មនុស្សស្រីមួយចំនួន តែងតែបង្ខំចិត្តខ្លួនឯងរៀបការ មានគូស្រករ សាងគ្រួសារ ទាំងដែលខ្លួនមិនបានស្រឡាញ់ដៃគូទាល់តែសោះ ក៏មានមនុស្សស្រីខ្លះទៀត ថែមទាំងសុខចិត្តបោះបង់សង្សារ ឬមនុស្សដែលខ្លួនស្រឡាញ់ ហើយទៅរៀបការនឹងអ្នកផ្សេងដែលមិនធ្លាប់ស្គាល់ រៀបការជាមួយមនុស្សដែលខ្លួនមិនមានចិត្ត ឬមនោសញ្ចេតនាជាមួយឡើយ។
ដូចពាក្យគេថា កូនស្រី ត្រូវខ្វល់សម្ដីអ្នកដទៃ ជាពិសេសអ្នកជិតខាងខ្លាំងណាស់ ទើបមានហេតុផលជាច្រើន ដែលធ្វើឱ្យមនុស្សស្រី ព្រមរៀបការ ទាំងដែលមិនមានចិត្តស្រឡាញ់ដៃគូ ឬមិនសូម្បីតែបានស្គាល់ដៃគូតាំងពីមុនមកសោះ។ ខាងក្រោមនេះ ជាចំណុច ឬជាហេតុផលមួយចំនួនដែលធ្វើឱ្យមនុស្សស្រីសម្រេចចិត្តរៀបការទាំងបង្ខំ ៖
១.គំនាបគ្រួសារ (គ្រួសារ ឬសាច់ញាតិបង្ខំ)
មនុស្សស្រីភាគច្រើនដែលយល់ព្រមរៀបការទាំងមិនបានស្រឡាញ់ អាចមកពីហេតុផលចម្បងបង្អស់គឺ ត្រូវគ្រួសារ ប៉ាម៉ាក់បង្ខំ ក៏គ្មានជម្រើស ព្រោះជាសំណើរ ឬជាបំណងរបស់អ្នកមានគុណ មិនអាចប្រកែកបាន គឺមានតែបង្ខំចិត្តរៀបការ ទាំងមិនបានស្រឡាញ់ ឬទាំងដែលខ្លួនមានមនុស្សខ្លួនស្រឡាញ់ទៅហើយ ព្រោះតែពាក្យថា ចង់សងគុណឪពុកម្ដាយ។
២. គំនាបសង្គម (ចាស់ហើយ គេឌឺដងពេក)
ជាការពិត តែប្រហែលជាភាគតិចណាស់ ដែលមនុស្សស្រី ព្រមរៀបការ ព្រោះតែខ្លាចខ្មាសគេ ព្រោះតែវ័យជ្រេ ឬចាស់ពេក ទើបបង្ខំចិត្តរៀបការ ទាំងមិនបានស្រឡាញ់ុ។ ប្រសិនបើរៀបការព្រោះតែអាយុ ជារឿងដេលល្ងង់ខ្លៅណាស់ ព្រោះអាយុច្រើនហើយ នៅតែគិតរឿងហ្នឹងទៀត វាមិនសមឡើយ អាយុមិនមែនជាបញ្ហានៃជិវិតគូទេ បើអ្នកបង្ខំចិត្តរៀបការ ព្រោះតែអាយុបែបនេះ វាជាជម្រើសដែលខុសឆ្គងចំពោះខ្លួនឯង។
៣. ផលប្រយោជន៍ មុខមាត់ ការរកស៊ី កេរ្តិ៍ឈ្មោះ
បើគិតដល់ផលប្រយោជន៍ វាក៏ប្រហែលជាសំដៅដល់គ្រួសារអ្នករកស៊ី ឬអភិជន ព្រោះតែមុខមាត់ ទំនាក់ទំនង ការរកស៊ី ឬជំនួញទាក់ទិនគ្នា ទើបត្រុវបង្ខំកូនស្រីឱ្យរៀបការជាមួយនឹងកូន ឬដៃគូការរកស៊ី ដើម្បីតែផលប្រយោជន៍។ បើរៀបការហើយ អាចចុះសម្រុងគ្នា វាជារឿងដេលល្អណាស់ ព្រោះឋានៈ ឬមុខមាត់ប្រហែលគ្នា តែបើការហើយ មានតែបញ្ហា មិនចុះសម្រុង អ្នកគ្រាំគឺកូនស្រីរបស់អ្នក ព្រោះតែផលប្រយោជន៍ បែរជាមិនខ្វល់ពីសេចក្ដីសុខផ្លូវចិត្តរបស់កូនស្រីទៅវិញ។
៤. ប្រយោជន៍ខាងទ្រព្យសម្បត្តិ (ជួយគ្រួសារ ឬចង់មានបាន)
អ្នកខ្លះ រៀបការព្រោះតែកេរ្តិ៍មរតក តាមមើល ប្រហែលជាមានតែក្នុងរឿងទេមើលទៅ តែក៏ជឿថានៅខាងក្រៅសាច់រឿង វាក៏អាចនឹងមានរឿងហ្នឹងកើតឡើងបានដែរ តែវាក៏ភាគតិចណាស់។ តែសូមប្រាប់ថា កុំព្រោះតែទ្រព្យកេរ្តិ៍អាករ បង្ខំចិត្តរៀបការ វាអាចនឹងជ្រើសមនុស្សខុស ព្រោះអ្នកមានក៏មិនមែនសុទ្ធតែល្អនោះឡើយ។
៥. ស្ថានភាពផ្ទាល់ខ្លួន ( មានកូន ឬមានផ្ទៃពោះមុនការ )
មិនដឹងថា បច្ចុប្បន្ន ដូចសម័យមុនឬក៏អត់ទេ ដែលមានផ្ទៃពោះមុនរៀបការ ហើយត្រូវរកអ្នកផ្សេងមកជំនួសឪពុកក្មេងឱ្យទទួលខុសត្រូវនោះ។ តែប្រសិនបើជាបញ្ហានេះមែន គួរតែអាណិត និងគិតដល់ម្ខាងទៀត ដែលមិនដឹងអ្វីសោះ ត្រូវមករងគ្រោះ ឬទទួលខុសត្រូវទាំងខ្លួនមិនបានប្រព្រឹត្ត។ ចង់ប្រាប់ថា មានកូនមុនការអ្នកខុសហើយ តែទំនួលខុសត្រូវលើកំហុសរបស់ខ្លួនឯងជារឿងដែលគប្បីបំផុត កុំបណ្ដោយឱ្យខុសម្ដងហើយម្ដងទៀត ព្រោះតែទង្វើដើម្បីបិទបាំងកំហុសរបស់ខ្លួនឯង បែរជាទៅអូសទាញអ្នកផ្សេងមករ៉ាប់រង វាមិនគប្បីទេ។ ប៉ុន្តែបើម្ខាងទៀតស្ម័គ្រចិត្ត ក៏ហៅថាសំណាង ឬបុណ្យហើយ ដែលអ្នកបានមកជួបមនុស្សល្អបែបហ្នឹង។
តែយ៉ាងណាក៏ដោយ សម័យនេះហើយ ជាសម័យជឿនលឿន អ្នកមានសិទ្ធក្នុងការជ្រើសគូស្រករ ស្រីៗ កុំព្រោះតែចំណុចណាមួយខាងលើនេះ សុខចិត្តបង្ខំខ្លួនឯងឱ្យរៀបការជាមួយមនុស្សដែលខ្លួនមិនបានស្រឡាញ់ តែវាក៏អាចមានសំណាងខ្លះដែរ ទោះអ្នកមិនបានស្រឡាញ់គេ ក៏មិនមែនមានន័យថា គេនោះអាក្រក់នោះដែរ ពេលខ្លះ គេអាចជាមនុស្សល្អ ជាងមនុស្សដែលអ្នកស្រឡាញ់ផងក៏ថាបាន បើអាចសាកល្បងសិនក៏បាន ប្រសិនបើអ្នកមិនមានអ្នកណា។ យ៉ាងណាមិញ អ្នកធំដឹងក្ដីហើយ អ្នកអាចសម្រេចចិត្ត និងគិតគូរដោយខ្លួនឯងបាន ព្រោះវាជាសេចក្ដីសុខ និងសុភមង្គលមួយជីវិតអ្នក កុំឱ្យសម្រេចចិត្តខុសឱ្យសោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ