ទង់ជាតិនៃប្រទេសនីមួយៗ គឺជាវត្ថុតំណាងឲ្យជាតិ និងបានបង្កប់នូវអត្ថន័យក្តោបរួបខ្លឹមសារជាច្រើន ហើយក៏មានលក្ខណៈសម្គាល់នៅលើទង់នោះផងដែរ ដែលបង្ហាញពីអត្តសញ្ញាណផ្សេងៗ របស់ប្រទេសនោះ។
ការបង្កើតទង់ជាតិ ឬរចនាទង់ជាតិមួយ និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញគឺសុទ្ធតែមានការពិនិត្យបានត្រឹមត្រូវច្បាស់លាស់មកហើយ មិនថាចំពោះប្រទេសណានោះឡើយ។ យោងទៅតាមអង្គការសហប្រជាជាតិ ប្រទេសជាសមាជិកក្នុងពិភពលោកបច្ចុប្បន្នគឺមានតែ៣ប្រទេសប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញារូបអាវុធលើទង់ជាតិរបស់ខ្លួន ដែលក្នុងនោះរួមមាន សាធារណរដ្ឋហៃទី ហ្កាតេម៉ាឡា និងមូហ្សាំប៊ិក។
លើកឡើងអំពីប្រទេសមូហ្សាំបិក គឺជាប្រទេសមួយស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក ដែលទើបទទួលបានឯករាជ្យពីអាណានិគមព័រទុយហ្គាល់ នាឆ្នាំ១៩៧៥ ប៉ុណ្ណោះ។ នៅលើសន្លឹកទង់ជាតិនៃប្រទេសមួយនេះ AK-47 គឺមាននិមិត្តសញ្ញានៃរូបកាំភ្លើង ដែលជាអាវុធល្បីល្បាញក្រោយសម័យសង្គ្រាមលោកលើកទី២ ឬជាអាវុធដែលមានប្រជាប្រិយបំផុតនាសម័យសង្គ្រាមត្រជាក់ពិសេសក្នុងសង្គ្រាមវៀតណាម។
សម្រាប់អត្ថន័យពេញនៃទង់ជាតិរបស់មូហ្សាំប៊ិក ពណ៌បៃតង គឺតំណាងឲ្យទឹកដីព្រៃឈើដ៏សម្បូរទៅដោយធនធានធម្មជាតិ។ ពណ៌សតំណាងឲ្យ សន្តិភាព។ ពណ៌ខ្មៅ គឺជាតំណាងឲ្យប្រទេសនេះស្ថិតនៅក្នុងតំបន់អាហ្វ្រិក ដែលសម្បូរទៅដោយមនុស្សជានជាតិស្បែកខ្មៅ។ ពណ៌លឿងតំណាងឲ្យ រ៉ែធម្មជាតិដ៏សម្បូរជាច្រើនទាំងក្នុងដី និងលើដី និងពណ៌ក្រហមតំណាងឲ្យការបូជា របស់បុព្វបុរសដើម្បីទាមទារនូវឯករាជ្យភាព។ ចុះរូបកាំភ្លើង AK- 47 ហ្នឹងតំណាងឲ្យអ្វីដែរ? ហេតុអ្វីយកអាវុធទៅធ្វើចាអំណាងក្នុងទង់ជាតិទៅវិញ?អ្វីៗតែងតែមានហេតុផលរបស់វាដែលមានអត្ថន័យដូចខាងក្រោម៖
ក្រៅពីពណ៌ទាំងនេះ នៅលើទង់ជាតិប្រទេសនេះក៏មាននិមិត្តសញ្ញា៤ផងដែរ រួមមាន កាំភ្លើង AK-47 តំណាងឲ្យភាពរ៉ឹងមាំ ដែលអាចមានលទ្ធភាពក្នុងការការពារខ្លួនបាន។ ចបជីក តំណាងឲ្យប្រទេសនេះថាពឹងផ្អែកលើវិស័យកសិកម្មជាគោល។ សៀវភៅ តំណាងឲ្យការអភិវឌ្ឍ និងការអប់រំ និងចុងក្រោយបង្អស់គឺរូបផ្កាយលឿងលើពណ៌ក្រហម គឺតំណាងឲ្យលទ្ធិម៉ាក្សនិយម (លទ្ធិកុម្មុយនីស៍ កាល ម៉ាក្ស)។
ជារួមទៅ! ក្រោយទទួលបានឯករាជ្យ មូហ្សាំប៊ិក គឺត្រូវបានគ្រប់គ្រងដោយគណបក្ស រណសិរ្សរំដោះជាតិ ឬហៅកាត់ FRELIMO ហើយគំនិតនៃការបង្កើតឡើងនូវរូបរាងទង់ជាតិមួយនេះឡើងក៏កើតចេញពីគោលនយោបាយ និងស្ថានភាពនៃប្រទេសខ្លួនដូចដែលបានរៀបរាប់ពីខាងលើនេះឯង ពោលគឺជាពិសេសក្នុងការរំដោះខ្លួនចេញពីនឹមអាណានិគមព័រទុយហ្គាល់៕