ចាបព្រៃវែង(Yellow-breasted Bunting Enberiza aueola)ជាប្រភេទជិតផុតពូជបំផុតលើលោកបម្លាស់ទី​មក​កាន់​ប្រទេស​កម្ពុជា

ចាបព្រៃវែង ដែល​មាន​ឈ្មោះ​បច្ចេកទេសជាភាសាអង់គ្លេសថា (Yellow-breasted Bunting Enberiza aueola)គឺជាប្រភេទជិតផុតពូជបំផុតលើលោក ដែលកំណត់ក្នុង​បញ្ជីក្រហម ក្នុងឆ្នាំ២០១៧ ។

បើតាមការផ្សាយព័ត៌មានផ្លូវការរបស់ អង្គការជីវិតសត្វស្លាបអន្តរជាតិ Birdlife នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ថាបក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និង ទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែ បំលាស់ទីមកកាន់តំបន់​អាស៊ី ប្រទេស​ឥណ្ឌា និង ប្រទេសចិន ភាគខាងត្បូងនៅរដូវត្រជាក់ និង ហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ ។ នៅកម្ពុជាសត្វចាបព្រៃ​វែង ត្រូវ​បាន​ប្រទេះឃើញជាក្រុមក្នុងរដូវវស្សានៅតាមទីជម្រកដែល​ជា​ដី​ចម្ការ វាលស្រែ និងវាលស្មៅ។ ពួកវាក៏អាចតាំងលំនៅ​បណ្តោះ​អាសន្នក្នុងវាលស្រែទាំងនោះផងដែរ។

គេអាចកំណត់សត្វចាបញី ឈ្មោលបាន​ដោយ​សារសត្វចាបឈ្មោលមានបំពង់ក និង ផ្នែកពោះពណ៌លឿងទុំ និង មានវ័ណ្ឌទ្រូងពណ៌ត្នោតមានឆ្នូតស្លាបស ដោយឡែក​សត្វចាបញីគ្មានវ័ណ្ឌទ្រូងត្នោត ផ្នែកពោះពណ៌លឿងខ្ចី និង ផ្នែក​ខ្នង​ពណ៌ត្នោតខ្ចី។

ពួកវាមានវត្តមាន​នៅកន្លែងមួយចំនួនដូចជា ផ្នែកខាងត្បូង​​ខេត្តក្រចេះខេត្តពោធិ៍សាត់​ និង ខេត្តកំពង់ធំ ។ តាមរបាយណ៍​របស់​ពួកវាមានការថយចុះ យ៉ាងគំហុកដោយសារ​តែការដាក់អន្ទាក់ មង សារធាតុពុល និង មធ្យោបាយផ្សេងទៀត សម្រាប់ធ្វើជាអាហារ និង លក់នៅលើទីផ្សារជាដើម។

អង្គការជីវិតសត្វស្លាបអន្តរជាតិ Birdlife បានជូនដំណឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅសណ្ឋាគារភ្នំពេញអ៊ីរ៉ា ក្រុមអ្នកអភិរក្សមកពី ហុងកុង ជប៉ុន និង កម្ពុជានឹងជួបជុំដើម្បីរៀបចំសិក្ខាសាលាស្តីពីការអភិរក្សសត្វចាបព្រៃវែងនៅកម្ពុជាដែលសត្វនេះជិតផុតពូជលើពិភពលោក ៕

(ប្រភពៈBirdlife)