ប្រវត្តិ ​និងអត្ថន័យនៃការបំបួសនាគ ​ដែលកូនខ្មែរមួយចំនួនបានបំភ្លេចចោល លែងអនុវត្តដូចពីជំនាន់មុន!

សង្គមខ្មែរពីសម័យ​បុរាណ នៅមុន​ពេល​កម្លោះចូល​ស្តីដណ្តឹងកូនក្រមុំ រៀបមង្គល​ការ​ជាភរិយា ​គឺ​​ឳពុក​ម្តាយតែងតម្រូវឲ្យ​កូនប្រុស​ចូលទៅ​បួសរៀន យក​ចំណេះចេះដឹង និងដុសខាត់គំនិតមារយាទ នៅវត្តអារាម ព្រោះសម័យនោះ ខ្មែរយើងមិនទាន់មាន សាលារៀន ឬមហាវិទ្យាល័យ​ ដូចឥលូវនេះទេ។​ ក្រោយពី​ចាកសិក្ខាបទ​មកវិញ អ្នក​ស្រុក​ច្រើនហៅ​កូនកម្លោះនោះ ថា អ្នកបណ្ឌិត។ ចំណេរក្រោយ​មក ពាក្យហៅនោះក៏ក្លាយ​ជា“អន្ទិតៗ” គឺសំដៅទៅរកប្រុសកម្លោះ ដែលបានបួសរៀន មាន​ការចេះ​ដឹង​ទាំ​ង​​ផ្លូវ​លោក​​ និង​ផ្លូវធម៌ ។

ការចូលទៅបួស​រៀន​នោះ ត្រូវ​បានគេ​ហៅថា​ “បំបួសនាគ”​។ នៅបច្ចុប្បន្ន​នេះ ពលរដ្ឋយើងមិនសូវដឹងជ្រៅ ជ្រួតជ្រាប អំពីពិធីនេះទេ ។ ចំពោះអត្ថន័យនៃពាក្យថា “នាគ” នៅទីនេះ ​មិនមែន​សំដៅទៅលើសត្វនាគនោះទេ តែមានន័យថា ល្អប្រសើរ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ។

ដូច្នេះ ការ“បំបួសនាគ” ផ្តោតអត្ថន័យសំខាន់ ទៅលើអ្នក​ដែលមាន​ឋានៈខ្ពង់ខ្ពស់ អ្នកប្រសើរ ដែលបានលះបង់​ នូវអំពើបាប​គ្រប់​យ៉ាង ។ ព្រះពុទ្ធ​ជាម្ចាស់បានប្រទានព្រះនាមនេះ​ដល់នរជនណា ដែលសុខចិត្ត​លះបង់​ចោល នូវ​អំពើ​មិន​ល្អ ហើយ​ងាក​មករក​ការកសាងធម៌វិញ ។

ការបំបួសនាគចែកចេញ​ជាពីរបែបគឺ បំបួសភិក្ខុ និងបំបួសនេន ។ បួសភិក្ខុ គឺសម្រាប់​បុរស​ពេញ​វ័យ​ចាប់ពី ២០ឆ្នាំឡើង រីឯបំបួសនេន​គឺការបំបួសតាំងពីអាយុ៧ឆ្នាំឡើងទៅ។

កាលពីសម័យដើម ប្រទេសខ្មែរយើងក៏ធ្លាប់មាន នារីៗវ័យក្មេង ស្ម័គ្រចិត្តទៅបួស ជាភិក្ខុនីដូចបុរសដែរ ប៉ុន្តែក្រោយ​មក សង្គមបានហាម​ឃាត់វិញ ដោយសារ​គេយល់​ឃើញថា នារីៗមានចិត្ត​ចង់​មាន ចង់បាន​ជាង​បុរសៗ ដែលនាំឲ្យ​ចិត្តមិន​ស្ងប់។ ម៉្យាងវិញទៀត​ នារីអាចមានផលវិបាក ប្រសិនបើជួបប្រទះនូវឧបសគ្គអ្វីមួយ ដូចជាត្រូវប្រឈមមុខ នឹងសត្វសាហាវ នៅពេលដើរក្នុងព្រៃ ម្នាក់ឯងជាដើម ដូច្នេះហើយ​ សង្គមក៏ផ្លាស់ប្តូរ ការបង្រៀនអប់រំនារី​ ដោយពិធីចូលម្លប់វិញ ។

71290390_388559038480521_8505537419481710592_n

#រឿងព្រេងនៃពិធីបំបួសនាគ

ទំនៀមបំបួសនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថា កាលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្ដជេតពន់ នាគរាជមួយមានមហិទ្ធីរិទ្ធិមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុ ក៏កាឡាខ្លួនជាមាណពចូលទៅថ្វាយ បង្គំព្រះមហាតិស្សត្ថេរ ហើយទូលថា “ខ្ញុំព្រះករុណាសូមបួសជាព្រះមហាថេរផង” ។ ព្រះមហាតិស្សត្ថេរ ក៏បំបួស ស្ដេចនាគកាឡានោះជាភិក្ខុទៅ។

ថ្ងៃមួយនៅពេលដែលភិក្ខុស្ដេចនាគនោះសិងពេល ថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោក ក៏ក្លាយជានាគឆ្វាយរង្វេលពេនពេញបន្ទប់។ ស្បង់ចីវរខ្ចាត់ខ្ចាយអស់រលីងអំពីកាយ ។ ពេលនោះសាមណេរមួយ អង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្ដឆាន់ លុះបើកទ្វារទៅស្រាប់តែឃើញពស់ពេនពេញបន្ទប់ ភ័យរន្ធត់ស្ទុះរត់ស្រែក ឆោឡោផ្អើលពេញទាំងវត្ដ ។ លុះជ្រាបទៅដល់ព្រះដ៏មានបុណ្យ ទើបព្រះអង្គទ្រង់ព្រះប្រញប្ដថា “ចាប់ពីថ្ងៃនេះ ទៅ ភិក្ខុឯក្រោយកុំបីបំបួសសត្វតិរច្ឆាននូវខ្មោច បិសាច រាជភូត យក្សាឡើយ”។ អាស្រ័យដំណើរដែលព្រះអង្គ ទ្រង់ប្រញប្ដដូច្នេះ ទើបភិក្ខុនាគក្រាបទូលព្រះដ៏មានបុណ្យថា “ខ្ញុំព្រះអង្គនេះមានចិត្ដស្មោះចំពោះសាសនាព្រះអង្គ ពិតណាស់ ឥតមានក្លែងបន្លំទេ បើខ្ញុំព្រះអង្គមានភេទជា សត្វ មិនអាចបួសក្នុងសំណាក់ព្រះអង្គបាន ដូច្នេះខ្ញុំ ព្រះអង្គសូមពរឱ្យមានព្រះប្រញប្ដថា បើភិក្ខុនឹងបំបួសកុលបុត្រ សូមឱ្យហៅអ្នកសុំផ្នួសនោះថា “នាគ” ដូច្នេះតទៅ ដើម្បីឱ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គ ដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គ តែពុំមាននិស្ស័យនឹងបានបួស ជាភិក្ខុដូចមនុស្សផងទាំងពួង។ ព្រះពុទ្ធអង្គ ទើបបញ្ញត្ដិពាក្យឱ្យហៅបព្វជ្ជាបេក្ខៈនិងឧបសម្បទាបេក្ខៈថា“នាគ” តាមសំណូមពរដែលស្ដេចនាគសុំ ។ អាស្រ័យរឿងនេះឯង ទើបមានឈ្មោះ ហៅថា “នាគ-នាគ”រហូតមក ។

#ប្រវត្តិនៃពិធីបបួសនាគ

នៅពេលដែល​ព្រះពុទ្ធ នៅជាឧបាសក ព្រះជន្ម ២៩ឆ្នាំ ព្រះអង្គបានរៀបអភិសេក ជាមួយព្រះនាងពិម្ពា ។ មានថ្ងៃមួយ ព្រះអង្គអផ្សុកកាយពេក ក៏ត្រាស់ហៅ​ឤអាមាត្យ អោយជូនទៅក្រសាល ​នៅសួនច្បារ​ក្នុងព្រះបរមរាជវាំង ។ ខណៈដែល ព្រះអង្គកំពុងទត​​ផ្កាចំរុះ​ពណ៌គ្នា ក៏ស្រាប់តែប្រទះ ឃើញមនុស្សវ័យចំណាស់ម្នាក់ កោងខ្នងដើរកាន់ឈើច្រត់ កាត់ព្រះភ័ក្ត្រព្រះអង្គ ពេលនោះ​ព្រះអង្គក៏សួរទៅឤ អាមាត្យថា នោះជាអ្វី? ឤអាមាត្យក៏ទូលព្រះអង្គថា “គឺជាមនុស្សចាស់” ។ ពេលនោះ ព្រះអង្គគិតក្នុងព្រះទ័យថា “តាមពិតមនុស្សចាស់ទៅ គឺបែបហ្នឹងទេតើ!” ។

នៅថ្ងៃទី២ ព្រះអង្គក៏បានទត ឃើញមនុស្សចាស់ម្នាក់កាន់បំពង់ឫស្សី ហើយក៏កើតមានចម្ងល់ទៀត។ ព្រះអង្គសួរទៅឤអាមាត្យ អាមាត្យទូលថា “គឺជាមនុស្សឈឺ” ។ ពេលនោះ ព្រះអង្គមានព្រះរាជបន្ទូល ខ្សឹបៗតែម្នាក់ឯងថា “មនុស្សចាស់ហើយ ត្រូវតែឈឺ” ។ នៅថ្ងៃបន្តទៀត ស្រាប់តែមានមនុស្សដង្ហែសព កាត់ព្រះភ័ក្ត្រព្រះអង្គ ព្រះអង្គក៏ឆ្ងល់ទៀតថា ហេតុអ្វីម្នាក់នេះហើមខ្លួនប្រាណ ហើយត្រូវគេសែងទៀត។ អាឤមាត្យក៏ទូលថា “នេះគឺមនុស្សស្លាប់” ។

71262609_388559021813856_8404872091962179584_n

ប៉ុន្មានថ្ងៃ ក្រោយមកទៀត ភិលៀងបានមកទូលព្រះអង្គថា ព្រះនាងពិម្ពាប្រសូត្របានបុត្រា ។ ព្រះអង្គ​សប្បាយ​ ព្រះទ័យយ៉ាងខ្លាំង ប៉ុន្តែមួយសន្ទុះក្រោយមក ព្រះអង្គស្វែង​យល់​ឃើញថា មនុស្សម្នាក់ៗ ​មិនឤអាចគេចផុតពី កើត ចាស់ ឈឺ ស្លាប់ នោះបានឡើយ ។

ស្របពេលជាមួយគ្នានោះ ព្រះអង្គក៏បានប្រទះឃើញអ្នកបួស ដែលលែងគិតពី រឿងស្មុគស្មាញ អ្វីទាំងអស់ ហើយគិតគូររៀនតែធម៌វិន័យ ដែលធ្វើឲ្យឤរម្មណ៍ស្ងប់ ។ ពេលនោះ ព្រះអង្គក៏សម្រេចចិត្ត បោះបង់ចោលរាជបល្ល័ង ទ្រព្យសម្បត្តិ មាសពេជ្រ កែវកង រួមទាំងភរិយា និងបុត្រាផង ដើម្បីទៅបួសជាភិក្ខុ ។ ដោយមូលហេតុនេះ ទើបពិធីបំបួសនាគនេះ បានត្រូវចាប់បដិសន្និឡើង ជាទំនៀមទម្លាប់រៀងរហូតមក។

តើប្រារព្ធពិធីបំបួសនាគយ៉ាងដូចម្តេចខ្លះ?

ថ្ងៃទី១: ឳពុកម្តាយ រួមទាំងសាមីខ្លួន ដែលស្មគ្រ័ចិត្តបួសនោះ ត្រូវធ្វើដំណើរមកកាន់វត្តឤរាម ។ លុះដល់ថ្ងៃត្រង់ វេលាម៉ោង ១រសៀល ទើបចាប់ផ្តើមពិធីកោរសក់ រួចទៅងូតទឹកជម្រះកាយ លាបប្រេងម្សៅតាមការគួរ (សាច់ញាត្តិតុបតែងខ្លួនឱ្យនាគ អាចលាបម្សៅលាបក្រេមបាញ់ទឹកអប់ពាក់គ្រឿងមាសខ្សែរករខ្សែរដៃកងជើងជាដើម បន្ទាប់ពីបួសហើយគឺគេលែងឲប៉ះពាល់របស់អស់នេះទៀតហើយ)​ហើយបំពាក់ចីពរស​ ទៅបុរសនោះ ដែលគេច្រើនហៅថា ជា «នាគ ឬកូននាគ ​​ »។ នៅម៉ោង៦ល្ងាច គេមានពិធីសូត្រមន្ត។

ថ្ងៃទី២: បន្ទាប់ពីស្រស់ស្រូវអាហារពេលព្រឹករួច សាច់ញាតិជិតខាង និងបងប្អូនដែលរស់នៅក្បែរវត្ត នាំគ្នាហែហមដង្ហែកូននាគ ចំនួន ៣ជុំ ព្រះវិហារ វត្ត ដែលជាភស្តុតាង តំណាងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។

បន្ទាប់មក អ្នកបួស ត្រូវចាប់ផ្តើមរៀនធម៌ រំងាប់ឤអារម្មណ៍កិលេស ទាំងឡាយ ដើម្បីលាងបាបកម្ម ដែលបានធ្វើកន្លងមក ។ កាលពីសម័យបុរាណ អ្នកចូលទៅបួសរៀន នៅក្នុងទីវត្តអារាម ត្រូវចំណាយពេលវេលា យ៉ាងតិចគឺមួយព្រះវស្សា(មួយឆ្នាំ) ទើបអាចសឹកមកកសាងជីវិតជាមនុស្សសាមញ្ញវិញ ។

#ពិធីបំបួសនាគលម្អិត

ទំនៀមបួសនាគ ក៏មានលំនាំផ្សេង ៗ ខុសគ្នាបន្តិច ៗ ដូចជាទំនៀមធំ ៗ ដទៃទៀតដែរ មានទំនៀមខ្លះ ដែលគេយល់ឃើញថា មិនត្រឹមត្រូវតាមច្បាប់ព្រះពុទ្ធសាសនា គេក៏កាត់ចោលទៅ ទំនៀមខ្លះដែលកើតឡើងតាមកាលៈទេសៈ ក៏ត្រូវបញ្ចូលមកវិញ ។ ហេតុនេះយើងសូមជម្រាបថា សេចក្ដីអធិប្បាយអំពីពិធីបំបួសនាគ ដែលយើងនឹងអធិប្បាយជូនក្នុងទីនេះ ពុំមែនជារបៀបតួយ៉ាង ដែលគេត្រូវតែធ្វើតាមនោះទេ គឺជារបៀបទំនៀមយ៉ាងសង្ខេបមួយ ដែលគេធ្លាប់បានឃើញធ្វើមកហើយ ។

មុនថ្ងៃបំបួសចំនួន ៤–៥ ថ្ងៃ អ្នកដែលត្រូវចេញទៅបួស ត្រូវកាន់ទៀនធូបទៅជម្រាបលាបងប្អូន និងញាតិមិត្តរបស់ខ្លួន ដើម្បីឲ្យគេបានដឹងផងថា : ខ្លួននឹងចូលទៅបម្រើព្រះពុទ្ធសាសនាហើយ ។

ទំនៀមដែលយើងអធិប្បាយដូចតទៅនេះ ជាទំនៀមដែគេធ្វើនៅគេហដ្ឋានសាមីខ្លួនក៏បាន ឬធ្វើនៅទីអារាមក៏បាន ប៉ុន្តែពិធីខ្លះគេលះបង់អស់ទៅហើយ ។

បើបំបួសសាមណេរ ត្រូវមានរៀបចំត្រៃចីវរ បាត្រ កន្ទេល ខ្នើយ ។ បើបំបួសជាភិក្ខុវិញ ត្រូវមានកាំបិតកោ ថ្មសំលៀង បំពង់ម្ជុលថែមលើបរិក្ខារខាងលើនេះទៀតទើបគ្រប់ ។ ក្រៅអំពីបរិក្ខារទាំងនេះ មានដបទឹកអប់ បាយសីធំមួយ ធ្វើដោយដើមចេកមួយដើម ដែលមានកំពស់ត្រឹមចិញ្ចើមមនុស្សឈរ ។ បាយសីនោះមាន ១៩ ថ្នាក់ ដែលជាតំណាងព្រលឹងមនុស្សទាំង ១៩ ប៉ុន្តែមានអ្នកខ្លះ ធ្វើសង្ខេបត្រឹមតែ ៩ ថ្នាក់ ។ នៅលើកំពូលបាយសីមានកន្ទោងស្លឹកចេកមួយ ដាក់បាយព្រលឹង ១៩ (ឬ ៩) ពំនូត មានសាជីធ្វើដោយស្លឹកចេកគ្របពីលើ ហើយនៅលើកំពូលសាជីមានដោតទៀនរាយមួយផង ។ គេយកស្លឹកចេក ៣ ធាងមករុំព័ទ្ធបាយសីនោះ ១ ជាន់ រួចទើបយកសំពត់ហូលរុំ ១ ជាន់ពីក្រៅទៀត ។

លុះរៀបគ្រឿងបរិក្ខារដូចបានពោលមកនេះ ជាជួរតាមលំដាប់ស្រេចហើយ នាគត្រូវចូលទៅអង្គុយជិតបាយសីធំ ដើម្បីស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ដោយមានឪពុកម្ដាយបងប្អូននឹងក្រុមញាតិមិត្រអង្គុយអមផង ។ បន្ទាប់មកគេរៀបធ្វើពិធី “ហៅព្រលឹងនាគ” គ្រានោះអាចារ្យកាន់អំពៅខ្មៅ ១ ដើមដែលគេទុកឲ្យមានសន្លឹកពីរឬបីនៅចុង ហើយចងឲ្យមានទំនងដូចចំពុះបក្សី ។ អាចារ្យកាន់ដើមបង្វែរចំពុះនោះនៅគ្រប់ទិស បោយហៅព្រលឹងឲ្យនាគ2 បន្ទាប់មកគេរៀប “ធ្វើធ្មេញ” ឲ្យនាគទៀត ។

កាលជំនាន់ដើម នៅពេលបំបួសនាគក្ដី នៅពេលរៀបអាពាហ៍ពិពាហ៍ក្ដី គេនិយមយកម្រ័ក្សបុកលាយជាមួយរុក្ខជាតិខ្លះទៀត ដើម្បីយកទៅលាបធ្មេញសាមីខ្លួនឲ្យមានសម្បុរខ្មៅស្រិលមែន ៗ ។ សព្វថ្ងៃនេះ អាចារ្យគ្រាន់តែរៀប “ធ្វើធ្មេញ” “បំពេញកិច្ចទេ តមកទៀតអាចារ្យរៀបចំបញ្ចុកបាយនាគ” គឺគេយកបាយព្រលឹងទៅដាក់ក្នុងទឹកដូងហើយបញ្ចុកមាត់នាគទៅ រួចហើយទើបគេយកអំបោះជ្រលក់ទឹកមន្ត ចងដៃនាគ ។ បន្ទាប់មកទៀត ពួកក្រុមញាតិសាច់សាលោហិតនាំគ្នាអង្គុយជាវង់ជុំវិញនាគ ហើយរៀបបង្វិលពពិល ដើម្បីចំរើនសិរីសួស្ដីជ័យមង្គលដល់នាគនោះ ។ ជាធម្មតា គេត្រូវបង្វិលពពិល ១៩ ជុំ ហើយបក់ផ្សែងសំដៅទៅរកនាគផង ។ លុះគ្រប់កំណត់ជុំហើយ អាចារ្យពន្លត់ទៀន រួចយកកំញម លាយជាមួយនឹងទឹកអប់បន្តិចយកទៅលាបចិញ្ចើមនិងថ្ងាសនាគ ។

ថ្ងៃបន្ទាប់មក គេរៀបក្បួនហែនាគទៅកាន់វត្តព្រះកែវមក៌ត បើប្រសិនជានាគនោះជាវង្សក្សត្រ ឬជាកូននាម៉ឺនជាន់ខ្ពស់ ការហែរនាគមានសភាពគគ្រឹកគ្រេងណាស់ ស្ទើរតែប្រហាក់ប្រហែលនឹងការរៀបចំហែស្ដេច ១ ព្រះអង្គដែរ ព្រោះកាលដែលព្រះបរមសាស្ដាយើង ទ្រង់ចេញទៅសាងព្រះផ្នួស ព្រះអង្គជារាជបុត្រាក្សត្រគ្រងរាជ្យដែរ ។ គេឃើញមានភ្លេងឆៃយ៉ាំ ១ ក្រុមចេញដើរមុខក្បួនមានមនុស្ស ទ្រពានប្រាក់តំកល់ត្រៃចីវរ ទ្របាត្រនិងគ្រឿងសក្ការៈបូជា ដើរមុខនាគ ។ បន្ទាប់មកទៀត នាគដែលមានសំលៀកបំពាក់ដូចស្ដេចសម័យបុរាណជិះសេះមាន មនុស្សបាំងក្លស់ឲ្យផង ។

នៅមុខវត្ត មានមនុស្សកំប្លែងម្នាក់ធ្វើជាមារាធិរាជ ដែលចាំរារាំងព្រះពោធិសត្វ មិនឲ្យចេញទៅបួស ស្ទុះទៅចាប់មុខសេះដែលនាគជិះ ហើយធ្វើហាក់ដូចជាឃាត់មិនឲ្យនាគចូលទៅបួស ។ ប៉ុន្តែនាគមិនព្រមលោតចុះពីលើខ្នងសេះ ហើយដើរចូលទៅក្នុងទីវត្ត ដោយមានក្រុមញាតិសាលោហិតហែតាមពីក្រោយផង ។ ដល់ហើយក្បួនហែនាគដើរប្រទក្សិណព្រះវិហារ ៣ ជុំ អាចារ្យស្រែកអនុមោទនា ហើយទទួលយកភេទជាបព្វជិត ។ នៅពេលដែលអាចារ្យស្រែកថា ៖ “អនុមោទនា លោអើយ ! “ អ្នកដើរហែទាំងប៉ុន្មានក៏ទទួលព្រមគ្នាថា សាធុ ! ប្រែថា ប្រពៃហើយ ប្រសើរហើយ ។

លុះហែប្រទក្សិណគ្រប់ ៣ ជុំហើយ នាគចូលទៅក្នុងព្រះវិហារ អុជធូបទៀនដោតនៅមុខពុទ្ធាសនៈ រួចថ្វាយបង្គំព្រះពុទ្ធរូប ៣ ដង ទើបថយទៅអង្គុយពីមុខត្រៃចីវរ និងបាត្រ ។ បើមាននាគច្រើនរូប នាគត្រូវអង្គុយជាជួរ តាមលំដាប់អាយុចាស់ក្មេង ។ បើបួសជាសាមណេរមានតែលោកជាឧបជ្ឈាយ ១ អង្គជាការស្រេច តែបើបួសជាភិក្ខុវិញ ច្បាប់វិន័យពុទ្ធសាសនាថា ត្រូវមានព្រះសង្ឃយ៉ាងតិចត្រឹម ៥ អង្គ ។

120953123_1254321528300090_7425319607644068058_o

តពីនេះ នាគកាន់ទ្រសំពត់កាសាវៈគឺ ស្បង់ចីពរចូលទៅដាក់ចំពោះមុខព្រះឧបជ្ឈយ៍ហើយថ្វាយបង្គំ ៣ ដង សូត្រធម៌វន្ទាសូមខមាទោសរួចហើយសូត្រពាក្យសុំផ្នួសជាគម្រប់ ៣ ដង ព្រមទាំងប្រគេនសំពត់កាសាវៈទៅព្រះឧបជ្ឈយ៍ ៗ ទទួលហើយ នាគសូត្រសុំសំពត់កាសាវៈនោះមកវិញ ។ ព្រះឧបជ្ឈាយ៍ក៏ប្រគល់ឲ្យតាមសុំ “នាគអង្គុយច្រហោងប្រណម្យអញ្ចលី កាន់ទ្រសំពត់កាសាវៈនៅមុខព្រះឧបជ្ឈាយ៍ ៗ ចាប់ចុងម្រាមដៃហើយប្រាប់ធម៌កម្មដ្ឋាន ៥ យ៉ាងហៅថា តចបញ្ចកកម្មដ្ឋាន ដែលហៅតាមទម្លាប់ថាឲ្យធម៌ “កេសា” ឲ្យនាគថាតាមដោយមានបាលីថា កេសា លោមា នខា ទន្តា តចោ … ប្រែថា “សក់ រោម ក្រចក ធ្មេញ ស្បែក” ។ ហើយប្រាប់ច្រាសមកវិញទៀតថា តចោ ទន្តា នខា លោមា កេសា ប្រាប់ពន្យល់នាគឲ្យយល់ច្បាស់ថា របស់ទាំង ៥ យ៉ាងនេះ ជាវត្ថុបដិកូលស្មោគគ្រោក គួរខ្ពើមរអើម ។ រួចកិច្ចនេះហើយ ព្រះឧបជ្ឈាយ៍យកអង្ស័កពាក់កនាគជាសញ្ញាថា នឹងបានទៅជាសាមណេរហើយ ។ នាគងយខ្លួនទៅផ្លាស់សំលៀកបំពាក់គ្រហស្ថចេញក្នុងទីដ៏សមគួរ ហើយទើបស្លៀកស្បង់ចីពរ ត្រឹមត្រូវតាមច្បាប់វិន័យ ។ បន្ទាប់ពីនេះនាគកាន់គ្រឿងសក្ការៈបូជា មានទៀនធូបជាដើមចូល ទៅថ្វាយបង្គំព្រះឧបជ្ឈាយ៍ សូត្រពាក្យសុំត្រៃសរណគមន៍និងសីលព្រះឧបជ្ឈាយ៍ឲ្យត្រៃសរណគមន៍និងសីល ១០ តាមសុំ រួចហើយទើបសាមណេរសូត្រសុំនិស្ស័យ (ទីនៅអាស្រ័យ) ចំពោះព្រះឧបជ្ឈាយ៍ បើបួសជាសាមណេរ ពិធីបំបួសត្រូវចប់អស់តែត្រឹមប៉ុណ្ណេះឯង ។

បើត្រូវការបំពេញឧបសម្បទាជាភិក្ខុ ត្រូវមានកិច្ចបន្តទៅទៀតគឺសាមណេរនោះ ត្រូវស្ពាយបាត្រក្រោកឈរឡើង ចូលទៅកណ្ដាលជំនុំសង្ឃ ចំពោះមុខព្រះឧបជ្ឈាយ៍ ទើបឧបសម្បទាចារ្យ (គ្រូសូត្រ) សូត្រតាំងនាមឧបសម្បទាបេក្ខៈ និងព្រះឧបជ្ឈាយ៍ប្រាប់បង្ហាញដល់នាគនូវបាត្រ សង្ឃាដី ចីពរនិងស្បង់ ឲ្យនាគទទួលស្គាល់យល់ដឹងថា “នេះបាត្ររបស់អ្នក” ជាដើម ហើយឲ្យនាគថយទៅឈរឆ្ងាយបន្តិច ផុតពីទីប្រជុំសង្ឃ ទើបសូត្រប្រកាសប្រាប់សង្ឃសុំឱកាសប្រៀនប្រដៅនាគព្រមទាំងសាកសួរនូវកិច្ចផ្សេង ៗ មានរោគពាធក្នុងខ្លួនជាដើម ដើម្បីឲ្យដឹងថា សាមីខ្លួននោះបរិសុទ្ធស្អាត អាចនឹងទទួលឧបសម្បទាពេញលក្ខណៈជាភិក្ខុបានឬទេ ។ លុះប្រៀនប្រដៅសាកសួររួចហើយ ទើបលោកគ្រូសូត្រនោះ ត្រឡប់ចូលមកក្នុងកណ្ដាលជំនុំសង្ឃវិញសូត្រប្រកាសប្រាប់សង្ឃ និងហៅនាគឲ្យចូលមកអង្គុយកណ្ដាលជំនុំសង្ឃថ្វាយបង្គំព្រះឧបជ្ឈាយ៍ និងព្រះសង្ឃរួចហើយ ឲ្យអង្គុយច្រហោងប្រណម្យអញ្ជលីសូត្រសូមឧបសម្បទា ចំពោះសង្ឃ ៣ ដង គឺ សូមឲ្យសង្ឃអនុគ្រោះ លើកខ្លួនឲ្យផុតពីភេទជាសាមណេរ ហើយតំកល់តំកើងឲ្យឡើងពេញលក្ខណៈជាភិក្ខុ ។ ពេលនោះជំនុំសង្ឃត្រូវអង្គុយព័ទ្ធចូលឲ្យជាប់ហត្ថបាសគ្នា ទើបលោកគ្រូសូត្រសួរបញ្ជាក់នាគ នូវអន្តរាយិកធម៌ គឺរោគាពាធផ្សេង ៗ ជាដើម ដែលបានសួរខាងក្រៅជំនុំសង្ឃហើយនោះថែមមួយលើកទៀត ។ លុះបានសាកសួរកិច្ចនេះចប់សព្វគ្រប់ហើយឧបសម្បទាចារ្យ (លោកគ្រូសូត្រ) សូត្រញត្តិចតុក្កកម្មវាចា3 ។ ចប់ញត្តិចតុក្កកម្មវាចាខណៈណា ឧបសម្បទាបេក្ខ គឺសាមណេរនោះ ក៏បានឋិតនៅក្នុងភពជាភិក្ខុពេញបរុបូណ៌ក្នុងខណៈនោះ ។ បន្ទាប់ពីនេះព្រះឧបជ្ឈាយ៍ ឬលោកគ្រូសូត្រប្រៀនប្រដៅប្រាប់នូវវិន័យសង្ឃករណីកិច្ចចំពោះភិក្ខុថ្មីនោះ (ហៅតាមទម្លាប់ថា “ផ្ដាំនាគ” តាមប្រពៃណីពីបុរាណ ផ្ដាំនាគនេះលោកសូត្រជាបទយ៉ាងគ្រលួច គួរជាទីចាប់អារម្មណ៍ពីរោះណាស់ នាំឲ្យមាតាបិតា និងបងប្អូនរបស់ភិក្ខុថ្មី យំស្រក់ទឹកភ្នែកស្រណោះអាឡោះអាល័យយ៉ាងក្រលែង ។

ចាប់តាំងពីថ្ងៃនោះមក ភិក្ខុថ្មីក៏អាស្រ័យនៅជាមួយនឹងព្រះសង្ឃឯទៀតក្នុងទីវត្ត ។

ប្រភព៖ Wisemen

72320517_388559085147183_377317695906906112_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers