នៅក្នុងកិច្ចការងារ ចំពោះការវង្វេងទិសដៅម្តងម្កាល វាពិតជាពិបាកនឹងចៀសផុតណាស់ ពាក្យមួយឃ្លាដែលពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានពន្យល់ទៅជនវង្វេងគ្រប់រូបដោយនិយាយថា “នៅក្នុងភាពយុវវ័យរបស់អ្នកណាដែលមិនធ្លាប់វង្វេង”។ ប៉ុន្តែភាពវង្វេង គឺជាអារម្មណ៍អវិជ្ជមានមួយ ភាពវង្វេងនឹងអាចធ្វើឱ្យមនុស្សម្នាក់ល្ហល្ហេវឥតកោះត្រើយ គ្មានទិសដៅ បើមិនអាចរំដោះខ្លួនចេញពីភាពវង្វេងនេះបានទេ ដូច្នេះចុងក្រោយអ្វីដែលទន្ទឹងរង់ចាំអ្នកនោះ គឺជាភាពអន់ថយ មិនរីកចម្រើន។
មនុស្សដែលវង្វេង គឺរកមិនឃើញនូវច្រកចេញនៃឆាកជីវិតឡើយ ដូច្នេះត្រូវបានឃុំជាប់នៅក្នុងនោះ។ ហើយមានពេលខ្លះ មិនមែនយើងមិនចង់ទៅស្វែងរកនោះទេ តែដោយសារយើងគ្មានគោលដៅ ដូច្នេះទើបវីវក់ក្នុងភាពឈឺចាប់ ចាកមិនឆ្ងាយពីភាពវង្វេងវង្វាន់ ហើយថែមទាំងបានឃុំខ្លួនឯងដោយភាពស្មុគស្មាញជាច្រើន រកមិនឃើញនូវច្រកមួយដែលអាចដកដង្ហើមបាន។
នៅក្នុងរឿងស្នេហាវិញ ខ្លួនប្រៀបបីដូចជាគ្រាប់អុក ទៅមុខ ឬថយក្រោយមិនមែនអាស្រ័យលើខ្លួនឯង ចំណែកនៅក្នុងការងារ ខ្លួនប្រៀបដូចជាមនុស្សយន្តត្រូវបានគេបញ្ជាឱ្យទៅមកតាមចិត្ត ដូច្នេះទើបយូរៗទៅកើតជាភាពវង្វេង។
មានពេលខ្លះ ភាពវង្វេង គឺជាជីវិតដែលគ្មានទិសដៅ ហើយក៏ជាជីវិតដែលជ្រើសរើសខុសគោលដៅផងដែរ។ ចំពោះការជ្រើសរើសខុសទិសដៅនេះទៀតសោត ក៏មានរឿងកំប្លែងមួយដែរ ៖
នៅពេលយប់មួយ មានមនុស្សម្នាក់នៅក្នុងបន្ទប់កំពុងតែរករបស់ដែលខ្លួនជ្រុះបាត់គ្រប់ទីកន្លែង ហើយក៏មានមនុស្សម្នាក់ទៀតសួរថា ៖
“អ្នកកំពុងតែរកអ្វីដែរ?”
“ខ្ញុំជ្រុះបាត់កាក់មាសមួយ” គាត់បានឆ្លើយ
“លោកជ្រុះបាត់នៅក្នុងបន្ទប់ ឬក៏គៀនជញ្ជាំង?” មនុស្សទី២បានសួរគាត់
“មិនមែនទាំងអស់ ខ្ញុំបានជ្រុះបាត់វានៅលើស្មៅខាងក្រៅផ្ទះ” គាត់បានឆ្លើយម្តងទៀត
“ចុះហេតុអ្វីបានជាអ្នកមិនទៅរកនៅខាងក្រៅទៅ”? គេបានសួរបន្ត
“ពីព្រោះនៅខាងក្រៅគ្មានអំពូលភ្លើង ងងឹតពេក” គាត់បានឆ្លើយ
អ្នកប្រាកដជាយល់ថាម្នាក់នេះគួរឱ្យអស់សំណើចណាស់ ប៉ុន្តែ នៅក្នុងចំណោមមនុស្សជាច្រើន ជារៀងរាល់ថ្ងៃបានស្វែងរករបស់ដែលខ្លួនត្រូវការនៅកន្លែងដែលមិនត្រឹមត្រូវ។
ភាពជោគជ័យដែលអាចកើតឡើងបាន ត្រូវមើលថានៅពេលចាប់ផ្តើមដំបូងការជ្រើសរើសរបស់អ្នកគឺជាអ្វី អ្នកជ្រើសរើសគោលដៅយ៉ាងដូចម្តេច គឺនឹងមានសមិទ្ធផលយ៉ាងនោះជាមិនខាន ក៏មាននូវជីវិតបែបនោះដែរ។ គោលដៅដែលយើងជ្រើសរើសបានត្រឹមត្រូវ គឺនឹងនាំផ្លូវជីវិតរបស់យើងទៅត្រើយម្ខាងនៃភាពជោគជ័យ។ បើសិនជាអ្នកបាត់បង់គោលដៅហើយ ទោះជាអ្នកខិតខំមួយម៉ឺនដងក៏នៅតែអាសាបង់ដដែល៕
អត្ថបទ ៖ Mythical Bird / Knongsrok