ពីបុរាណកាលមក អ្នកប្រាជ្ញជាច្រើនរូបដែលលើកអំណះអំណាងទៅតាមហេតុផល វិទ្យាសាស្ត្រកី្ត ហេតុផលសាសនាក្តី ហេតុផលជំនឿរៀងៗខ្លួន ពាក់ព័ន្ធនឹងរាងរបស់ភពផែនដី ដោយមួយចំនួនថារាងមូល មួយចំនួនថារាងស្វែល...ជាដើម។ តែហេតុផលទាំងនោះត្រូវបានបញ្ចប់តាមរយៈការផ្ទិតយក និងមើលឃើញជាក់ស្តែងដោយផ្ទាល់ភ្នែកមនុស្សម្នាក់ ដែលត្រូវគេចាត់ទុកជាវីរៈបុរសក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានហោះមើលជុំវិញពីលើអាកាស ផ្ទិតយករូបភាពផែនដីទាំងមូលមុនគេបង្អស់ពោលគឺលោក យូរី ហ្គាហ្គារីន (Yuri Gagarin) ។
តើ យូរី ហ្គាហ្គារីន ជានរណា?
យូរី ហ្គាហ្គារីន គឺជាជនជាតិរុស្សី ដែលបានកើតនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៣៤ ស្ថិតនៅតំបន់មួយភាគខាងលិចទីក្រុងម៉ូស្គូ។ ដ្បិតកើតក្នុងវណ្ណៈកម្មករក្តី តែក្នុងវ័យកុមារភាព ហ្គាហ្គារីន គឺជាកុមារម្នាក់ដែលចូលចិត្តលើការសិក្សារៀនសូត្រ និងជាពិសេសរូបគេគឺជាសិស្សពូកែផ្នែកគណិតវិទ្យាផងដែរ។ នៅឆ្នាំ១៩៥០ ហ្គាហ្គារីន បន្តការសិក្សានៅក្នុងវិស័យឧស្សាហកម្មរបស់សូវៀត ប៉ុន្តែខុសពីបណ្តាសិស្សដទៃទៀត រូបគេបែរ ជាមានចំណូលចិត្តលើផ្នែកវិទ្យាសាស្ត្រ ដូច្នេះហើយក៏បានឆ្លៀតក្នុងការសិក្សាបន្ថែមអំពីទ្រឹស្តីនៃការបើកយន្តហោះ ពីអាកាសយានដ្ឋានដែលនៅក្បែរទីតាំងរៀនរបស់ខ្លួន។
ក្រោយបញ្ចប់ការសិក្សាលើជំនាញឯកទេសរបស់ខ្លួន យូរី ហ្គាហ្គារីន ក៏បានយកចិត្តទុកដាក់កាន់តែខ្លាំងពាក់ព័ន្ធវិស័យអាកាសចរ រហូតដល់ទទួលបានឳកាសចូលសិក្សានៅសាលាហ្វឹកហ្វឺនបើកយន្តហោះចម្បាំងសូវៀត រយៈពេល២ឆ្នាំ ហើយរូបគាត់បានបញ្ចប់ទៅដោយលទ្ធផលទទួលចំណាត់ថ្នាក់លេខ១ប្រចាំជំនាន់របស់គាត់ទៀតផង ហើយក៏ត្រូវជ្រើសរើសចូលជាកងទ័ពអាកាសរបស់សូវៀតចាប់ពីពេលនោះមក។
ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៥៩ គាត់ត្រូវបញ្ចូនទៅកាន់តំបន់សមុទ្រទឹកកកអាកទិច ក្នុងការបំពេញភារកិច្ចសំងាត់នៅទីនោះ។ ត្រឡប់មកវិញ យូរី ហ្គាហ្គារីន ក៏ត្រូវបានជួបភារកិច្ចសំងាត់បំផុតមួយទៀត រហូតដល់ថ្នាក់សូម្បីតែប្រពន្ធ និងគ្រួសាររបស់ខ្លួនក៏ត្រូវរដ្ឋអំណាច ក៏ពុំអនុញ្ញាតិឲ្យដឹងផងដែរ នោះគឺការជ្រើសរើសចូល ក្នុងបេសកម្មបើកបរយានអវកាស។ ការរឹតត្បឹតដ៏តឹងរុឹងនេះ ក៏ព្រោះតែវិស័យយានអវកាសនាគ្រានោះ ជាអំឡុងពេលស្ថិតនៅក្នុងសម័យសង្គ្រាមត្រជាក់ ខណៈសហភាពសូវៀត និងសហរដ្ឋអាមេរិក កំពុងបញ្ឆេះកម្តៅដុតគ្នាទៅវិញទៅមកស្រាប់។
ទីបំផុតថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ ជាថ្ងៃប្រវត្តិសាស្ត្រកត់ទុកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលលោក យូរី ហ្គាហ្គារីន បានក្លាយជាមនុស្សដំបូងគេបានធ្វើដំណើរមួយជុំព័ទ្ធជុំវិញផែនដី នៅពីលើអាកាស ពោលគឺស្ថិតនៅតំបន់គ្មានទំនាញផែនដី។ ព្រឹកព្រលឹមថ្ងៃនោះ វេលាម៉ោង៩ យានអវកាសឈ្មោះ Vostok I បានត្រូវរុញច្រានឡើងទៅលើផុតចេញពីផ្ទៃផែនដី និងកម្លាំងទំនាញផែនដី។
Vostok I បានធ្វើដំណើរសរុបរយៈពេល១០៨នាទីលើអាកាស ដោយបានហោះព័ទ្ធជុំវិញផែនដីមួយជុំ ក្នុងល្បឿន ២៧៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះមានន័យថា យូរី ហ្គាហ្គារីន គឺជាមនុស្សទី១ ដែលបានមើលឃើញផែនដីរាងមូល និងភាគច្រើនពោរពេញទៅដោយផ្ទៃទឹក។ គ្រប់វេលាកំណត់ យានអវកាសមួយនេះ ក៏បានធ្លាក់មកដល់ផែនដីវិញតាមការគ្រោងសម្រេចជោគជ័យជាប្រវត្តិសាស្ត្រ។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៦៨ យូរី ហ្គាហ្គារីន បានទទួលអនិច្ចកម្ម ដោយសារតែការធ្លាក់យន្តហោះរបស់លោក ដែលកំពុងហោះក្នុងដំណើរហ្វឹកហាត់ប្រចាំថ្ងៃនៅក្បែរទីក្រុងម៉ូស្គូ។
យ៉ាងណាក្តី! យូរី ហ្គាហ្គារីន ត្រូវបានមនុស្សជាតិក្នុងសកលលោកផ្តល់កិត្តិយស និងត្រូវបានចងចាំទុកជានិច្ច ពោលគឺមនុស្សដំបូងគេដែលបានហោះហើរលើយាននៅក្នុងទីអវកាស និងជាអ្នកបានមើលដោយភ្នែកទាំងគូរមកលើភពផែនដី។ ទាំងនេះបានបង្ហាញពីសេចក្តីក្លាហាន និងការបោះជំហាននៃផ្នែកវិទ្យាសាស្ត្រក្នុងទីអវកាសមិនត្រឹមតែចំពោះសូវៀតនោះទេ ពោលគឺសម្រាប់មនុស្សទូទាំងសកលលោកមកទល់បច្ចុប្បន្នភាព៕
ក្នុងស្រុករក្សាសិទ្ធ