សង្កេតទៅក្នុងផែនទីតំបន់អាស៊ីខាងត្បូង ច្បាស់ណាស់យើប្រាកដជាក្រឡេកឃើញមហាយក្សឥណ្ឌា ប៉ុន្តែទន្ទឹមនឹងនោះក៏សង្កេតឃើញប្រទេសពីរដែលជាអតីតទឹកដីរបស់ឥណ្ឌាផងដែរនោះ បច្ចុប្បន្នក្លាយជារដ្ឋដាច់ដោយឡែក និងមានព្រំប្រទល់សងខាងជាប់ឥណ្ឌាស្រាប់នោះគឺ ប៉ាគីស្ថាន និងបង់ក្លាដែស។ ចំពោះប្រទេសទាំងទ្វេខាងលើនេះ សុទ្ធតែបានកើតឡើងក្រោយសម័យកាលនៃការដកអាណានិគមរបស់អង់គ្លេស ចេញពីឥណ្ឌា។
ផ្នែកទី០១ ប្រទេសប៉ាគីស្ថាន
នៅមុនពេលទទួលឯករាជ្យភាពពីអាណានិគមអង់គ្លេស ប៉ាគីស្ថាន គឺគ្រាន់តែជាផ្នែកមួយនៃប្រទេសឥណ្ឌាតែប៉ុណ្ណោះ។ ដោយសារតែភាពមិនចុះសម្រុងនឹងគ្នារវាងអ្នកកាន់សាសនាអ៊ីស្លាម និងសាសនាហិណ្ឌូ ដូច្នេះបានជាមុនដកខ្លួនចេញ អង់គ្លេស បានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រមួយនេះដោយបានធ្វើការបំបែករដ្ឋសហភាពឥណ្ឌា និងប៉ាគីស្ថាន ជាពីរផ្សេងគ្នា។
រដ្ឋធម្មនុញ្ញដំបូងឆ្នាំ១៩៥៥ សភាជាតិប៉ាគីស្ថាន បានបង្កើតឡើងនិងកំណត់ប្រទេសខ្លួនគឺជា សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ ស្ថានភាពនយោបាយខុសពីឥណ្ឌា ដោយប៉ាគីស្ថាន បានអនុវត្តន៍របបប្រធានាធិបតី ជាប្រមុខរដ្ឋ ខណៈនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាល។ រហូតមកដល់ឆ្នាំ១៩៦២ ដោយមានការធ្វើរដ្ឋប្រហារមួយកើតឡើង ប្រទេសមួយនេះក៏បានក្លាយទៅជារបបយោធានិយមវិញ។
ចំពោះវិស័យកសិកម្មវិញ កំឡុងឆ្នាំ១៩៧០ រដ្ឋាភិបាលប៉ាគីស្ថាន បានយករដ្ឋាភិបាលឥណ្ឌាជាគំរូ ដោយបានអនុញ្ញាតិឲ្យធ្វើដីសម្បទានដល់ប្រជាពលរដ្ឋ ដើម្បីយកទៅប្រកបវិស័យមួយនេះ។ វិស័យឧស្សាហកម្ម ក៏មិនខុសពីឥណ្ឌាដែរ ពោលរដ្ឋាភិបាលបានលូកដៃចូលរួម បង្កើតមូលដ្ឋានផលិតកម្មរបស់រដ្ឋផ្សេងៗរួមផង។
ដោយសារតែការធ្វើកំណែទម្រង់ជាច្រើន ព្រមទាំងរដ្ឋាភិបាលដែលក្តោបក្តាប់ដោយរបបយោធាទៀតសោត បានធ្វើឲ្យមានភាពចលាចលសង្គមកើតឡើង រហូតបានបង្ករជាទំនាស់សង្គ្រាមស៊ីវិលច្រើនលើកច្រើនសារ ទីបញ្ចប់ដែនដីភាគខាងកើតប្រទេសឥណ្ឌា ដែលពីមុនត្រូវទទួលស្គាល់ថាជាប៉ាគីស្ថានខាងលិច បានផ្តាច់ខ្លួនជាផ្លូវការដោយបានដាក់ឈ្មោះខ្លួនថាជា បង់ក្លាដែស។
ផ្នែកទី០២ ប្រទេសបង់ក្លាដែស
បង់ក្លាដែស ក្រោយផ្តាច់ខ្លួនចេញពីបា៉គីស្ថាន បានជួបវិបត្តិដ៏ធ្ងន់ធ្ងររបស់ខ្លួននោះគឺភាពអន់ថយលើវិស័យសេដ្ឋកិច្ច ដែលកាលពីមុនតែងតែទទួលបានពីរដ្ឋាភិបាលប៉ាគីស្ថានខាងលិចរហូតមក។ នាបណ្តាឆ្នាំដំបូងៗ នៃការបំបែកខ្លួន រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចចិត្តអនុវត្តន៍ប្រព័ន្ធដឹកនាំរដ្ឋកំណត់លើមូលដ្ឋានសេដ្ឋកិច្ចរបស់រដ្ឋទាំងស្រុង ដើម្បីចូលរួមទប់ស្កាត់នូវភាពអន់ថយរបស់ខ្លួន តែជាលទ្ធផលនៅតែអវិជ្ជមានដដែល។
រហូតមកដល់កំឡុងទសវត្សរិ៍ឆ្នាំ១៩៨០ បង់ក្លាដែស បានរកវិធីសាស្ត្រថ្មីមួយរបស់ខ្លួនឃើញ តាមរយៈការប្តូរមកអនុវត្តន៍ផ្តល់សិទ្ធិ និងការធ្វើភាវរូបនីយកម្មសេដ្ឋកិច្ចរបស់រដ្ឋជាមួយឯកជន ដើម្បីផ្តល់ឳកាសឲ្យឯកជន មានសង្វាក់ក្នុងការចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ចប្រទេសខ្លួនកាន់ប្រសើរឡើងជាងមុន។ ចំពោះស្ថានភាពនយោបាយវិញ បង់ក្លាដែស មានលក្ខណៈដូចទៅនឹងប៉ាគីស្ថានពីមុន ដោយបានអនុវត្តន៍សម្ព័ន្ធពហុបក្ស រដ្ឋាភិបាលចម្រុះ ទៅតាមការបែងចែករបស់រដ្ឋធម្មនុញ្ញ ហើយមានការបោះឆ្នោតថ្នាក់ជាតិយកគំរូតាមបណ្តាប្រទេសជឿនលឿននៅទ្វីបអឺរ៉ុប។
នៅបង់ក្លាដែស បានប្រកាន់នូវគោលការណ៍សាសនាអ៊ីស្លាម តឹងរុឹង និងល្អជានៅប៉ាគីស្ថាន។ សរុបជារួមមកប្រទេសទាំងពីរ បូករួមទាំងឥណ្ឌាថែមទៀត សុទ្ធតែកើតចេញមកពីប្រភពតែមួយ ប៉ុន្តែដោយសារតែទំនៀមទម្លាប់ សាសនា ប្រពៃណី ជាមូលហេតុចម្បងរុញច្រានពួកគេឲ្យឃ្លាតពីគ្នា ទៅតាមលក្ខខណ្ឌអន្តរជាតិទៅវិញ។ បច្ចុប្បន្នភាពប្រទេសទាំងបី ក៏បានបង្កើននូវទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក បើទោះបីជានៅមានបញ្ហាជម្លោះតាមព្រំដែនជារឿយៗក៏ដោយ៕