ក្រុមហ៊ុនលក់រាយឈានមុខគេនិងកំពុងប្រតិបត្តិការផ្សារទំនើបចំនួន ២ ទីតាំង Aeon Malls នៅកម្ពុជាគឺ Aeon Co., បានប្រកាសពីការផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មី បន្ទាប់ពីចេញផ្សាយនៅរបាយការណ៍ធ្លាក់ចុះនៃប្រាក់ចំណូលយ៉ាងគំហុកនៅឆ្នាំ ២០១៩។
ក្រុមហុនដែលមានមូលដ្ឋាននៅប្រទេសជប៉ុនមួយនេះ បានប្រកាសថាក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានសម្រេចចាត់តាំងអនុប្រធានជាន់ខ្ពស់លោក Akio Yoshida ឲ្យឡើងជាប្រធានធំ បន្ទាប់ពីក្រុមហ៊ុនបង្ហាញចេញនៅការធ្លាក់ចុះប្រាក់ចំណូលសុទ្ធប្រមាណ ៥៨ លានដុល្លារនៅរយៈពេល ៩ ខែដំបូងកាលពីឆ្នាំទៅ។ វាជាគម្លាតខុសគ្នាមួយដ៏ឆ្ងាយ បើធៀបនឹងប្រាក់ចំណេញដែលទទួលបានដល់ ៥.៥ លានដុល្លារនៅអំឡុងពេលដដែលនាឆ្នាំ ២០១៨។ នេះបើតាមរបាយការណ៍ហិរញ្ញវត្ថុចេញផ្សាយដោយក្រុមហ៊ុន Aeon។
បច្ចុប្បន្នជំនួញលើផ្នែកផ្សារក្នុងស្រុក (Domestic Malls) និងផ្សារទំនើប (Supermarkets) គឺហាក់មានការធ្លាក់ចុះ ឆ្លើយតបនឹងកម្រិតប្រកួតប្រជែងខ្ពស់ពីហាងលក់រាយនិងអាជីវកម្ម Online ដទៃ។
យ៉ាងណាមិញបើនិយាយពីចំណូលទូទាំងតំបន់អាស៊ានគឺប្រតិបត្តិការប្រាក់ចំណូលរបស់ Aeon Malls មានការកើនឡើងខ្ពស់ទៅវិញ ពោលគឺដល់ទៅ ១៥៥ ភាគរយឯណោះនៅឆ្នាំ ២០១៩ បើធៀបនឹងឆ្នាំចាស់ ២០១៨។
គួររំឭកថានៅប្រទេសកម្ពុជា Aeon Mall ក៏គ្រោងនឹងបើកដំណើរការសាខាទី ៣ នៅឆ្នាំ ២០២៣ ជាមួយផ្ទៃដីប្រមាណ ១៧៤ ០០០ ម៉ែត្រការេ៕
ប្រភព៖ en.propertyarea.asia