ទាំង​នេះ​ជា​ផ្លែ​ឈើ ដែល​អ្នក​ចង់​សម្រក​ទម្ងន់​មិន​គួរ​រំលង ព្រោះ​ជួយ​ឲ្យ​ឆ្អែត​លឿន​និង​ល្អ​ចំពោះ​សុខភាព

តាម​អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​និង​សម្រក​ទម្ងន់​បាន​ណែនាំ​ឲ្យ​ស្គាល់​នូវ​ផ្លែឈើ​ ៦ ប្រភេទ ដែល​អ្នក​ចង់​សម្រក​ទម្ងន់​គ្រប់​រូប គួរ​តែ​ដឹង ហើយ​ត្រូវ​ជ្រើសរើស​មក​ទទួល​ទាន ប្រសិន​ចង់​ទទួល​បាន​ប្រសិទ្ធ​ស្រក​ទម្ងន់​ឆាប់​រហ័ស៖

៦) ផ្លែ​ប៉ោម

6

ផ្លែ​ឈើ​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​មាន​កាឡូរី​ទាប នាំ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ទៅ​បាន​ល្អ និង​ជា​ពិសេស​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆាប់​ឆ្អែត​បាន​យូរ។

យោង​ទៅ​តាម​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ផ្លែ​ប៉ោម​ខ្នាត​កណ្តាល​មួយ​ផ្លែ អាច​ផ្តល់​ជាតិ​សរសៃ Fiber ប្រមាណ ៤,៣៧ ក្រាម និង​កាឡូរី ៩៦,៤។ ការ​សិក្សា​បង្ហាញ​ថា ការ​ទទួល​ទាន​ផ្លែ​ឈើ​ប្រភេទ​នេះ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​អ្នក​គ្រប់គ្រង​ទម្ងន់​បាន​ល្អ។

៥) ផ្លែ​ Raspberry

5

ជា​ផ្លែ​ឈើ​មួយ​ប្រភេទ ដែល​ពេញ​និយម​នៅ​ក្រៅ​ស្រុក ព្រោះ​វា​អាច​ផ្តល់​ឲ្យ​រាងកាយ​នូវ​ជាតិ Fiber ជា​ច្រើន និង​បន្ថែម​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ​ទៀត​ផង។

លើស​ពី​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន C និង E ហើយ​ល្អ​បំផុត​ប្រសិន​អ្នក​អាច​បន្ថែម​វា​ចូល​ទៅ​ក្នុង​របប​អាហារ​នៅ​ពេល​ព្រឹក ដោយ​លាយ​ជាមួយ​ធញ្ញជាតិ ឬ​ទឹកដោះ​គោ​ជូរ ព្រោះ​វា​អាច​ជួយ​ប្រឆាំង​នឹង​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ ក៏​ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម។

៤) ឪឡឹក

4

វា​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន ដែល​ជួយ​ឲ្យ​អ្នក​គ្រប់គ្រង​ភាព​ឃ្លាន និង​ចំណង់​អាហារ​បាន​ល្អ ហើយ​បើ​អ្នក​ទទួល​ទាន​វា​តែ​ប៉ុន្មាន​ដុំ​ក៏​មាន​អារម្មណ៍​ថា​ធ្ងន់​ពោះ​បាត់​ទៅ​ហើយ។

ក្រៅ​ពី​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ឪឡឹក​ក៏​មាន​ផ្តល់​នូវ​វិតាមីន​ជា​ច្រើន និង​ជាតិ​រ៉ែ ហើយ​កាឡូរី​គឺ​មាន​ទាប​ណាស់។ ល្អ​បំផុត​ប្រសិន​អ្នក​អាច​ក្រឡុក​ឪឡឹក​យក​ទឹក​ផឹក​ជា​រៀងរាល់​ថ្ងៃ។


៣) ម្នាស់

3

នេះ​ជា​ផ្លែឈើ​ដែល​គ្មាន​កូលេស្តេរ៉ុល និង​ខ្លាញ់ ហើយ​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អង់ស៊ីម និង​ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវការ។

ម្នាស់​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ទៅ​បាន​ល្អ និង​អាច​សម្អាត​ជាតិ​ពុល​សម្រាប់​រាងកាយ​បាន​ទៀត​ផង។

២) ក្រូច

2

យោង​ទៅ​តាម​អ្នក​ជំនាញ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ក្រូច​មួយ​ផ្លែ​ទំហំ​កណ្តាល គឺ​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ប្រមាណ ៣,១៤ ក្រាម ឬ ១១ ភាគរយ​នៃ​តម្រូវ​ការ​ខ្លួន​ប្រាណ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។

បន្ថែម​ពី​នេះ​ក្រូច​ក៏​មាន​ផ្តល់​នូវ​វីតាមីន C និង​បង្កើន​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាងកាយ ក៏​ដូច​ជា​ផលិត​ចេញ​នូវ​កូឡាជែន​សម្រាប់​រាងកាយ​ថែម​ទៀត។

១) ផ្លែ​បឺរ

1

អ្នក​អាច​ជា​ភ្ញាក់ផ្អើល​ដែល​មាន​ផ្លែ​បឺរ​នៅ​ក្នុង​បញ្ជី​ផ្លែ​ឈើ​ទាំង ៦ នេះ តែ​វា​ជា​ការ​ពិត​ដោយ​ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​ប្រសិទ្ធ​ភាព​ណាស់​សម្រាប់​ការ​សម្រក​ទម្ងន់។

នោះ​ក៏​ដោយសារ​តែ​ផ្លែ​បឺរ​អាច​ចូល​ទៅ​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល​ក្នុង​ឈាម ហើយ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត និង​ជួយ​បំពេញ​ថាមពល​រាងកាយ​បាន​ល្អ​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក