អត្តពលិកកម្ពុជាចាប់​ផ្ដើមប្រកួតក្នុង​ថ្ងៃ​នេះហើយ រង់ចាំលទ្ធផលទាំងអស់គ្នា

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកនាយបេសកកម្មក្នុងអូឡាំពិកហ្គេមទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ​២០២០ បានបង្ហាញថាអត្តពលិកកម្ពុជានឹង​ចូល​ខ្លួន​ប្រកួត​លើ​វិញ្ញាសាដែល​បាន​កំណត់​ នៅល្ងាចថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះហើយ។

W_5_4 (1)

សម្រាប់ប្រភេទកីឡាហែលទឹកនឹងត្រូវប្រកួតនាវេលាម៉ោង ១៩:០០ ត្រូវនឹងម៉ោង ៥:០០ នាទីល្ងាច (ម៉ោង​នៅកម្ពុជា) ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ហែលទឹក ៥០​ម៉ែត្រសេរី ទាំងពីនាក់ នាថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១។ ហែលទឹកកម្ពុជាមានកីឡាករជម្រើសជាតិ២នាក់ គឺ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវនឹងប្រកួតលើវិញ្ញាសាហែលសេរី៥០ម៉ែត្រ (បុរស-នារី) នៅ​មជ្ឈ​មណ្ឌល​កី​ឡា​ហែល​ទឹក Tokyo Aquatics Centre។

W_5_3

សម្រាប់ប្រភេទកីឡាអត្តពលកម្ម ត្រូវប្រកួតនាវេលាម៉ោង ១៩:៤៥ ត្រូវនឹងម៉ោង ៥និង៤៥នាទីល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២១ ដែលកីឡាករ​ជម្រើស​ជាតិ​កម្ពុជា ប៉ែន សុគង់ បានហ្វឹកហាត់ត្រៀមប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ នៅ​ព​ហុ​កី​ឡ​ដ្ឋាន Olympic Stadium។

W_5_7

សម្រាប់បេសកកម្មរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ គឺបញ្ជូនកីឡាករ កីឡាការិនី​របស់ខ្លួនចំនួន០៣នាក់ លើពីរប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹក ដែល២ប្រភេទកីឡានេះ គឺជា​សិទ្ធិ​អនុគ្រោះ របស់អូឡាំពិកអន្តរជាតិ ដែលសរុបទាំងអស់ចំនួន៨រូប រួមទាំងនាយបេសកកម្ម នាយរងបេស​កកម្ម គ្រូពេទ្យ គ្រូបង្វឹក។

W_5_6

ការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនៃការប្រកួត​ប្រជែង​កម្រិត​បច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះត្រូវបានឯកឧត្តមនាយបេសកកម្មចាត់ទុកថា គឺជាបេសកកម្មដ៏ធំធេង សម្រាប់ការចូលរួមគាំទ្រដល់សន្តិភាពរបស់ពិភពលោក ចូលរួមគាំទ្រដល់ម្ចាស់ផ្ទះ ជប៉ុន ក៏ដូចជាចូលរួមកសាងមិត្តភាព សាមគ្គីភាពរបស់ពិភពលោក ក៏ដូចជាចូលរួម ដើម្បីបំពេញ​កាតព្វ​កិច្ច ក្នុងឋានៈសាមាជិកអូឡាំពិកអន្តរជាតិ (IOC) ពីព្រោះទស្សនៈវិជ្ជារបស់អូឡាំពិកអន្តរជាតិ​ផ្តោត​សំខាន់​លើការចូលរួមកីឡាអូឡាំពិក គឺជាការចូលរួមដ៏សំខាន់បំផុត៕

W_5_8

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN