ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ អ្នកដឹកនាំដែលមានប្រសិទ្ធភាពបំផុត តែងតែផ្តួចផ្តើមបង្កើតឱ្យមាននូវទស្សនៈវិស័យដ៏មានឥទ្ធិពលបំផុតក្នុងពេលឥឡូវ និងអនាគត

[…]បើយោងទៅលើផ្នត់គំនិតនៃភាពជាអ្នកដឹកនាំប្រកបដោយភាពផ្លាស់ប្តូរ អ្នកដឹកនាំដែលមានប្រសិទ្ធភាពបំផុត តែងតែផ្តួចផ្តើមបង្កើតឱ្យមាននូវទស្សនៈវិស័យដ៏មានឥទ្ធិពលបំផុតក្នុងពេលឥឡូវ និងអនាគត។

គាត់ជាអ្នកដឹកនាំដែលចេះជំរុញលើកទឹកចិត្តថ្នាក់ក្រោម ហើយលៃលកយ៉ាងណា ឱ្យថ្នាក់ក្រោមអាចចូលរួមយ៉ាងសកម្មក្នុងដំណើរការជាប្រព័ន្ធ ដើម្បីដើរឆ្ពោះទៅទស្សនៈវិស័យទាំងអស់គ្នា។ ក្នុងសកម្មភាពអនុវត្តកិច្ចការងារ ដើម្បីសម្រេចបាននូវទស្សនៈវិស័យដ៏វែងឆ្ងាយដែលគាត់បានផ្តួចផ្តើម អ្នកដឹកនាំជាបុគ្គលដែលចេះបែងចែក និងគ្រប់គ្រងដំណើរការអនុវត្តការងារនេះ បានយ៉ាងល្អប្រសើរ។

1

ប្រសិនបើក្រុមការងារអសកម្មត្រង់ចំណុចណា គាត់ដើរតួជាអ្នកពន្យល់ណែនាំ ហើយកសាងស្មារតីក្រុមឱ្យរឹងមាំដើម្បីបន្តដំណើរទៅមុខទៀត។ ស្មារតីក្រុម ហាក់ដូចជាចំណុចស្លាប់រស់មួយ ដែលអាចធ្វើឱ្យសម្រេចបានសមិទ្ធិផលធំធេង ឬសូន្យតែម្តងក៏មាន ប្រសិនបើអ្នកដឹកនាំពុំចេះកសាងស្មារតីក្រុម ឬថាគាត់ពូកែតែខាងរុញកំហុសដាក់គេឯង ហើយនិយាយយកល្អ យករួចខ្លួន។

មែនទែនទៅ ប្រសិនបើអ្នកដឹកនាំពុំមានទស្សនៈវិស័យវែងឆ្ងាយ គ្មានផែនការដើម្បីឱ្យក្រុមការងារអនុវត្ត វាពុំខុសអ្វីពីមានក្បូនមានច្រវ៉ាមានថ្នោល តែមិនចេះអុំ មិនដឹងត្រូវដោលយ៉ាងម៉េច និងគ្មានទិសដៅត្រូវទៅដូច្នោះដែរ។

ក្នុងដំណើរការអាជីវកម្ម គេចាំបាច់ត្រូវតែមានទស្សនៈវិស័យច្បាស់លាស់ ព្រោះវាធ្វើឱ្យយើងដឹងថាយើងចង់ទៅណាយ៉ាង និងទៅដោយរបៀបណា។ ហើយដើម្បីបង្កើតទស្សនៈវិស័យដ៏មានសក្ដានុពល អ្នកដឹកនាំត្រូវតែមានសមត្ថភាពយល់ដឹងពីដំណើរវិវឌ្ឍន៍របស់ស្ថានប័ន ឬក្រុមហ៊ុនដែលខ្លួនកំពុងបម្រើការជូន ធៀបនឹងដៃគូអាជីវកម្មផ្សេងៗទៀត។ ក្រៅពីនោះ អ្នកដឹកនាំក៏ត្រូវតែដឹងពីចំណុចខ្លាំងរបស់ក្រុមហ៊ុនខ្លួនដែរ។

បន្ថែមពីលើហ្នឹង ការយល់ដឹងលម្អិតពីបរិយាកាសសង្គម ប្រព័ន្ធច្បាប់ និងនយោបាយ ក៏រឹតតែសំខាន់ ជួយឱ្យអ្នកដឹកនាំអាចគូសវាសផ្លូវដើរបានស្រួលផងដែរ។

ជារួម អ្នកដឹកនាំត្រូវតែហ៊ានធ្វើ និងហ៊ានប្រកួតប្រជែង ប៉ុន្តែមិនគួរបំពារបំពានគេឡើយ។ ត្រូវតែទន់ភ្លន់ ហ្មត់ចត់ ម៉ឺងម៉ាត់ រឹងមាំប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែមិនគួរចាញ់ច្រាបគេនោះដែរ។ ត្រូវតែធ្វើខ្លួនឱ្យក្លាយជាអ្នកមាន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ប៉ុន្តែមិនគួរលោភលន់ឡើយ។ […]