មានអារម្មណ៍ភ័យខ្លាច មិនហ៊ានចូលចំណោមមនុស្សច្រើន មិនហ៊ាននិយាយក្នុងទីសាធារណៈ និងមានអារម្មណ៍ចាញ់ច្រាបគេ ប្រសិនបើនរណាម្នាក់មានបញ្ហាបែបនេះ អ្នកនោះប្រហែលជាមានបញ្ហាផ្លូវចិត្តម៉្យាង គឺជំងឺចាញ់ច្រាបគេ ឬជំងឺខ្លាចសង្គម ដែលភាសាអង់គ្លេសហៅថា Social Anxiety Disorder ឬ Social Phobia (SAD ឬ SP) ។
អ្នកជំនាញសុខភាពសាធារណៈ និងវេជ្ជសាស្ត្រទូទៅ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ការខ្លាចសង្គម ឬការចាញ់ច្រាបគេ គឺជាជំងឺផ្លូវចិត្តមួយបែប ដែលមានអាការៈភ័យខ្លាចយ៉ាងខ្លាំងដោយមិនសមហេតុផលនៅពេលដែលអ្នកចូលក្នុងចំណោមមនុស្សច្រើន នៅពេលឡើងនិយាយជាសាធារណៈ ។
លោកវេជ្ជបណ្ឌិតថ្លែងថា៖ «នៅពេលដែលមានអ្នកដទៃនៅជំវិញខ្លួនច្រើន អ្នកជំងឺតែងតែមិនហ៊ានមើលមុខគេចំក្នុងពេលសន្ទនា បែកញើស បេះដូងលោតញាប់ភឹបៗ មុខឡើងក្រហម បន្ទាប់មកមុខឡើងស្លេកមកវិញ។ អ្នកខ្លះគ្រាន់តែទៅបន្ទប់ទឹកបត់ដៃបត់ជើងក៏ភ័យស្លន់ស្លោដែរ។ ភ័យតាំងពីញ៉ាំខ្លាចគេមើលឃើញ គេងខ្លាចគេឃើញ និយាយទៅភ័យច្រើន» ។
លោកវេជ្ជបណ្ឌិតបន្តថា អ្នកជំងឺប្រភេទនេះមិនត្រឹមតែមានអារម្មណ៍មិនស្រណុកក្នុងខ្លួននៅពេលចូលចំណោមមនុស្ស និងមិនហ៊ាននិយាយទំនាក់ទំនងជាមួយនឹងអ្នកដទៃប៉ុណ្ណោះទេ ។ ជាមួយនឹងគ្នានោះ អ្នកជំងឺក៏ឆាប់មានអារម្មណ៍អៀនខ្មាស ឬភ័យខ្លាចខ្លួនឯងធ្វើអំពើអ្វីមួយដែលនាំឱ្យអាម៉ាស់ មានអារម្មណ៍ភ័យខ្លាចអ្នកដទៃវាយតម្លៃខ្លួនមិនល្អ ខ្លាចគេនិយាយដើម តែងតែគេចចេញពីក្នុងចំណោមមនុស្ស មិនសូវមានមិត្តភក្តិ ឬក៏រក្សាមិត្តភាពមិនបានជាប់លាប់ ។
ម្ដងហើយម្ដងទៀត លោកវេជ្ជបណ្ឌិត គួច ម៉េងលី សង្កត់ធ្ងន់បន្ថែមថា៖ «ជំងឺខ្លាចសង្គមមានរោគសញ្ញាភ័យបុកពោះ ខ្លាច ញញើត ញ័រទ្រូង ស្លុតចិត្ត ដូចជាកំពុងមានអ្វីដែលរំពឹងថា នឹងកើតមានឡើងឆាប់ ។ សញ្ញាគួរកត់សម្គាល់ជាងគេនោះ គឺមានចេញសញ្ញា ដូចជាឡើងឈាមមុខក្រហម បន្ទាប់ពីក្រហមប្រែជាស្លេក បន្ទាប់មកស្លាំងយកតែម្ដង ហើយឈាមចុះវើតមកកញ្ចឹងក ហើយចុះមកដល់ឆ្អឹងខ្នង ចំណែកខ្លួនប្រាណឡើងត្រជាក់ស្រេង ដូចជាមនុស្សប្រុងស្លប់ ។ ម្យ៉ាងទៀត ពេលវាធ្វើទុកខ្លាំងចេញសញ្ញាទៅជារកក្អួត» ។
ជាការពិតណាស់ ចំពោះអ្នកកើតជំងឺនេះ ការរស់នៅ គឺគ្មានភាពសប្បាយរីករាយនោះទេ និយាយទៅដូចជាជាប់គុកនឹងអ្វីមួយ ដែលកំពុងគ្រប់គ្រងលើខ្លួនអ្នកជំងឺយ៉ាងដូច្នេះឯង ។ មានន័យថា ជំងឺនេះវាមិនធម្មតាឡើយ ព្រោះវាប៉ះទង្គិចដល់ការរស់នៅ ដូចជាមិនអាចសម្ភាសការងារឬអាហារូបករណ៍ជាប់ មិនអាចឡើងតួនាទី មិនអាចក្លាយជាអ្នកដឹកនាំគេបានឡើយ ។
លោកបន្តថា៖ «ជាងនេះទៅទៀត គឺធ្វើឱ្យកូនរៀនមិនពូកែ សូម្បីតែខ្លួនឯងទៅជប់លៀងក្នុងចំណោមគេមិនកើតផងនោះ ។ និយាយរួមទៅ អ្នកកើតជំងឺនេះ គឺបាត់បង់ និងប៉ះទង្គិចខ្លាំងបំផុតទៅលើការរស់នៅ ។ មិនតែប៉ុណ្ណោះ ជំងឺនេះវាធ្វើឱ្យមនុស្សស្មុគស្មាញ ព្រួយបារម្ភខ្វាយខ្វល់ខ្លាំង ជាពិសេសប៉ះពាល់ដល់ខួរក្បាល អារម្មណ៍ កាយសម្បទាគាត់ទាំងមូល» ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី អះអាងថា នៅស្រុកគេ ស្ថិតិអ្នកកើតជំងឺនេះមានភាគរយមិនច្រើនទេ ប៉ុន្តែនៅកម្ពុជាវិញ គឺមានស្ទើរតែ៧០ភាគរយទៅហើយ ដែលមានជំងឺបែបនេះ ។
លោកវេជ្ជបណ្ឌិត និយាយថា៖ «តើហេតុអ្វីច្រើនម្ល៉េះ? ព្រោះក្នុង១០នាក់ ខ្ញុំជួបស្ទើរតែ៧ ទៅ៨នាក់ហើយដែលមានជំងឺហ្នឹង ។ មូលហេតុដែលនាំឱ្យមានជំងឺនេះច្រើន គឺដោយសារសង្គមឆ្លងកាត់សង្គ្រាមច្រើន មនុស្សឆ្លងកាត់ការរស់នៅក្នុងសង្គមដែលមានបញ្ហាច្រើន មិនថាអំពើហិង្សា មិនថាឈ្លោះគ្នាក្នុងគ្រួសារ មិនថារឿងអត់ឃ្លាន មិនថាការគាបសង្កត់ មិនថាជារឿងអ្វីទេ កាលណាឆ្លងកាត់ច្រើនជំនាន់ទៅ វាបានជ្រាបចូលក្នុងហ្សែនរបស់យើងរួចទៅហើយ» ។
ប្រសិនបើអាការៈនេះនៅបន្តររយៈពេលយូរពេក អ្នកជំងឺមិនចេញទៅក្រៅ សំងំនៅតែក្នុងផ្ទះ ឬក្នុងបន្ទប់ និងមានការប៉ះពាល់ដល់ការបំពេញមុខងារប្រចាំថ្ងៃរបស់ខ្លួន ។ អ្នកជំងឺអាចមានអារម្មណ៍ឯកោកាន់តែខ្លាំងរហូតដល់មានជំងឺធ្លាក់ទឹកចិត្តមកលាយឡំជាមួយ និងឈានទៅរកការសម្លាប់ខ្លួនផងក៏មាន ។
សួរថាជំងឺនេះអាចព្យាបាលបានដែរឬទេ? លោកវេជ្ជបណ្ឌិត គួច ម៉េងលី ឆ្លើយតបថា ព្យាបាលបានដោយសាមញ្ញបំផុត ។ ក៏ប៉ុន្តែជំងឺនេះ ប្រជាពលរដ្ឋទូទៅពុំសូវបានដឹង ហើយជំនាញទៀតសោត ក៏មិនសូវអើពើលើកយកមកបកស្រាយពន្យល់ទៅទៀត ។
លោកលើកឡើងថា៖ «ការមិនសូវមានការយល់ដឹងអំពីជំងឺនេះ វាបានក្លាយទៅជាជំងឺមួយធ្ងន់ធ្ងរ ហើយមនុស្សចាយលុយច្រើនទៅលើការព្យាបាលជំងឺនេះ ដោយអ្នកខ្លះបានចំណាយលុយយ៉ាងសម្បើម ដើម្បីទៅព្យាបាលនៅបរទេស »។
លោកបន្តថា៖ «ប្រសិនបើអ្នកមានអាការៈដូចនេះ ឬស្គាល់នណាម្នាក់ដែលមានជំងឺនេះ សូមទាក់ទងទៅកាន់គ្រូពេទ្យជំនាញ ដើម្បីពិគ្រោះយោបល់ និងទទួលការព្យាបាល ។ បើយើងមានកូនចៅមានជំងឺបែបនេះ សូមកុំឱ្យមានពិការភាពដោយជំងឺព័ទ្ធជុំជិតវិញខ្លួន យើងត្រូវតែរើបម្រាសទាមទារសេរីភាព យកអារម្មណ៍ដែលបាត់បង់ដោយសារជំងឺហ្នឹងត្រឡប់មកវិញ» ៕