មូលហេតុទាំង៤ដែលមនុស្សម្នាក់រកប្រាក់មិនសល់

គេនិយាយថា "កាន់តែប្រឹងកាន់តែមាន" នេះអាចគ្រាន់តែជាពាក្យលើកទឹកចិត្តប៉ុណ្ណោះ  ប៉ុន្តែក៏មានអ្នកនិយាយថាកាន់តែប្រឹងកាន់តែក្រទៅវិញ។ ចំពោះ "អ្នកមានប្រាក់"គេមិនដែលនៅសុខៗស្រាប់តែក្លាយទៅជាអ្នកមាននោះទេ ប្រាកដជាមានមូលហេតុនៅក្នុងនោះជាមិនខាន  រីឯ"មនុស្សក្រីក្រ" ក៏ប្រាកដជាមានមូលហេតុនៅក្នុងនោះដែរ។បើអ្នកគ្រាន់តែជាមនុស្សធម្មតា មិនសូវជាមានប្រាក់ទេ សូមមើលមូលហេតុទាំងប៉ុន្មានខាងក្រោមនេះ អ្នកប្រហែលជាអាចមាននៅក្នុងចំណុចណាមួយជាមិនខាន។។

3

១.ចាយប្រាក់មិនដែលកត់បញ្ជី មិនយកចិត្តទុកដាក់លើចំណូលចំណាយ

មាសប្រាក់គឺបានមកពីការសន្សំបន្តិចម្តងៗ  មិនមែនបានន័យថារាល់ខែត្រូវតែសន្សំប្រាក់ឲ្យបានច្រើននោះទេ យ៉ោងហោចណាស់ត្រូវដឹងពីចំណាយចំណូលរបស់ខ្លួនក្នុងមួយខែបានប៉ុន្មានដែរ ហើយប្រាក់ទាំងនោះត្រូវចំណាយលើកន្លែងណាខ្លះ។

តើអ្នកតាំងពីដើមមកមិនចូលចិត្តកត់បញ្ជីចំណាយទេមែនទេ?  ឲ្យតែបើកប្រាក់ខែរួចដឹងតែចំណាយប្រាក់ដោយគ្មានគម្រោងគិតទុកមែនទេ? ដល់ពេលចាយអស់ហើយទើបចាប់អារម្មណ៍ថាប្រាក់ចាយមិនគ្រប់សោះមែនទេ?

តាមពិតទៅនេះគឺជាទម្លាប់មិនល្អឡើយ យើងអាចទិញសៀវភៅកំណត់ហេតុសំរាប់កត់ត្រាបញ្ជី កត់រាល់ចំណាយទាំងអស់  នៅពេលនោះអ្នកនឹងដឹងថាអ្នកបានចាយប្រាក់យ៉ាងច្រើន ក៏អាចមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ខ្លួនអ្នកដែរ។ ឆាកជីវិតដែលមានគម្រោងច្បាស់លាស់ទើបអាចរស់នៅដោយមានរបៀបរបប  ចុះទម្រាំតែលុយកាក់ដែលយើងខំរកមកទាំងលំបាកទៀតនោះម្តេចមិនត្រូវមានគម្រោងច្បាស់លាស់ទៀតនោះ។ ពេលដែលយើងមានគំនិតចេះគិតគូរដល់ចំណូលចំណាយ  ទើបអាចមានគំនិតសន្សំប្រាក់ និងអនុវត្តន៍ដោយមានប្រសិទ្ធភាព។ បែបនេះពេលដែលអ្នកទៅដល់វ័យចំណាស់ អ្នកនឹងចាប់អារម្មណ៍ថាការរស់នៅរបស់អ្នកមានភាពនឹងនរ។

1

២.មិនសន្សំប្រាក់ មានទម្លាប់ពឹងលើកាតឥណ្ណទាន

ភាគច្រើនពេលដែលមនុស្សម្នាក់មានការងារធ្វើនឹងនរហើយ គឺត្រូវតែមានគំនិតក្នុងការសន្សំប្រាក់ បើអ្នកគ្មានគំនិតសន្សំប្រាក់ទេ  ប្រហែលជាមានពេលជាច្រើនអ្នកតែងតែជួបរឿងដែលនឹកស្មានមិនដល់ជាមិនខាន។ ការមិនសន្សំប្រាក់គឺជាកំហុសដ៏ធំបំផុតដែលយុវវ័យភាគច្រើនបានធ្វើវាទាំងមិនដឹងខ្លួន។ បច្ចុប្បន្នមនុស្សភាគច្រើនសុទ្ធតែមានកាតឥណ្ណទាន  មានអ្នកខ្លះមិនមែនមានតែ១ឬ២កាតនោះទេ មានអ្នកខ្លះទៀតពឹងលើកាតឥណ្ណទាននេះដើម្បីរស់នៅ ហើយនេះមិនមែនជាទម្លាប់មិនល្អឡើយ  ដ្បិតតែប្រទេសជឿនលឿនមានការជម្រុញក្នុងការចាយប្រាក់មែន ប៉ុន្តែការចំណាយក៏ត្រូវមានកំរិតដែរ។ ពេលអ្នកចំណាយហួសកំរិតហើយ ប្រាក់ខែរាល់ខែដែលអ្នកទទួលបានសុទ្ធតែយកមកសងឲ្យកាតឥណ្ណទាននេះវិញ ចុះបើចេះតែបែបនេះពេលណាទើបអាចមានបានដូចគេទៅ។ សូមព្យាយាមកុំសូវប្រើកាតឥណ្ណទានពេក ​តាមពិតទៅកាតនេះគឺកាតសម្រាប់យកមកបំរុងទុកប្រើពេលអាសន្នតែប៉ុណ្ណោះ ហើយក៏មិនមែនជារបស់ចាំបាច់នៅក្នុងការរស់នៅរបស់អ្នកដែរ។ នេះក៏ជាមូលហេតុដ៏ធំដែលធ្វើឲ្យអ្នកក្រីក្របានដែរ ផ្តាច់ទម្លាប់នេះចោលទៅ  បើអាចផ្តាច់បានមែនប្រហែលជាមិនយូរទេអ្នកអាចមានបានដូចគេហើយ។

4

៣.ចាយលុយទាំងគម្រោល  ទិញរបស់ដែលមិនត្រូវចាំបាច់

បច្ចុប្បន្នចង់ទិញរបស់ងាយស្រួលខ្លាំងណាស់  ឥវ៉ាន់អនឡាយគ្រប់កន្លែង ក្នុងស្រុកក៏មាន ក្រៅស្រុកក៏មាន ប៉ុន្តែរបស់ដែលអ្នកទិញនោះសុទ្ធតែជាតម្រូវការបស់អ្នកពិតមែនទេ? តាមមើលទៅរបស់ដែលអ្នកទិញភាគច្រើនសុទ្ធតែមិនចាំបាច់ហើយថែមទាំងត្រូវចំណាយប្រាក់ដ៏ច្រើនទៀត ជួនខ្លះអ្នកទិញរបស់អនឡាយហើយពេលដឹកមកដល់ផ្ទះសូម្បីតែបើកមើលក៏មិនបានបើកផង ​។ ភាគច្រើនគឺមនុស្សស្រី រាល់ដងពេលត្រលប់មកពីដើរផ្សារវិញចាប់អារម្មណ៍ឃើញថារបស់ដែលខ្លួនទិញមកសុទ្ធតែមិនចាំបាច់ ពេលទិញមកគ្រាន់តែយល់ថាស្អាត  ឬក៏យល់ថាថោក ចេះតែកុហកខ្លួនឯងថាទុកប្រើថ្ងៃក្រោយចុះ តាមពិតទៅជារបស់ដែលមិនចាំបាច់សោះ។ នេះគឺជាទម្លាប់មិនល្អរបស់មនុស្សស្រីជាច្រើន តាមមើលទៅក៏ជាបញ្ហាដែលធ្វើឲ្យមនុស្សស្រីភាគច្រើនទុកលុយមិនសល់ដែរ។

2

៤.ចំណូលមានតែមួយផ្លូវ  គ្មានចំណូលផ្សេងទៀត

ការបន្ថែមចំណូល និងសន្សំសំចៃគឺជាអាថ៌កំបាំងនៃភាពមានបាន ក្រៅពីការងារជាប្រចាំរបស់ខ្លួនហើយ យល់ល្អគួរតែរកចំណូលបន្ថែមទៀតតាមរយៈការងារក្រៅម៉ោងមួយចំនួនដើម្បីជាជួយបង្កើនចំណូល។ព្រោះរំពឹងតែប្រាក់ខែតែមួយមុខគឺមិនអាចទប់ទល់និងចំណាយបានគ្រប់គ្រាន់នោះឡើយ ចង់ឲ្យថ្ងៃអនាគតមានជីវិតរស់ស្រួល គួរតែមានចំណូលផ្សេងទៀត។ អ្នកទាំងអស់គ្នាភាគច្រើនសុទ្ធតែពឹងលើប្រាក់ខែដើម្បីចិញ្ចឹមជីវិតមែនទេ តាមពិតទៅអ្នកអាចរកការងារក្រៅម៉ោងធ្វើតាមលទ្ធភាពរបស់អ្នក អ្នកយល់ថាមនុស្សនៅជុំវិញខ្លួនអ្នកសុទ្ធតែពឹងលើប្រាក់ខែតែមួយមុខអាចមានលុយទិញផ្ទះ ទិញឡានលឿនបែបនេះមែនទេ គឺអ្នកមិនបានដឹងពីការខំប្រឹងប្រែងរបស់គេនោះទេ។

សម័យបច្ចុប្បន្ននេះឲ្យតែអ្នកជាមនុស្សឧស្សាហ៍ ឬក៏ជាមនុស្សដែលមានគម្រោងច្បាស់លាស់ចំពោះជីវិត ចេះគិតគូរបញ្ហាហិរញ្ញវត្ថុម៉ត់ចត់ ថ្ងៃអនាគតប្រាកដជារស់នៅប្រកបដោយភាពធូធារជាមិនខាន។

អត្ថបទ ៖​ Mythical Bird / knongsrok