ត្រៀមហើយនៅ ម្ហូបមួយមុខៗសុទ្ធតែមានអត្ថន័យល្អ? នេះជាអាហារសំខាន់ដែលត្រូវរៀបចំសែនព្រេន និងទទួលទានអាហារជុំគ្នាក្នុងថ្ងៃចូលឆ្នាំចិន

សម្រាប់គ្រួសារជនជាតិចិន និងសែស្រឡាយចិន ពិធីបុណ្យចូលឆ្នាំ គឺជាពិធីបុណ្យដ៏សំខាន់មួយ ដែលគ្រប់ក្រុមគ្រួសារត្រូវតែរៀបចំបោសម្អាត និងតុបតែងផ្ទះសម្បែងឱ្យបានស្អាតបាតទទួលទេវត្តាឆ្នាំថ្មី ដើម្បីនាំមកនូវសេរីសួស្តី លាភសំណាងចូលផ្ទួនៗផងដែរ។

ក្រៅពីការរៀបចំផ្ទះ ការរៀបចំមុខម្ហូបដើម្បីជាតង្វាយទេវត្តា និងដើម្បីទទួលទានអាហារជួបជុំគ្រួសារក៏ជារឿងសំខាន់ចាំបាច់ដែរ ពោលទោះបីជាសមាជិកម្នាក់ៗមានការមមាញឹកក្នុងការងារយ៉ាងណា ក៏ត្រូវតែត្រលប់មកផ្ទះដើម្បីទទួលទានអាហារជុំគ្នា ពេលល្ងាចមុនពេលចូលឆ្នាំ គឺជាថ្ងៃសែន (New Year’s Eve dinner 年夜饭- Nián yèfàn) ឬពេលល្ងាចថ្ងៃចូលឆ្នាំតែម្តងក៏បាន ( Reunion dinner 团年饭 - tuán niánfàn)។

ហេតុនេះហើយ រាល់មុខម្ហូបដែលរៀបចំទទួលទានជួបជុំគ្រួសារ ត្រូវតែសម្រិតសម្រាំងឱ្យបានល្អ និងពិសេសប្រកបដោយអត្ថន័យទៅតាមទំនៀមទម្លាប់ចិនតាំងពីបុរាណផងដែរ។

Lunar New Year Family Festival 1 Copy

ដូច្នេះថ្ងៃនេះ « ក្នុងស្រុក « សូមលើកឡើងពីអាហារសំខាន់ៗទៅតាមទំនៀមដែលជនជាតិចិន ដែលនិយមយកទៅសែន ឬទទួលទានជុំគ្នានៅថ្ងៃចូលឆ្នាំចិនដូចខាងក្រោម ៖

១. សាយ៉ ( 春卷 chūn juǎn )

រូបរាងម្ហូបមួយនេះត្រូវបានគេប្រដូចទៅនឹងដុំមាស ដែលតំណាងឱ្យទ្រព្យសម្បត្តិ ភាពមានបាន និងសំណាងហេងៗចូលសម្រាប់ថ្ងៃចូលឆ្នាំចិន។

នៅក្នុងនោះកាលសម័យរាជកាល Jin Dynasty (265-420) ម្ហូបនេះមានតម្លៃណាស់ ដោយសារតែវាគ្រឿងផ្សំរបស់វាមានតម្លៃ និងកម្រក្នុងជំនាន់នោះ ដូច្នេះរាល់ពេលដើមឆ្នាំ អធិរាជតែងតែប្រទានម្ហូបមួយចាននេះដល់មន្ត្រីល្អស្មោះត្រង់ជារង្វាន់ផងដែរ ដែលវាបានក្លាយទៅជាម្ហូបដែលនាំសំណាងដល់សព្វថ្ងៃ។

1 0

២. គាវ 饺子 (jiǎo zi)

ម្ហូបមួយនេះត្រូវបានជនជាតិចិននិយមទទួលទានជុំគ្នាក្នុងឱកាសបុណ្យទានសំខាន់ៗ ជាពិសេសគឺថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនតែម្តង។

បន្ថែមពីនេះពាក្យថា គាវ (饺子—jiǎo zi) មានសំឡេងស្រដៀង 交子(jiāo zi). 交 (Jiāo) មានន័យថាផ្លាស់ប្តូរ ហើយ 子(zi) មានន័យថាពាក់កណ្តាលយប់ ដូច្នេះពាក្យពេញត្រូវបានគេឱ្យនិយមន័យថា ជាការផ្លាស់ប្តូរឆ្នាំចាស់ចូលឆ្នាំថ្មី។

ហេតុនេះហើយបានជាមុខម្ហូបនេះត្រូវបានគេទទួលទាននៅថ្ងៃបុណ្យចូលឆ្នាំចិន ដើម្បីធ្វើការជម្រុះអ្វីៗគ្រប់យ៉ាងនៅក្នុងឆ្នាំចាស់ដែលមិនល្អចេញ ដើម្បីស្វាគមន៍ឆ្នាំថ្មីដែលពោរពេញដោយភាពរីករាយ និងលាភសំណាងហេងៗចូល។

1

2

៣. មី 长面 (cháng miàn)

ក្រៅពីការចម្អិនមី ជាអាហារចម្បងសម្រាប់ថ្ងៃចូលឆ្នាំ តំបន់ខ្លះតែងតែចម្អិនមី ជាមួយនឹងគាវ ដោយសរសៃមីពណ៌លឿងត្រូវបានគេតំណាងជាសរសៃសូត្រមាស ហើយគាវតំណាងឱ្យគ្រឿងតុបតែង ឬដុំមាស ដែលទាំងនេះបញ្ជាក់ថាវាជាម្ហូបដែលជូនពរឱ្យនាំមកនូវលាភសំណាង និងទ្រព្យសម្បត្តិហូរចូលផងដែរ។ អ្វីដែលសំខាន់ទៀតនោះ សរសៃមីត្រូវតែមានពណ៌លឿង និងវែង ហាមកាត់សរសៃមី ព្រោះមីកាន់តែវែងតំណាងឱ្យអាយុយឺនយូរ និងសុខភាពល្អ។

3

បន្ថែមពីនោះ គេតែងតែនិយមផ្សំគ្រឿងផ្សេងៗនៅក្នុងម្ហូបដែលមានសរសៃមីផងដែរ ដែលសុទ្ធតែមានអត្ថន័យល្អខុសៗគ្នាដូចជា៖

-ស៊ុត៖ តំណាងឱ្យគ្រួសារទាំងមូលមានសុខភាពល្អ ។

-បង្កងយក្ស (Lobster) ៖ តំណាងឱ្យលុយហូរចូលមិនចេះដាច់។

-បង្គារ ៖ តំណាងឱ្យសំណាងល្អ និងពោរពេញដោយទ្រព្យសម្បត្តិ។

-ជ្រូកខ្វៃ៖ តំណាងឱ្យសន្តិភាព និងក្តីសុខសុភមង្គល។

-ទា៖ តំណាងឱ្យភាពស្មោះត្រង់។

-ផ្លែប៉ិស៖ តំណាងឱ្យអាយុវែង និងយឺនយូរ។

-តៅហ៊ូ៖ តំណាងឱ្យសុខសុភមង្គល និងលាភសំណាងចូលទៅក្នុងក្រុមគ្រួសារទាំងមូល។

-ត្រី៖ តំណាងឱ្យ សំណាងល្អ ភាពត្រជាក់ត្រជុំ និងពោរពេញដោយទ្រព្យសម្បត្តិ។

Chinese New Year Dinner

៤. ត្រីចំហុយ 蒸鱼 (zhēng yú)

ត្រីជាមុខម្ហូបដែលមិនអាចខ្វះបាននៅក្នុងថ្ងៃចូលឆ្នាំ តំណាងឱ្យការកើនឡើងនូវទ្រព្រសម្បត្តិហូរចូលមិនចេះខ្វះ នោះក៏ដោយសារតែក្នុងភាសាចិន ពាក្យថាត្រី (鱼—yú) មានសំនៀងស្រដៀងនឹងពាក្យ 余 (yú) មានន័យការកើនឡើង ឬការរីកចំរើន។ ហើយពាក្យជូនពរដែលសរសេរថា 年年有余 (Nián nián yǒuyú) ត្រូវបានគេដឹងថាមានន័យថា ជូនពរឱ្យអ្នករកស៊ី និងទទួលទានមានបានជារៀងរាល់ឆ្នាំ (បរបូរណ៍ទាំងចំណីអាហារ និងលុយកើនឡើង)។

4

៥. មាន់ស្ងោរ 蒸鸡 (zhēng jī)

មាន់ស្ងោរ គឺត្រូវតែស្ងោរទាំងមូល ជាពិសេសត្រូវរក្សាក្បាលមាន់ និងក្រញ៉ាំជើងមាន់ឱ្យបានល្អ ព្រោះមាន់ទាំងមូលត្រូវបានគេតំណាងឱ្យក្រុមគ្រួសារ ការជួបជុំគ្នា និងការផ្តល់កំណើតថ្មី ដោយជំនឿពីបុរាណគេជឿថាមាន់មួយក្បាលគឺជាអាហារដ៏ល្អសម្បូរប្រូតេអ៊ីន និងអាចចិញ្ចឹមជីវិតសមាជិកគ្រួសារទាំងមូលផងដែរ។

តែក្រៅពីអាចទទួលទានមាន់ស្ងោរជាអាហារជួបជុំគ្រួសារនៅថ្ងៃចូលឆ្នាំ ក្រោយចម្អិនមាន់ភ្លាមគេត្រូវយកមាន់នេះទៅសែនក្នុងថ្ងៃសែនជូនជីដូនជីតាសិន ដោយការសែនមាន់ត្រូវបានគេដឹងថាជាការបួងសួងសុំសេចក្តីសុខក្នុងគ្រួសារ។

បន្ថែមពីនេះសម្រាប់ជំនឿនៅក្នុងខេត្ត Hubei ប្រទេសចិន គេនិយមទទួលទានស៊ុបមាន់ជាអាហារដំបូងនៅក្នុងថ្ងៃចូលឆ្នាំ ដើម្បីបួងសួងសុំសេចក្តីសុខ និងសុខសន្តិភាព។ ហើយសម្រាប់សមាជិកធំដែលជាបង្គោលគ្រួសារត្រូវតែទទួលទានជើងមាន់ ដែលមានន័យថា (凤爪—fèng zhuǎ) ពោលគឺអាចជួយឱ្យឆាប់រកស៊ីមានបាន កើនទ្រព្យសម្បត្តិ។

ឯការទទួលទានស្លាបមាន់ គឺន័យចំបានន័យថាហោះហើរបានឆ្ងាយ ន័យធៀបបានន័យថាការរកស៊ីចេះតែរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ហើយការទទួលទានឆ្អឹងមាន់ បានន័យថាជាភាពរឹងមាំ នាំឱ្យសម្រេចគោលបំណងនៅថ្ងៃអនាគត។

លើសពីនេះ ការទទួលទានអាហារជុំគ្នានៅថ្ងៃចូលឆ្នាំ អ្នកខ្លះក៏ចម្អិនជាមួយស៊ុតផងដែរ ដោយស៊ុតមានទាំងផ្នែកពណ៌ក្រហម និងស ដែលពួកគេយល់ថាតំណាងឱ្យដុំមាស និងប្រាក់សុទ្ធតែជារបស់មានតម្លៃជួយឱ្យទ្រព្យសម្បត្តិកើនឡើង។

5

៦. នំពងទា ឬនំឡើង 年糕 (nián gāo)

នំពងទា ឬនំឡើង ដែលភាសាចិនហៅថា 年糕 (nián gāo) ភាសាអង់គ្លេសគេហៅថា rice cake ឬ New Year cake ដែលនំនេះគឺត្រូវតែប្រើជាចាំបាច់សម្រាប់ថ្ងៃចូលឆ្នាំចិនតែម្តង។

កាលពីសម័យបុរាណគេប្រើនំនេះសម្រាប់សែនព្រេនជូនជីដូនជីតា និងជាតង្វាយព្រះតែប៉ុណ្ណោះ ក្រោយមកវាក៏បានក្លាយទៅជានំសម្រាប់ទទួលទាននៅក្នុងថ្ងៃចូលឆ្នាំ និងអាចទទួលទានជាទូទៅជារៀងរាល់ថ្ងៃ តែវានៅតែជានំដ៏ពិសេសមួយសម្រាប់ពិធីបុណ្យសែនព្រេនសំខាន់ៗសម្រាប់ជនជាតិចិន។

年糕 (nián gāo) ត្រូវបានគេដឹងថាមានការបញ្ចេញសំនៀងស្រដៀងនឹងពាក្យថា 高 (gāo ) ដែលប្រែថាខ្ពស់ ឬខ្ពង់ខ្ពស់ ដូច្នេះហើយការទទួលទាននំនេះត្រូវបានគេជឿថាជាការនាំមកនូវភាពជោគជ័យ និងមានសំណាងល្អខ្ពង់ខ្ពស់ក្នុងឆ្នាំឆ្នាំ។ ហើយម្តាយឪពុកខ្លះ ក៏បានឱ្យកូនតូចៗរបស់ខ្លួនទទួលទាននំនេះផងដែរ ដើម្បីឱ្យក្មេងៗឆាប់ធំធាត់ និងលូតលាស់ល្អ។

គួរឱ្យដឹងផងដែរថា នំប្រភេទនេះត្រូវបានគេធ្វើពីម្សៅ និងរបៀបធ្វើខុសគ្នា ខ្លះធ្វើពីម្សៅពងទា ខ្លះធ្វើពីម្សៅអង្គរ ដែលនៅស្រុកខ្មែរគេនិយមធ្វើនំប្រភេទនេះពីម្សៅលាយពងទា ហៅថានំពងទា យើងនេះឯង។

6

6 1

៧. បន្លែ

ការចម្អិន និងទទួលទានបន្លែ ក៏ជាម្ហូបពិសេសសម្រាប់ថ្ងៃចូលឆ្នាំផងដែរ ដោយរដូវនេះ មិនថាតែសម័យបុរាណ និងបច្ចុប្បន្នទេ វាគឺជារដូវដែលត្រូវប្រមូលផល ទាំងបន្លែ និងគ្រាប់ធុញ្ញជាតិ ទុក សម្រាប់ទុកជាស្បៀងសម្រាប់រដូវក្រោយៗ។ ហើយម្ហូបដែលយកបន្លែមកចម្អិនជាគោល ត្រូវបានគេហៅថា 田园素小炒 (tián yuán sù xiǎo chǎo) ហៅថាអាហារបន្លែជនបទ ឬម្ហូបបួស។

នៅក្នុងនោះការចម្អិនបន្លែនីមួយៗនៅក្នុងមុខម្ហូបក៏មានអត្ថន័យល្អផ្សេងៗគ្នាដែរដូចជា៖

-សារ៉ាយ (Seaweed) ៖ តំណាងឱ្យទ្រព្យសម្បត្តិ និងលាភសំណាងល្អ។

-គ្រាប់ឈូក ៖ ជូនពរឱ្យមានកូនចៅច្រើនពេញផ្ទះ និងគ្រួសារមានសុខភាពល្អ។

-ទំពាំង៖ តំណាងឱ្យអាយុយឺនយូរ មានសុខភាពល្អ និងការរីកចម្រើនលូតលាស់។

-ត្រសក់ស្រូវ និងក្រូចថ្លុង៖ តំណាងឱ្យគ្រួសារដែលពោរពេញទៅដោយក្តីសង្ឃឹម មានទ្រព្យសម្បត្តិហូរហៀរ និងភាពរុងរឿងរីកចម្រើន។

-ផ្កា Osmanthus៖ នៅក្នុងភាសាសិន ផ្កា osmanthus (桂—guì) គឺមានសនៀងស្រដៀងនឹង homophone 贵 ដែលមានន័យថា ភាពខ្ពង់ខ្ពស់ មានតម្លៃថ្លៃថ្នូរ និងជាទីស្រលាញ់នៃមនុស្សជុំវិញខ្លួន។

-គូឆាយ/គូឆាយចិន ៖ គូឆាយ/គូឆាយចិន (韭—jiǔ) មានសំនៀងស្រដៀងនឹង 久 ដែលមានន័យថា យូរអង្វែង និងជានិរន្តរ៍។

-ផ្សិត Poria ៖ ផ្សិត Poria (茯苓—fú líng) ត្រូវបានគេដឹងថាមានសំនៀងស្រដៀងនឹងពាក្យ 福禄 (fú lù) ដែលមានន័យថាការជូនពរដ៏អស្ចារ្យ និងការជូនពរឱ្យមានលាភសំណាងល្អ។

7

៨. ឆ្នាំងភ្លើង 火锅 (huǒ guō)

អាហារឆ្នាំងភ្លើង ត្រូវបានគេដឹងថាមានប្រវត្តិជាយូរលង់ណាស់មកហើយ តាំងពីសម័យរាជវង្សឈីង ដោយអាហារជាច្រើនរយមុខបូករួមទាំងអាហារឆ្នាំងភ្លើង ត្រូវបានរៀបចំសម្រាប់ព្រះចៅអធិរាជ និងគ្រួសាររាជវង្ស ហើយអាហារឆ្នាំងភ្លើងជាអាហារដែលមហាក្សត្រសព្វព្រះទ័យជាងគេជាងអាហារនានា។

បើទោះបីជាអាហារឆ្នាំងភ្លើង ជាអាហារសម្រាប់រាជវង្ស តែវាក៏បានក្លាយជាអាហារដ៏ពេញនិយមមួយក្នុងគ្រួសាររាស្ត្រសាមញ្ញដូចគ្នា ដែលអាហារនេះជាអាហារដែលទទួលទានសម្រាប់ជួបជុំគ្រួសារតែម្តង។

ហេតុនេះហើយបានជាអាហារឆ្នាំងភ្លើង ត្រូវបានគេយកជាអាហារសំខាន់មួយផងដែរ នៅក្នុងថ្ងៃចូលឆ្នាំចិន ដើម្បីជួបជុំគ្រួសារជជែកគ្នាលេង និងទទួលទានអាហារពោរពេញទៅដោយបរិយាកាសរីករាយក្នុងឆ្នាំថ្មី៕

8

Chinese New Year Marketing 1a

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក (ហាមធ្វើការចម្លងដោយគ្មានការអនុញ្ញាតិ)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers