សំពះគឺជាការលើកដៃទាំងពីរផ្គុំគ្នា ជារាងផ្កាឈូកក្រពុំ។សំពះជាទំនៀមទម្លាប់របស់ខ្មែរ ធ្វើឡើងដើម្បីបង្ហាញពីការគួរសម និងគារវកិច្ច គោរពគ្នាទៅវិញទៅមក។ជាទូទៅខ្មែរយើងធ្វើការសំពះចំពោះ ឪពុកម្តាយ ព្រះពុទ្ធរូប ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ ញាតិសន្តាន និង អ្នកដែលមានឋានន្តរសក្តិធំជាងខ្លួន។
សំពះជាចំណែកមួយដ៏សំខាន់ នៅក្នុងជីវិតរស់នៅ និងជាសុជីវធម៌ដ៏ប្រពៃរបស់ខ្មែរយើង។ខែ្មរយើងនិយមសំពះជាងចាប់ដៃបែបបស្ចឹមប្រទេសដោយសារមូលហេតុច្រើនយ៉ាង។ទីមួយ គឺធ្វើដើម្បីរក្សាទំនៀមទម្លាប់ខ្មែរ និងគិតពីបញ្ហាអនាម័យ។ ទីពីរ គឺសំពះដើម្បីចៀសវាងការប៉ះពាល់គ្នាដោយដៃ ជាពិសេសរវាងបុរស និងស្រី្ត។
ទីបី គឺធ្វើដើម្បីចៀសវាងការច្របាច់ដៃគ្នាខ្លាំងដែលនាំអោយមានការឈឺចាប់។ ចុងក្រោយគឺសំពះដើម្បីចៀសវាងកុំអោយចំនាយពេលច្រើនដូចជាអ្នក ប្រដាល់សំពះទស្សនិកជនពីលើសៃវៀនប្រដាល់ ឬអ្នកដឹកនាំនយោបាយសំពះប្រជាពលរដ្ឋពីលើវេទិកា។
ប្រជាពលរដ្ឋ ព្រមទាំងសិស្សនិស្សិតមួយចំនួន តែងតែមានការយល់ច្រឡំអំពីរបៀបសំពះ និងតែងតែធ្វើឆ្គងប្រាសចាកពីរបៀបសំពះរបស់ខ្មែរ។ ខាងក្រោមនេះជារបៀបនៃការសំពះទាំង ៥របៀប និងអត្ថន័យរបស់វា៖
១. កម្ពស់ត្រឹមមាត់៖ សម្រាប់សំពះវ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយនាយ។
២. កម្ពស់ត្រឹមចិញ្ចើម៖ សម្រាប់សំពះព្រះសង្ឃ ព្រះមហាក្សត្រ ឬវត្ថុស័ក្តិសិទ្ធិ។
៣. កម្ពស់ត្រឹមចុងច្រមុះ៖ សម្រាប់សំពះ មាតាបិតា ជីដូនជីតា គ្រូបាអាចារ្យ។
៤. កម្ពស់ត្រឹមដើមទ្រូង៖ សម្រាប់សំពះវ័យ ឋានៈស្មើគ្នា ឬមិត្តភក្តិ។
៥. កម្ពស់ត្រឹមចិញ្ចើមឡើងទៅ៖ សម្រាប់សំពះ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬបួងសួង៕
ឥឡូវនេះមនុស្សភាគច្រើនមានភាពអៀនខ្មាសមិនចង់លើកដៃសំពះទេ។ ប៉ុន្តែការសំពះជាឬម្រង់ល្អបំផុត។ ចូរធ្វើវាទៅមុនប្រទេសជិតខាងគេដាក់ជាកម្មសិទ្ធិរបស់គេបាត់។
ប្រភពរូបភាពដោយ៖ Saint