នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដកហូតសត្វតោមួយក្បាលពីជនជាតិចិន ដែលកំពុងចិញ្ចឹមថែរក្សា ប្រៀបដូចជាសមាជិកគ្រួសារទៅហើយ។
ចំពោះការដកហូតនេះដែរ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៩ បានចែងថា "ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់" ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ "ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិត្រូវស្នើសុំច្បាប់អនុញ្ញាត"។
យ៉ាងណាមិញ បន្ទាប់ពីត្រូវបានដកហូតសត្វតោមួយក្បាលនេះហើយ ត្រូវបានគេបញ្ជាក់ថា សមត្ថកិច្ចនឹងយកទៅលេងនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីគ្រប់គ្រងដោយមន្ដ្រីជំនាញ។
ទោះជាយ៉ាងណាក្ដី ក្រោយអាជ្ញាធរដកហូតសត្វតោឈ្មោមួយក្បាលនោះរួចមក ម្ចាស់ដែលបានចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក៏បានពោលពីអារម្មណ៍ពិតចំពោះហេតុការណ៍នេះ ដោយបាននិយាយថា "សត្វតោដែលគេដកហូតយកទៅនោះ គឺគ្រួសារខ្លួនបានចិញ្ចឹមតាំងតែពីតូចមកម្ល៉េះ ដោយក្តីស្រលាញ់ដូចជាសត្វទូទៅដែរ។ ការចិញ្ចឹម គឺគ្រួសាររបស់លោកមិនបានចិញ្ចឹម សម្រាប់លក់ដូរនោះទេ គឺចិញ្ចឹមដូចសត្វទូទៅនៅក្នុងផ្ទះរបស់គាត់ទាំងអស់។ រូបលោកក៏សូមអភ័យទោសចំពោះការចិញ្ចឹមសត្វតោមួយក្បាលនេះ ដែលធ្វើឱ្យបងប្អូនភ័យខ្លាច"។
លើសពីនេះ បុរសជនជាតិចិន ដែលជាម្ចាស់តោបានបន្ថែមថា "តោដែលលោកចិញ្ចឹមនោះគឺ មិនកាចទេ ហើយពួកគាត់ក៏មិនដែលធ្វើបាបវានោះដែរ"។ លោកបានបន្តថា "តោដែលលោកចិញ្ចឹមនោះគឺមានគេជូនលោកតាំងពីវានៅតូចមក ហើយក៏មិនមែនទិញគេយកមកចិញ្ចឹមនោះដែរ អ្នកដែលឱ្យតោមកខ្លួនដើម្បីចិញ្ចឹមបានប្រាប់ថា ចិញ្ចឹមទៅមិនខុសច្បាប់ទេ ទើបលោកយកមកចិញ្ចឹម តែបើដឹងថា ចិញ្ចឹមវាខុសច្បាប់លោកក៏មិនហ៊ានចិញ្ចឹមដែរ"៕