កាបូបលុយជារបស់ដែលប្រើប្រាស់សម្រាប់ដាក់លុយ និងកាតសម្គាល់ខ្លួន ឬរបស់របរតូចៗដែលសំខាន់មួយចំនួនផ្សេងទៀត។ តាមក្បួនហុងស៊ុយគេជឿថា មនុស្សគួរតែត្រូវយកចិត្តទុកដាក់ចំពោះកាបូបលុយរបស់ពួកគេ ហើយគួរតែដាក់របស់ ៣ នេះភ្ជាប់ជាមួយ ប្រសិនណាចង់ទទួលបានសំណាងល្អ ហើយត្រូវបញ្ចៀសរបស់ ១ ដែលអាចនាំរឿងមិនល្អមកដល់អ្នក៖
១) ក្រដាសប្រាក់ ២ ដុល្លារ
មនុស្សនៅតំបន់អឺរ៉ុបគេឲ្យតម្លៃនិងគោរពក្រដាសប្រាក់ ២ ដុល្លារខ្លាំងបំផុត ហើយគេជឿថាវាជាសញ្ញានាំលាភសំណាង។ អ្នកអាចរកជាវវាបានតាមរយៈនរណាម្នាក់ ឬនរណាដែលមានវាតាំងពីដើមមក ចូរយកវាមកដាក់ក្នុងកាបូបលុយនៅទីតាំងណាមួយឲ្យបានល្អ នោះនឹងមានសំណាង មានលាភហូរចូលជារឿយៗ។
បើអាច ពេលទទួលបានវាហើយ ក៏គួរយកទៅអ៊ុតដាក់ថង់គ្របជិត ដើម្បីបញ្ចៀសការងាយរហែក ឬងាយត្រូវទឹកសើម ដោយប្រការណាមួយ។ ទោះក្នុងពេលវេលា ណាក៏កុំចាយលុយនេះឲ្យសោះ ស៊ូទុកល្អជាងបោះបង់ ព្រោះអី ក្រដាសប្រាក់ ២ ដុល្លារត្រូវបានគេស្គាល់ថាជាលុយសំណាងក្នុងពិភពលោក។ វាត្រូវបានគេជឿជាក់ថាម្ចាស់ដែលមានលុយនេះ នឹងជួបតែរឿងល្អក្នុងជីវិត សំណាងហូរចូលមិនដាច់។
២) អាំងប៉ាវពណ៌ក្រហម
មិនថាតែប្រភេទអាំងប៉ាវដែលអ្នកទទួលបាននៅពេលចូលឆ្នាំថ្មី ឬនរណាម្នាក់គេប្រគល់ឲ្យអ្នកក្នុងបុណ្យទាន ឬកម្មវិធីណាមួយ ហើយវាមានពណ៌ក្រហម អ្នកគួរតែរក្សាវាទុកនៅក្នុងកាបូបលុយ។ របស់នេះគេតំណាងឲ្យសញ្ញា នាំលុយនាំកាក់ចូលខ្លួន។
នេះគឺជាគន្លឹះមួយក្នុងចំណោមគន្លឹះជាច្រើន ដែលបង្កើតឱ្យមានសំណាងល្អ ហើយមនុស្សជាច្រើនតែងអនុវត្ត។ មិនត្រឹមតែជួយនាំសំណាងខាងផ្នែកលុយកាក់ប៉ុណ្ណោះទេ សូម្បីតែរឿងការងារបុណ្យសក្តិ ក៏អាចជួយបានមួយផ្នែកផងដែរ បើតាមការកត់ចំណាំពីអ្នកជំនាញផ្នែកហុងស៊ុយ។
៣) រក្សាទុកកាក់ ឬរបស់ពីបុរាណ
របស់ទាក់ទាញលុយនិងសំណាងមួយផ្សេងទៀតនោះគឺប្រភេទកាក់ មិនថាតែកាក់ពីបុរាណឬកាក់ប្រើប្រាស់ជំនួសលុយរបស់ប្រទេសណាមួយក៏បាន ហើយយកខ្សែអំបោះក្រហមមករុំជាប់វា នោះនឹងមានលុយហូរចូលកាបូបលុយអ្នកច្រើនៗ។ ដូចគ្នាទៅនឹងរបស់ពីបុរាណតូចៗមួយចំនួន ដែលអ្នកស្រាវជ្រាវដឹងថា មិនធ្លាប់ស្ថិតនៅម្ចាស់ដែលជួបរឿងអាក្រក់ ឬយកពីកន្លែងសក្តិសិទ្ធណាមួយ អ្នកគួរតែភ្ជាប់វាជាមួយកាបូបលុយជានិច្ច។
នេះបើអ្នកចង់ឱ្យកាបូបកាន់តែក្រាស់ហើយប្រាក់ចំណូលកាន់តែកើនឡើង ម្ចាស់មិនគួរទុកកាបូបឱ្យនៅទទេឡើយ ពោលការដាក់យ៉ាងហោចណាស់គ្រាប់កាក់តូច នៅតាមក្រឡុកក្រឡៀតក្នុងកាបូប គឺពិតជាជួយជំរុញសំណាងនៃលុយ។
៤) កុំដាក់វិក្កយបត្រផ្សេងៗក្នុងកាបូប
អ្នកមិនគួររក្សាទុកវិក្កយបត្រទូទាត់ភ្លើងទឹក ថ្លៃចំណាយផ្សេងៗលើរបស់របរណាក្នុងកាបូបនោះទេ។ ព្រោះវិក្កយបត្រគេសម្គាល់ជារបស់ ដែលចេញលុយ ឬបាត់បង់លុយ បើដាក់វាក្នុងកាបូប ក៏ងាយនឹងឲ្យលុយហូរទៅវិញដូចគ្នា។
នេះមិនថាវិក័យប័ត្រនោះ បានទូទាត់រួចហើយក៏ដោយក្តី ជារួមគួរយកមករក្សាទុកក្នុងទីតាំងផ្សេង បើក្នុងរថយន្ត អាចរក្សានៅផ្នែកតាបឡូ ឬយកទៅកឹបជាប់ជាមួយសាមីខាងក្នុងផ្ទះតែម្តង។ ដោយឡែករបស់ដែលមិនចាំបាច់ គួរទម្លាប់ប្រមូលបោះចោល ជាជាងសន្សំវាទុក ឥតចំណេញអ្វីនោះទេ ហើយតាមក្បួន មានតែនាំភាពស៊យ ភាពខាតបង់មកកាន់អ្នកថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក