ពណ៌នៃឈាមរដូវអាចបង្ហាញពីបញ្ហាសុខភាព ដែលមនុស្សស្រីគ្រប់រូបមិនគួរមើលរំលង

ការយល់ដឹងថាតើឈាមរដូវរបស់អ្នកមើលទៅពណ៌អ្វីអាចជួយអ្នកពីស្ថានភាពគ្រោះថ្នាក់ខ្លាំង។ ឧទាហរណ៍ពណ៌ផ្កាឈូកភ្លឺនៃឈាមរដូវរបស់អ្នកអាចបង្ហាញពីកំរិតអរម៉ូនអ៊ឹស្ត្រូសែនតិចតួចហើយអាចជាសញ្ញានៃការធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹងទៅថ្ងៃអនាគតក្នុងជីវិតរបស់អ្នក។

យោងតាមអត្ថបទសុខភាពបរទេសមួយពីគេហទំព័រ Brightside បានលើកយកប្រធានបទនេះដើម្បីជាជំនួយសម្រាប់ចែកជូនប្រិយមិត្តយល់ដឹងអំពីពណ៌នីមួយៗនៃឈាមរដូវដែលអាចបង្ហាញប្រាប់អ្នកឲ្យដឹងអំពីសុខភាពរបស់ខ្លួនអ្នក។

៧. ពណ៌ផ្កាឈូក 

ឈាមរដូវដែលមានពណ៌ផ្កាឈូកអាចជាសញ្ញាបញ្ចាក់ឲ្យដឹងពីអ័រម៉ូនអឺស្ត្រូសែនមានកម្រិតទាបនៅក្នុងរាងកាយរបស់ស្ត្រី។ ការលេងកីឡា ពិសេសកីឡារត់ អាចជាមូលហេតុចម្បងដែលបណ្ដាលឲ្យកម្រិតនៃអ័រម៉ូនអឺស្ត្រូសែនធ្លាក់ចុះទាប ហើយធ្វើឲ្យឈាមរដូវប្រែជាមានពណ៌ថ្លាជាងធម្មតា។

ការធ្លាក់ចុះទាបនៃកម្រិតអ័រម៉ូននេះជាអ្វីដែលស្ត្រីគ្រប់រូបគួរតែអើពើយកចិត្តទុកដាក់ ក៏ព្រោះមានការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញអំពីទំនាក់ទំនងមួយរវាងអ័រម៉ូនអឺស្ត្រូសែន និងជម្ងឺពុកឆ្អឹងទៅថ្ងៃអនាគត។

៦. ពណ៌ដូចទឹក 

សំដៅដល់ឈាមរដូវដែលស្ទើរតែគ្មានពណ៌ ឬមានពណ៌ផ្កាឈូកស្រាលខ្លាំង។ ឈាមរដូវប្រភេទនេះ គឺអាចជាសញ្ញាមួយបង្ហាញឲ្យដឹងពីបញ្ហានៃកង្វះសារធាតុចិញ្ចឹមក្នុងរាងកាយ ឬអាចជាសញ្ញាមួយដែលបញ្ជាក់ឲ្យដឹងពីជម្ងឺមហារីកក្រពេញអូវែ។

ប៉ុន្តែអ្នកមិនចាំបាច់ត្រូវភ័យព្រួយពេកទេ ក៏ព្រោះជំងឺមហារីកបំពង់ស្បូននេះបានកើតមានតិចជាង ២ ភាគរយនៃជម្ងឺមហារីករោគស្ត្រីផ្សេងៗ។ មិនថាយ៉ាងណាក៏ដោយ អ្នកគួរតែទៅជួបពិគ្រោះជាមួយវិជ្ជបណ្ឌិតទើបជាប្រសើរ។

៥. ពណ៌ត្នោតចាស់ 

ពណ៌ត្នោតចាស់ ឬពណ៌ក្រហមដិតនៃឈាមរដូវ គឺបណ្ដាលមកពីមានឈាមមួយចំនួនត្រូវបានស្ថិតជាប់នៅក្នុងស្បូនយូរពេក។ គ្មាននរណាម្នាក់ដឹងថាហេតុអ្វីបានជាបញ្ហានេះកើតឡើងឡើយ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជារឿងធម្មតាមួយប៉ុណ្ណោះ។

៤. ឈាមរដូវមានសភាពពណ៌ក្រហមដិតក្រាស់ 

បញ្ហានេះកើតឡើងដោយសារតែអតុល្យភាពនៃអ័រម៉ូនទាំង ២ របស់ស្ត្រី គឺអ័រម៉ូនប្រូហ្គេស្តេរូន (progesterone) មានកម្រិតទាប ហើយអ័រម៉ូនអឺស្ត្រូសែនមានកម្រិតខ្ពស់។

ដុំសាច់ដែលមានជាលិកាជាសរសៃហ្វ៊ីបជាធម្មតានៅក្នុងស្បូន (ពុំមែនមហារីកស្បូនទេ) ក៏អាចជាមូលហេតុមួយដែលបង្កឲ្យមានបញ្ហាបែបនេះកើតឡើងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពនេះ គឺមិនត្រូវបានគេចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរគួរឲ្យបារម្ភឡើយ។

៣. ពណ៌ប្រផេះលាយក្រហមស្រគាំ 

ឈាមរដូវដែលមានពណ៌ប្រផេះ ឬប្រផេះលាយក្រហមស្រគាំ អាចមានអត្ថន័យ ២ ផ្សេងពីគ្នា។

-អត្ថន័យទី ១ គឺប្រសិនបើអ្នកគ្មានផ្ទៃពោះទេនោះ វាអាចជាសញ្ញាមួយនៃការឆ្លងមេរោគ STD ឬ STI ដែលជាប្រភេទរោគឆ្លងតាមរយៈការរួមភេទ។

-អត្ថន័យទី ២ គឺប្រសិនបើអ្នកបានរាំងរដូវយ៉ាងហោចណាស់ម្ដងនៃការមករដូវរាល់ខែ នោះវាអាចជាសញ្ញានៃការរលូតកូនតំណាក់កាលដំបូង។

២. ពណ៌ក្រហមស្រស់ 

ឈាមរដូវដែលមានពណ៌ក្រហមស្រស់ គឺបញ្ជាក់ថាមានសុខភាពល្អធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកគួរទៅជួបពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានទៀងទាត់ទើបជាការប្រសើរ។

១. ពណ៌ទឹកក្រូច 

ប្រសិនបើឈាមរដូវរបស់អ្នកមានពណ៌ទឹកក្រូច អមមកជាមួយនឹងក្លិនមិនល្អ ហើយផ្ដល់ការឈឺចាប់នោះមានន័យថា អ្នកកំពុងឆ្លងមេរោគ STD ឬ STI (ប្រភេទនៃរោគឆ្លងតាមទ្វារមាស) ដូច្នេះអ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។

ដោយ៖ វីរៈ

ប្រភព ៖ Brightside

Optimized by Optimole