គ្មាន Note គ្មាន S21 FE តែ Samsung នឹង​បញ្ចេញ​អាវុធ​ថ្មី ៤ នេះ នៅ​ព្រឹត្តិការណ៍​ខែ​សីហា

ជា​ទូទៅ​ក្រុមហ៊ុន Samsung មាន​ព្រឹត្តិការណ៍​ធំ ២ ប្រចាំ​ឆ្នាំ ដោយ​មួយ​នៅ​កំឡុង​ខែ​កុម្ភៈ សម្រាប់​ការ​បង្ហាញ​ត្រកូល S និង​នៅ​ខែ​សីហា បង្ហាញ​ត្រកូល Note។ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​បាន​ដើរ​គន្លង​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ ២០២១ គឺ​នឹង​ត្រូវ​បាន​ខកខាន​សម្រាប់​ព្រឹត្តិការណ៍​នៅ​ខែ​សីហា​ខាង​មុខ។

Samsung_galaxy_s21_fe_770x508

គ្មាន​ត្រកូល Note សេរ៊ី​ឆ្នាំ ២០២១ នោះ​ទេ ហើយ​ព័ត៌មាន​ដែល​ថា Galaxy S21 FE អាច​នឹង​ចេញ​វត្តមាន​មក​ជំនួស​ត្រកូល​ Note នោះ តាម​ដំណឹង​ចុង​ក្រោយ​ក៏​ត្រូវ​បាន​លុប​ចេញ​ទៅ​វិញ​ដែរ ក្រោម​ហេតុផល​ចង្វាក់​ផលិតកម្ម​ដំណើរការ​ទៅ​មិន​ទាន់​ពេល ពោល​គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្នែក​មួយ​ចំនួន​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី​មួយ​នោះ មិន​អាច​ផ្គត់ផ្គង់​ទាន់​ពេលវេលា តួ​យ៉ាង​ដូច​ជា​ផ្នែក​នៃ​ថ្ម។

ជំនួស​មក​វិញ Samsung ​ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​បត់ ២ ស៊េរី​មាន Galaxy Z Fold 3 និង Galaxy Z Flip 3 ហើយ​លាយឡំ​ដោយ​នាឡិកា​ឆ្លាតវៃ ២ ផ្សេង​ទៀត​មាន​ Galaxy Watch 4 និង Galaxy Watch Active 4 ហើយ​កាលបរិច្ឆេទ​ព្រឹត្តិការណ៍ Unpacked គឺ​កំឡុង​ពាក់​កណ្តាល​ខែ​សីហា អាច​ជា​ថ្ងៃ​ទី ១១។

Ice_screenshot_20210614 113817

តាម​ការ​ព្យាករណ៍​ជា​មុន Z Flip 3 អាច​នឹង​មាន​តម្លៃ ៩៥៩ ដុល្លារ ខណៈ Z Fold 3 តម្លៃ ១ ៥៩៩ ដុល្លារ លើ​ទីផ្សារ​ក្រៅ​ស្រុក។ ស្រប​ពេល​ដែល​នាឡិកា​ទាំង​ពីរ​សេរ៊ី​នោះ​អាច​តម្លៃ​លើ ៣០០ ដុល្លារ៕


ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក