កូនខូចជ្រុលខ្លួន ដើរផ្លូវមិនល្អ តើគួរបន្ទោសអ្នកណា? ជាកំហុសរបស់ឪពុកម្ដាយមែនទេ?

នៅពេលដែលមានក្មេងៗខូចខិល ដើរប៉ោឡែ អាវាសែ ជក់ថ្នាំ បែកឆ្វេង មនុស្សជាច្រើនតែងតែនិយាយថា " អាហ្នឹងមកពីម៉ែឪវាមិនចេះប្រដៅ បានជាវាខូចអ៊ីចឹង មិនដឹងចាស់ទុំ ឈ្លើយ ជក់ថ្នាំបែបហ្នឹង " ចុះមានអ្នកណាដឹងខ្លះទេថា ក្មេងខ្លះ ម៉ែឪប្រដៅណាស់ កាន់តែខូចណាស់ គេថា ម៉ែឪប្រដៅមិនបាន ប្រដៅលែងបាន ចុះឱ្យគាត់ទៅធ្វើបែបណា?

5

វាជាកំហុស ជាវិប្បដិសារី ជាការឈឺចាប់ខ្លាំងបំផុត ក្នុងនាមជាអាណាព្យាបាលគ្រប់រូប ពេលបានឃើញកូនជ្រុលជ្រួល ដើរផ្លុវខុស ជក់ថ្នាំ ឆ្កួតនឹងល្បែង ស្រីស្រា ដើរលេងលែងស្គាល់ផ្ទះសម្បែង ឈ្លើយ ព្រហើន មិនដឹងខុសត្រូវ មិនស្គាល់ចាស់ទុំ គ្មានឪពុកម្ដាយណា​ ប្រាថ្នាឱ្យកូនៗក្លាយជាមនុស្សបាតសង្គមបែបនេះឡើយ។ តែពេលខ្លះ ពួកគាត់ពិតជាទ័លតម្រិះហើយ មិនអាចជួយឱ្យកូនត្រឡប់ក្រោយបានទេ ដឹងទេថា ចិត្ត បេះដូងគាត់ឈឺចាប់ គ្រាំគ្រាប៉ុនណា?

6

ប៉ុន្តែ ចិត្តជាឪពុកម្ដាយ ទោះកូនខុសប៉ុនណា ក៏មិណដាច់ចិត្ត បោះបង់ចោលកូនដែរ រឹតតែមិនអាចឈរមើលគេវាយធ្វើបាបកូន វ៉ៃកូន ធ្វើបាបកូន ដូចធ្វើបាបគាត់ខ្លួនឯងអ៊ីចឹង តែក៏មិនដឹងថា គួរធ្វើបែបណា? គាត់តែងតែប្រដៅកូន ឱ្យដើរផ្លុវល្អ ធ្វើជាមនុស្សល្អ ចៀសវាងនូវអំពើអបាយមុខទាំងឡាយ តែនៅពេលដែលកូនជ្រុលជ្រួស គាត់នៅតែបន្ទោសខ្លួនឯង ថាមកពីគាត់ជាឪពុកម្ដាយ ប្រដៅកូនមិនបានល្អ តែតាមការពិត មកពីកូនជាមនុស្សដែលប្រដៅមិនបាន ដូចពាក្យគេថា " គ្មានគ្រូបាអាចារ្យណាប្រដៅបានឡើយ "។

7

ប៉ុន្តែវាក៏មានពិតមែន ក្មេងដែលខូចខិល អាក្រក់ ដើរខុសផ្លូវ ព្រោះតែទម្លាប់ និងការប្រៀនប្រដៅរបស់ឪពុកម្ដាយ។ ឪពុកម្ដាយខ្លះ ពេលឃើញកូនធ្វើខុស នៅតែកាន់ជើងកូន នៅតែទំនើងកូន ភាពទំនើងកូនជ្រុលហួសនេះហើយ ដែលជាហេតុនាំឱ្យកូនដើរខុសគន្លង។ អ្នកណាក៏គេស្រឡាញ់ ថ្នាក់ថ្នម មិនបារម្ភពីកូនដែរ តែព្រោះតែការស្រឡាញ់កូនហួសហេតុ អាចធ្វើបាបកូនអ្នកទៅវិញទេ។ ស្រឡាញ់កូន កុំលើកសរសើរពេលឃើញកូនខុស កុំកាន់ជើងកូនពេលកូនមានបញ្ហាជាមួយអ្នកផ្សេង ត្រូវចេះណែនាំកូន និងស្ដីបន្ទោសកូនខ្លះផង បើមិនចង់ធ្វើបាបកូនទៅថ្ងៃមុខ៕

2

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ