វែបសាយទេសចរណ៍បរទេសដ៏ល្បីមួយ ​បង្ហាញហេតុផលទាំង ​១៣ ដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជាឱ្យបានម្តងក្នុងមួយជីវិត

ប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិជាច្រើនអនេក​​ទាំងសម្បត្តិធម្មជាតិ និងវប្បធម៌ផ្នែកវប្បធម៌  ជាពិសេសគឺប្រាង្គប្រាសាទអង្គរ ​ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញផងដែរ។ ​ដោយហេតុនេះហើយបានជាក្នុងមួយឆ្នាំ ​កម្ពុជាបានស្រូបទាញចំនួនភ្ញៀវទេសចរណ៍រាប់លានអ្នកមកកម្សាន្តមិនចេះដាច់។

នៅក្នុងនោះសូម្បីតែវែបសាយទេសចរណ៍បរទេសដ៏ល្បី Culture  Trips  ក៏បានសរសេរអត្ថបទដ៏ទាក់ទាញមួយជួយផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកខ្មែរផងដែរ។

ទាំងនេះជាហេតុផលទាំង ​១៣យ៉ាងដែលវែបសាយបរទេស ​បានរៀបរាប់ពីមូលហេតុដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជា ៖

១. ប្រាសាទអង្គរវត្ត៖ ​កម្ពុជាយើងមានប្រាសាទអង្គរវត្ត ​ជាប្រាសាទអច្ឆិរយៈ ​ដ៏អស្ចារ្យចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក  ដែលមានភាពប្រណីតស្រស់ស្អាត និងអស្ចារ្យខ្លាំងលើលោក។

Shutterstock_167952836

២. ស្នាមញញឹម និងភាពរួសរាយ៖  ប្រជាជនខ្មែរត្រូវបានពិភពលោកទទួលស្គាល់ថា ​ជាប្រទេសដែលមានស្នាមញញឹមស្រស់ស្អាតស្មោះត្រង់ចេញពីចិត្ត ​ជាប្រជាជនមានភាពរួសរាយ ​និងចេះជួយយលអាសារគ្នាទៅវិញទៅមក។

2a70e2002b0840afeba5717055a85ca6edb47726

៣. ប្រជុំកោះស្រស់ស្អាតមិនទាន់កែច្នៃ៖ ​ឆ្នេរសមុទ្រ ​និងបណ្តុំកោះនៅស្រុកខ្មែរ​​ត្រូវបានគេដឹងថាមានភាពស្រស់ស្អាតពីធម្មជាតិ ​ដូចជាកោះរ៉ុងសន្លឹម កោះតាគៀវ និងកោះមួយចំនួនទៀតដែលមិនសូវត្រូវបានគេស្គាល់ ​ដែលជាហេតុធ្វើឱ្យវាជាកោះដែលជនបរទេសចូលចិត្តទៅស្រាវជ្រាវកម្សាន្ត។

៤. ដំណើរកម្សាន្ត និងការរស់នៅក្នុងជីវិតជនបទ៖​ សម្រាប់ជនបរទេសដែលចង់ស្គាល់ និងភ្លក់រសជាតិជីវិតជនបទពិតៗ ប្រទេសកម្ពុជាមានកន្លែងកម្សាន្តជាច្រើនសម្រាប់អ្នកបាន ​ដោយការស្នាក់នៅរស់ជាមួយផ្ទះប្រជាជន ​ប្រើការរស់នៅជាមួយប្រជាជន ​និងការទទួលទានអាហារបែបក្នុងស្រុក ​ដែលការទេសចរណ៍បែបនេះទទួលបានការពេញនិយម មែនទែនពីសំណាក់ភ្ញៀវបរទេស។

៥. ការកម្សាន្តនៅក្នុងព្រៃភ្នំ និងសត្វព្រៃ៖ ប្រទេសកម្ពុជាសម្បូរជួរភ្នំ ​និងសម្បត្តិព្រៃឈើជាច្រើនកន្លែងដែលអាចឱ្យជនបរទេសដើរកម្សាន្ត និងសិក្សាស្រាវជ្រាវបានសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ។ ដោយសត្វព្រៃអ្នកអាចទស្សនានៅសួនភ្នំតាម៉ៅ ​ឯការដើររុកព្រៃ ​អ្នកអាចទៅលេងខេត្តរតនគីរី ​មណ្ធលគិរី ​និងជួរភ្នំក្រវាញជាដើម។

៦.​ ទឹកជ្រោះ និងទឹកធ្លាក់៖ ដោយសារតែសម្បូរជួរភ្នំ និងព្រៃឈើ ​កម្ពុជាអំណោយផលទៅដោយទឹកជ្រោះ និងទឹកធ្លាក់ស្រស់ស្អាតជាច្រើនកន្លែង ​ដែលកន្លែងខ្លះមានទឹកធ្លាក់ជាដំណាក់ៗ ​មើលទៅស្រស់ស្អាតបែបធម្មជាតិពិតៗ។

Shutterstock_610991741

 

៧. សម្បត្តិវប្បធម៌សម្បូរបែប៖ ប្រទេសកម្ពុជាត្រូវបានគេឱ្យឈ្មោះថាជាទឹកដីសុវណ្ណភាព ​ព្រោះក្រៅពីសម្បូរទៅដោយសម្បត្តិធម្មជាតិ ប្រទេសកម្ពុជាមានវប្បធម៌ និងអរិយធម៌បុរាណចំណាស់ដ៏សម្បូរបែបន្សល់មកទល់បច្ចុប្បន្ន  មានទាំងប្រាសាទរាប់ពាន់ សម្លាក់ក្បាច់ក្បូររចនាប្រណីតល្អវិចិត្រ ​និងសម្បត្តិសិល្បៈវប្បធម៌យ៉ាងរស់រវើក។

៨. ប្រវត្តិសាស្រ្តអស្ចារ្យគួរឱ្យចាប់អារម្មណ៍ ៖ ​ទាំងប្រវត្តិនៃការកកើតទឹកដី ​ប្រវត្តិសាស្រ្តប្រទេសអាណាចក្រអង្គរ ​និងប្រវត្តិសាស្រ្តនានានៃការរីកចម្រើនដ៏រុងរឿងនៃប្រទេសកម្ពុជា ​គឺជាសាច់រឿងមួយដ៏គួរឱ្យចាប់អារម្មណ៍ដែលអ្នកទេសចរណ៍ចូលចិត្តចង់ដឹងចង់ឮ និងចង់សិក្សាស្រាវជ្រាវផងដែរ។

៩. សិល្បៈប្លែកស្អាត និងរស់រវើក៖  ដោយសារតែទទួលឥទ្ឌិពលបន្សល់ពិសម័យដើម ​ប្រទេសកម្ពុជាសម្បូរទៅដោយសម្បត្តិសិល្បៈរស់រវើកជាច្រើនកន្លែង ​ទាំងសំណង់បុរាណ​ និងការតុបតែងសិល្បៈសំណង់បង្កើតថ្មី ​ជាពិសេសមិនថាតែសណ្ឋាការ  កន្លែងកម្សាន្ត​​ឬភោជនីយដ្ឋាន ​អ្នកទេសចរណ៍សុទ្ធតែពេញចិត្តការរៀបចំបែបសិល្បៈយ់ាងរស់រវើកអស់ទាំងនោះ។

១០. ផ្សារ ៖ ផ្សារគឺជាទីកន្លែងទេសចរណ៍មួយដែលទទួលបានការពេញនិយម ដែលអ្នកទេសចរណ៍ចង់ទៅដើរកម្សាន្ត ទិញទំនិញ មាន​ទាំងផ្សាររាត្រីខេត្តសៀមរាប ​ផ្សាររុស្ស៊ី ផ្សារធំថ្មី ​ផ្សារចាស់ និងផ្សារបឹងកេងកងជាដើម ​ព្រោះផ្សារទាំងនោះមានវត្ថុអនុស្សាវរីយ៍ជាច្រើនដែលអ្នកទេសចរណ៍ចាប់អារម្មណ៍ ​ចម្លាក់ក្បាច់ក្បូរ ​រូបភាពគំនូរ ម្ហូបអាហារខ្មែរ ​និងវត្ថុជាច្រើនទាក់ទងនឹងសម្បត្តិសិល្បៈវប្បធម៌ប្រទេសកម្ពុជា  ជាពិសេសគឺឈុតសំលៀកបំពាក់ខ្មែរតែម្តង។

១១. ពិធីបុណ្យទាន និងថ្ងៃឈប់សម្រាកសំខាន់ៗ៖ ​អ្នកទេសចរណ៍ចូលចិត្តមកកម្សាន្តប្រទេសខ្មែរនាថ្ងៃសម្រាករបស់ប្រទេសកម្ពុជា ​ដោយសារតែពិធីបុណ្យមួយចំនួនបានធ្វើឱ្យភ្ញៀវទេសចរណ៍បានឃើញពីប្រពៃណីទំនៀមទម្លាប់ និងអរិយធម៌ខ្មែរដ៏ផូរផង់គួរឱ្យចាប់អារម្មណ៍។

១២.ម្ហូបអាហារ៖ ប្រទេសកម្ពុជាមានមុខម្ហូបប្លែក ​និងឆ្ងាញ់ពិសាជាច្រើនមុខ ​ដែលភ្ញៀវទេសចរណ៍អាចភ្លក់រសជាតិបាន ​ជាពិសេសម្ហូបអាហារភាគច្រើនសុទ្ធតែជាប់មាត់អ្នកទេសចរណ៍ដឹងតែគ្រប់គ្នា។

Jhkj

 

១៣. ទេសភាព៖ ​បើនិយាយពីទេសភាពប្រទេសកម្ពុជាវិញ ​គឺថាស្រស់ស្អាតមិនបាច់វាចា ​ពោលគឺសុទ្ធតែមានភាពស្រស់ស្អាតបែបធម្មជាតិ ​គ្មានការកែច្នៃ ​ជិះតែតាមផ្លូវអ្នកទេសចរណ៍ក៏រីករាយប្លែកភ្នែកនឹងទេសភាពវាលស្រែវែងអន្លាយខៀវស្រងាត់ ​ដើមឈើតូចធំអមសងខាងផ្លូវ ឯផ្លូវខ្លះមានជួរភ្នំខ្វាត់ខ្វែងចុះឡើងស្រស់ស្អាតប្លែកអារម្មណ៍ដែរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភព៖ ​Calture Trips

Shutterstock_416576542

 

Optimized by Optimole