមិនស្របនឹងចិត្តត្រូវតែរឹងមាំ។ តែពួកយើងក៏មិនមែនជារនាំងដែកថែបដែរ គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ ក៏មានពេលខ្លះមិនអាចរែកពន់បានរហូតឡើយ។ កុំចេះតែទ្រាំធ្វើតែម្នាក់ឯងនោះ ចិត្តហត់ហើយ រកមនុស្សនិយាយគ្នាទៅ បើកាយហត់នឿយវិញនោះ រកកន្លែងសម្រាកបន្តិចទៅ រងការលំបាក ចង់យំក៏យំចុះ យំរួចហើយត្រូវជូតទឹកភ្នែកចេញ គេងមួយឆ្អែតទៅ ពេលភ្ញាក់មកវិញគឺជាថ្ងៃថ្មីមួយទៀត។ សង្ឃឹមថាអ្នក អាចធ្វើជាខ្លួនឯងដោយពិតប្រាកដបាន កុំលាក់បាំងភាពទន់ជ្រាយរបស់ខ្លួនឯងអី នេះគឺជាវិធីដ៏ល្អបំផុតសម្រាប់ការរស់នៅ។

៤. មើលធ្ងន់ចំពោះមនោសញ្ចេតនា មិនខ្វល់ពីខ្លួនឯង

234bf6ffff79945cfdfc37bdc589d089

មនុស្សដែលមើលធ្ងន់លើមនោសញ្ចេតនាខ្លាំងពេក តែងតែរស់នៅដោយហត់នឿយបំផុត។ គ្រាន់តែគេល្អចំពោះយើងតែបន្តិច យើងបែរជាល្អចំពោះគេមួយទ្វេរជាដប់ទៅវិញ ព្រោះតែឱ្យគេសប្បាយចិត្ត ធ្វើបាបខ្លួនឯងទៅធ្វើរឿងដែលខ្លួនឯងមិនចូលចិត្ត ដើម្បីកុំឱ្យបាត់បង់ទំនាក់ទំនង ត្រូវបន្ទាបខ្លួន រមែងអធ្យាស្រ័យឱ្យគេរហូត។ យូរៗទៅ មិនត្រឹមតែយកភាពពិតប្រាកដរបស់ខ្លួនឯងទៅបោះចោលទេ ថែមទាំងរស់នៅដោយភាពនឿយហត់ទាំងកាយទាំងចិត្តថែមទៀត។

ធ្លាប់ស្តាប់ឮពាក្យដែលចាក់ដោតមួយឃ្លាថា ៖ “ នៅក្នុងលោកនេះអ្វីក៏មានប្រយោជន៍ដែរ ប្រាក់មានប្រយោជន៍ ញុំាមានប្រយោជន៍ សម្លៀកបំពាក់មានប្រយោជន៍ មានតែចិត្តពិតទេដែលគ្មានប្រយោជន៍”។ នៅក្នុងមនោសញ្ចេតនា កាន់តែយកចិត្តទុកដាក់ គេកាន់តែធុញទ្រាន់ កាន់តែខ្វល់ខ្វាយ របួសកាន់តែជ្រៅ។

នៅក្នុងអ៊ីនធឺណេនបាននិយាយថា នៅក្នុងឆាកជីវិតរបស់យើង ជួបមនុស្សច្រើនខ្លាំងណាស់ ទំនាក់ទំនងរវាងអ្នក និងពួកគេ គឺប្រៀបដូចគ្រាប់ខ្សាច់នៅក្នុងដៃ។ បើអ្នកក្តាប់កាន់តែជាប់ គ្រាប់ខ្សាច់នឹងរលាយបាត់កាន់តែឆាប់ តែបើអ្នកលាដៃវិញ គ្រាប់ខ្សាច់ដែលនៅក្នុងដៃរបស់អ្នក គឺនឹងនៅក្នុងដៃរបស់អ្នកជារៀងរហូត”។

មិនមែនឱ្យតែការលះបង់ សុទ្ធតែនាំមកនូវការតបស្នងនោះទេ ក៏មិនមែនឱ្យតែមានចិត្តស្មោះសុទ្ធតែប្តូរមកវិញនូវចិត្តស្មោះវិញនោះដែរ។ ជីវិតដែលនៅសេសសល់ មិនចាំបាច់ដើម្បីតែរឿងខុស និងត្រូវ មិនចាំបាច់ដើម្បីតែមនុស្សដែលគ្មានតម្លៃនៅជាប់ជំពាក់ទៀតទេ។ ស្រលាញ់ខ្លួនឯងឱ្យបានច្រើន ទើបជាមនុស្សចាស់ទុំដែលរស់នៅបានល្អបំផុត៕

ប្រភព ៖ withoutyourworld.com / ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)