នៅក្នុងក្រុមហ៊ុនមួយ មានបុគ្គលិកពីររូប ៖ ម្នាក់ចេះតែមានគំនិតអវិជ្ជមានចំពោះសមត្ថភាពរបស់ខ្លួន យល់ថាខ្លួនគ្រាន់តែអាចធ្វើការសាមញ្ញៗបានតែប៉ុណ្ណោះ ទោះជាការងារសាមញ្ញ ក៏គេយល់ថា ខ្លួនមិនអាចធ្វើការងារនោះបានល្អឥតខ្ចោះដែរ។ ចំណែកម្នាក់ទៀត មានការជឿជាក់ចំពោះខ្លួនយ៉ាងខ្លាំង គេយល់ថាឱ្យតែខ្លួនឯងព្រមទៅចំណាយកម្លាំង និងពេលវេលា ប្រាកដជាអាចធ្វើឱ្យការងារនោះបានល្អជាទីបំផុត ហើយបង្ហាញតម្លៃរបស់ខ្លួន សម្រេចបាននូវជីវិតដ៏ប្រសើរបានថែមទៀតផង។
ក្នុងចំណោមមនុស្សពីរនាក់នេះ តើអ្នកណាអាចធ្វើការងារបានល្អជាងគេទៅ?
ជឿជាក់ថាមនុស្សភាគច្រើនសុទ្ធតែជ្រើសរើសបុគ្គលិកទី២ ពីព្រោះគេជាមនុស្សម្នាក់ដែលមានជំជឿចិត្តខ្លាំងចំពោះខ្លួនឯង ហើយមនុស្សដែលមានជំនឿចិត្តខ្លាំងចំពោះខ្លួនឯង គឺមានលក្ខខណ្ឌអទិភាពក្នុងការធ្វើការងារបានល្អ។
ការជឿជាក់លើខ្លួនឯង បើនិយាយចំពោះមនុស្សគ្រប់គ្នា គឺជាប្រសិទ្ធភាពដ៏មហិមាមួយ បើនៅក្នុងកន្លែងធ្វើការ ជាដំបូងមនុស្សត្រូវមានជំនឿចិត្តលើខ្លួនឯងជាមុនសិន ទើបអាចធ្វើការងារបានល្អ។ លោក លេនីន បានមានប្រសាសន៍ថា “ការប្រាកដប្រជាលើខ្លួនឯង គឺជាជំហានទីមួយឆ្ពោះទៅរកឧតម្តភាព” ។ លោក Emerson ក៏ធ្លាប់និយាយដូចនេះថា “ការជឿជាក់លើខ្លួនឯង គឺជាចំណុចសំខាន់ទីមួយនៃភាពជោគជ័យ”។ មនុស្សម្នាក់ដែលមានភាពជឿជាក់លើខ្លួនឯង នៅក្នុងចិត្តរបស់គេតែងតែកើតមានឡើងនូវភាពក្លាហានដែលឥតព្រំដែន ក្នុងការជួយរូបគេឱ្យពុះពារឧបសគ្គទាំងឡាយក្នុងដំណើរផ្លូវនាថ្ងៃអនាគត។ ដូច្នេះហើយ បើអ្នកចង់ធ្វើការងារឱ្យបានល្អ ការងារជោគជ័យ គឺត្រូវផ្លាស់ប្តូរចិត្តគំនិតរបស់ខ្លួន រៀនជឿជាក់លើខ្លួនឯងជាមុនសិន។
បូរិន តាំងពីតូចមករស់នៅក្នុងភូមិ គេគ្មានម្តាយតាំងពីតូច រស់នៅជាមួយឳពុក។ ដោយសារតែអម្រែកគ្រួសារត្រូវធ្លាក់បន្ទុកទៅលើឪពុករបស់គេតែម្នាក់ ធ្វើឱ្យឪពុកគាត់មានសម្ពាធយ៉ាងខ្លាំង បណ្តាលឱ្យមានចរិតឆេវឆាវ ពេលដែលឪពុកគេខឹងម្តងៗបានបញ្ចេញកំហឹងទៅលើបូរិន។ ដោយធំធាត់នៅក្នុងស្ថានភាពបែបនេះ ធ្វើឱ្យ បូរិនចាប់ផ្តើមក្លាយទៅជាមនុស្សឆាប់ប្រតិកម្ម មានកង្វល់ច្រើន គ្មានការជឿជាក់លើខ្លួនឯង។ គេរមែងតែយល់ថា អ្នកដទៃប្រើក្រសែភ្នែកប្លែកៗមើលមកកាន់រូបគេ ហើយខ្លួនគេផ្ទាល់ក៏លែងចង់ទៅរាប់អានជាមួយអ្នកដទៃ ការសិក្សាក៏ធ្លាក់ចុះជាលំដាប់។
ក្រោយមក បូរិន ក៏បានដើរជាមួយនឹងពួកបងធំ វ៉ៃគ្នា ជក់បារី កាប់ចាក់ ក្លាយទៅជា “ក្មេងអាវាសែ”។ ហើយឪពុករបស់គេក៏មិនដឹងថាធ្វើដូចម្តេចល្អដែរ ដ្បិតតែអប់រំគេច្រើនដងមែន តែបែរជាគ្មាប្រសិទ្ធភាពសោះ។ ក្រោយមក ឪពុករបស់គេបានរៀបការជាមួយនារីម្នាក់ទៀត ជាដំបូងបូរិន ក៏មិនពេញចិត្តនឹងម្តាយក្រោយរបស់គេដែរ ស្ទើរតែមានចេតនារករឿងគាត់ទៀតផង។ ប៉ុន្តែស្មានមិនដល់ថា គាត់មិនបានប្រកាន់នឹងបូរិនឡើយ បែរជាមានចិត្តអាណិតបូរិនទៅវិញ ហើយគាត់បាននិយាយប្រាប់ឪពុកបូរិនថា “ បូរិនជាក្មេងឆ្លាត ធំឡើងប្រាកដជាមានកំណើត”។
សម្ដីម្តាយក្រោយតែមួយម៉ាត់បានផ្តល់ជំនឿចិត្តដ៏ខ្លាំងដល់បូរិន។ គេចាប់ផ្តើមសង្កេតមើលខ្លួនឯង មិនយល់ថាខ្លួនឯងមិនបានការនោះឡើយ គេចាប់ផ្តើមកែប្រែខ្លួនឯង ដើរចេញពីក្រុមបងធំ ហើយទៅផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។ យូរៗទៅ អ្នកគ្រូ និងមិត្តរួមថ្នាក់សុទ្ធតែចាប់អារម្មណ៍ពីការផ្លាស់ប្តូររបស់គេ។
ពីព្រោះតែជឿជាក់លើខ្លួនឯងនេះហើយ បានធ្វើឱ្យគេពោរពេញដោយកម្លាំងជីវិត។ គេលែងគេចសាលា លែងវ៉ៃគ្នាជាមួយមិត្តរួមថ្នាក់ ពេលចូលរៀនក៏ស្តាប់គ្រូពន្យល់ដោយយកចិត្តទុកដាក់ អ្នកគ្រូក៏បានលើកទឹកចិត្តគេជាបណ្តើរៗ ពិន្ទុការសិក្សារបស់គេក៏បានឡើងជាបណ្តើរៗ មិនយូរទេក៏បានលោតទៅចំណាត់ថ្នាក់ជួរមុខគេ នេះបានធ្វើឱ្យឪពុកម្តាយរបស់គេមានមោទកភាពជាខ្លាំង។
ជំនឿចិត្ត គឺជាមូលដ្ឋានគ្រឹះនៃអគារផ្នែកស្មារតី ឱ្យតែមានជំនឿចិត្ត ស្មារតីរបស់យើង គឺមិនអាចដួលរលំបានឡើយ។ មានមនុស្សមួយចំនួនមិនអាចជោគជ័យបាន គឺមិនមែនដោយសារតែគេគ្មានសមត្ថភាព និងខ្វះទេព្យកោលស្យនោះទេ តែដោយសារតែជំនឿចិត្តរបស់គេកើតឡើងនូវភាពរង្គោះរង្គើ ដូច្នេះហើយបានរាំងស្ទះការវិវឌ្ឍន៍សមត្ថភាពរូបរាងកាយ ហើយបានធ្វើឱ្យគេបាត់បង់ឱកាសជោគជ័យ។
ប្រសិនបើធ្វើរឿងអ្វីសុទ្ធតែមិនអាចបង្កើតទំនុកចិត្តបានទេនោះ គឺប្រៀបដូចជាខ្លួនឯងបានបង្កើតរបាំងក្នុងចិត្តសម្រាប់ខ្លួនឯងអ៊ីចឹងដែរ វាក៏ពិបាកក្នុងការធ្វើការងារបានល្អដែរ។ ហើយមនុស្សម្នាក់ឱ្យតែមានជំនឿចិត្ត គឺនឹងអាចធ្វើការងារកាន់តែល្អ បង្កើតនូវគុណតម្លៃកាន់តែខ្ពស់។
នៅឆ្នាំ ១៩៤៩ មានយុវវ័យម្នាក់អាយុ២៤ឆ្នាំ ពោរពេញដោយជំនឿចិត្ត ចូលទៅបម្រើការនៅក្នុងក្រុមហ៊ុនរថយន្តក្រុងរបស់សហរដ្ឋអាមេរិក ដោយគេបានដាក់ពាក្យធ្វើការជាគណនេយ្យករ។ មូលហេតុដែលគេមកដាក់ពាក្យគ្រាន់តែដោយសារឪពុកម្តាយគេធ្លាប់បាននិយាយថា "ក្រុមហ៊ុន General Motors គឺជាក្រុមហ៊ុនដែលមានការដំណើរការល្អ” ពួកគាត់ផ្តល់យោលបល់ឱ្យគេទៅសាកមើល។
ពេលសម្ភាសន៍ ការជឿជាក់ខ្លួនឯងរបស់គេ បានធ្វើឱ្យបុគ្គលិកសម្ភាសន៍គេនោះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង គ្រានោះខ្វះតែកន្លែងមួយតែប៉ុណ្ណោះ ហើយបុគ្គលិកសម្ភាសន៍នោះបានប្រាប់គេថា តួនាទីនេះពិបាកធ្វើខ្លាំងណាស់ អ្នកចំណូលថ្មីអាចនឹងពិបាកក្នុងការទប់ទល់ ប៉ុន្តែគ្រានោះ គេមានតែគំនិតមួយប៉ុណ្ណោះ គឺចូលទៅធ្វើការនៅក្នុងក្រុមហ៊ុន General Motors ដើម្បីបង្ហាញពីសមត្ថភាពក្នុងការបំពេញការងាររបស់គេ។
បន្ទាប់ពីបុគ្គលិកសម្ភាសន៍បានទទួលយកយុវជនម្នាក់នេះ ហើយក៏ធ្លាប់បាននិយាយប្រាប់លេខាគាត់ថា “ ខ្ញុំទើបតែជ្រើសរើសមនុស្សម្នាក់ដែលសក្តិសមធ្វើជា ប្រធានក្រុមហ៊ុន របស់ General Motors” ។ យុវជនរូបនេះគឺលោក Roger Smith អតីតប្រធានក្រុមហ៊ុន General Motors ។ មិត្តភក្តិដំបូងរបស់ Roger West គឺ លោក Art West ដែលបានចូលធ្វើការនៅក្រុមហ៊ុននេះបានរំឭកផងដែលថា “នៅក្នុងការសហការគ្នាមួយខែដំបូង Roger បានប្រាប់ខ្ញុំថា ថ្ងៃអនាគតគេត្រូវក្លាយទៅជា ប្រធានក្រុមហ៊ុន General Motors”។ ដូចអ្វីដែល Roger ប្រាថ្នាមែន ៣២ឆ្នាំក្រោយមក គេពិតជាបានក្លាយទៅជា ប្រធានក្រុមហ៊ុន General Motors ពិតមែន។
បើអ្នកចេះតែមានការសង្ស័យចំពោះខ្លួនឯង ចេះតែនិយាយចំពោះខ្លួនឯងថា “ខ្ញុំធ្វើមិនបានទេ” បែបនេះយូរៗទៅ គំនិត គឺនឹងចាក់ស្រ្តេសនៅក្នុងខួរក្បាលរបស់អ្នក ហើយអ្នកខ្លួនឯងក៏ក្លាយទៅជាទាសករនៃគំនិតមួយនេះជាមិនខាន។
ប្រហែលអ្នកអាចនិយាយបានថា ខ្ញុំគ្មានសមត្ថភាពលេចធ្លោ ក៏គ្មានកម្រិតវប្បធម៌ខ្ពស់ ព្រមទាំងរូបរាងសមសួន ម្តេចនឹងជឿជាក់លើខ្លួនឯងបានទៅ? ប្រហែលជាអ្វីដែលអ្នកនិយាយសុទ្ធតែជាភាពពិត ទោះជាអ្នកគ្មានអ្វីក្នុងសួរក៏ដោយ ក៏អ្នកគួរមានទំនុកចិត្តចំពោះខ្លួនឯងដែរ ពីព្រោះការជឿជាក់លើខ្លួនឯង គឺជាទ្រព្យសម្បត្តិ ការជឿជាក់លើខ្លួនឯង គឺជាកម្លាំងថាមពល ឱ្យតែអ្នកមានវាហើយ ទោះជាមនុស្សទន់ខ្សោយម្នាក់ក៏ដោយ ក៏នៅតែអាចញុំាឱ្យខ្លួនឯងក្លាយទៅជាមនុស្សអស្ចារ្យម្នាក់បានដែរ៕
អត្ថបទ ៖ Mythical Bird / Knongsrok