តាមទស្សនៈថ្មី គេបានចាត់ទុកថា អរិយធម៌ ជាធម៌សំយោគរវាង វប្បធម៌ និងសង្គមធម៌ ហើយពុំមែនជាកម្រងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់គ្នាហូរហែតែប៉ុណ្ណោះទេ ។ យើងយល់ថាទស្សនៈនេះមានលក្ខណៈសមរម្យណាស់ ហើយយើងចង់យកមកអនុវត្តក្នុងកិច្ចការរបស់យើងនេះដែរ ដើម្បីបង្ហាញអោយអ្នកអានឃើញភាពនៃសង្គមខ្មែរយើងក្នុងសម័យកាលនីមួយៗ ។ ប៉ុន្តែក្នុងការធ្វើអោយសម្រេចបំណងរបស់យើងខាងលើនេះ យើងត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន ។
យ៉ាងណាមិញ ឯកសារដែលយើងប្រើប្រាស់សម្រាប់ចងក្រងអរិយធម៌ខ្មែរសម័យក្រោយអង្គរនេះ ច្រើនតែជា រាជពង្សាវតារ ។ ដូចមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា រាជពង្សាវតារ ជាឯកសារអធិប្បាយអំពីដំណើរប្រែប្រួលរបស់ស្ដេចផែនដី ម្ល៉ោះហើយពត៌មានដែលយើងអាចស្រង់ចេញពីឯកសារប្រភេទនេះ ច្រើនតែសង្កត់ទៅលើរឿងរ៉ាវដែលទាក់ទងនឹងព្រះមហាក្សត្រ រាជវង្សានុវង្ស នាម៉ឺន ចម្បាំង ចំណែកឯព័ត៌មានដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ការរស់នៅ និងមែកធាងឯទៀតនៃវប្បធម៌និងសង្គមធម៌ មានតិចតួចស្ដួចស្ដើងណាស់ ។
តាមការសង្កេត សៀវភៅប្រវត្តិសាស្ត្រជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ដែលបានចងក្រងរួចមកហើយរហូតដល់ពេលនេះក៏ពុំអាចទៅដល់គោលដៅខាងលើនេះដែរ ។ ចំពោះយើងវិញ យើងពុំហ៊ានអះអាងថានឹងទៅដល់គោលដៅទាំងស្រុងនោះដែរ តែទោះបីមានកង្វះឯកសារយ៉ាងណាក៏ដោយក៏យើងនឹងខិតខំសាកល្បងដោយប្រើឯកសារដែលមានរួចមកហើយ ផ្សំជាមួយនឹងឯកសារបរទេសខ្លះ ដើម្បីធ្វើអោយសង្គមខ្មែរក្នុងអតីតកាលលេចរូបរាងឡើងចំពោះមុខអ្នកអានតាមលទ្ធភាពដែលយើងអាចធ្វើបាន ។
ទោះបីជាលទ្ធិទេវរាជត្រូវខ្មែរបោះបង់ចោលជាស្ថាពរតាំងពីបដិវត្តន៍ នាយត្រសក់ផ្អែមមកម៉្លេះក៏ដោយ ក៏ព្រះមហាក្សត្រនៅមានលក្ខណៈពិសិដ្ឋពុំមានជនណាល្មើសបានឡើយ ហើយដែលគេនិយមហៅថា ព្រះសម្មតិទេព គឺថាជាជនខ្ពង់ខ្ពស់ផុតគេឬក៏ជា ទេវតា ដោយសន្មតក្នុងចំណោមមនុស្ស ជាអាណាប្រជានុរាស្ត្ររបស់ព្រះអង្គ ។ លក្ខណៈពិសិដ្ឋរបស់ព្រះមហាក្សត្រខាងលើនេះ គឺបានមកពីពិធី រាជាភិសេក អោយឡើងសោយរាជ្យសម្បត្តិ (manger la royaute) ។ ពាក្យ សោយ នេះខ្មែរពីបុរាណលោកបានប្រើជាហូរហែររៀងមក មានភស្តុតាងក្នុងសិលាចារឹកជាដើម តែលោកសរសេរថា ស្វេយ ទៅវិញ (ស្វេយវ្រៈ ធម៌្មរាជ្យ សិលាចារឹកប្រាសាទ លុះគ.ស.១០៤៩) ។ គួរគប្បីជ្រាបថាក្សត្រអង្គណាដែលមិនទាន់បានអភិសេក ហើយគ្រាន់តែបានទទួលរាជសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រជាបណ្ដោះអាសន្នសិននោះ តាមក្បួនលោកអោយហៅថា គ្រងរាជសម្បត្តិ ដូចជាករណីរបស់ ព្រះបរមរាជាទី២ ចៅពញាយ៉ាត កាលដែលវាយរំដោះបានរាជធានីអង្គរពីកណ្ដាប់ដៃនៃទ័ពសៀម និងព្រះចន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកន ជាស្ថាពរនៅឡើយ ។ ម្យ៉ាងទៀត ប្រសិនបើអភិសេកក្នុងពេលធ្វើសង្គ្រាមលោកអោយហៅថា សង្គ្រាមាភិសេក ហើយប្រសិនបើអភិសេកក្រោយដែលបានបង្ក្រាបខ្មាំងសត្រូវអោយរាបទាបលោកអោយហៅថា ប្រាប្តាភិសេក ទៅវិញ ។ ត្រង់នេះ គួរគប្បីជ្រាបថាក្សត្រដែលអាចអភិសេកឡើងសោយរាជ្យពេញលក្ខណៈជាព្រះមហាក្សត្របានលុះណាតែមាន គ្រឿងសម្រាប់រាជ្យ គឺ ព្រះខាន់១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចក្សេត្រ ។ ប៉ុន្តែបើតាមឯកសារខ្មែរខ្លះ គេបញ្ចូលព្រះខាន់រាជ្យរឺព្រះខាន់ជ័យ នេះទៅក្នុងចំណោមគ្រឿងបញ្ចក្សេត្រ វិញដែលគេហៅថា បញ្ចកកុធភ័ណ្ឌ ឬ រាជកកុធភ័ណ្ឌ គឺ៖
ប្រភពដែលបាននិយាយទៀតថា: " កាលនឹងស្ដេចចេញទៅធ្វើរាជសង្គ្រាមក៏ត្រូវយក ព្រះខាន់ជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹងយកព្រះខាន់ ប្រហារអោយវិនាសទៅបាន រួមសេចក្ដីទៅថាត្រូវតែសម្លាប់ដោយកិត្តិយស" ។ ទោះបីចាប់ពីរជ្ជកាលព្រះបាទត្រសក់ផ្អែមតមក ខ្មែរយើងកាន់ខ្ជាប់តែព្រះពុទ្ធសាសនាហីនយានក៏ដោយ តែ ព្រះខាន់រាជ្យនិងគ្រឿងបញ្ចក្សេត្រ ត្រូវបានពួកបាគូ ជាអ្នកថែរក្សាយ៉ាងតឹងរ៉ឹងហើយនឹងមានកិច្ចធ្វើពិធីបូជាជារៀងរាល់ខែផង ។
ពួកបាគូនេះជាកូនចៅមានតំណវង្សពីពួកព្រាហ្មណ៍បុរោហិត គឺពួកព្រាហ្មណ៍ដែលមាននាទីប្រារព្ធធ្វើរាជាពិធីផ្សេងៗ ក្នុងព្រះរាជវាំងនាសម័យអង្គរ ដែលព្រះរាជាខ្មែរភាគច្រើននិយមរាប់អានសាសនាព្រាហ្មណ៍ជាងព្រះពុទ្ធសាសនា ។ តាមរាជពង្សាវតារខ្មែរ ថាកាលដែលស្ដេចកន មានជ័យជំនះហើយ សម្ដេចឥសីភទ្ទ បានយកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និង គ្រឿងបញ្ចក្សេត្រ ទៅលាក់ទុកក្នុងរន្ធនៃប្រហោងដើមចំបក់មួយនៅក្នុងព្រៃ ។ លុះស្ដេចកនទទួលអភិសេកឡើងសោយរាជ្យ ព្រះអង្គទ្រង់ចាត់អោយគេ ដើររកគ្រឿងសម្រាប់រាជ្យ ទាំងនោះនៅគ្រប់ទិសទីតែរកពុំឃើញសោះ ។
ចំណែកឯព្រះចន្ទរាជា កាលដែលនាម៉ឺនសព្វមុខមន្ត្រីសូមយាងព្រះអង្គទទួលប្រាប្ដាភិសេកឡើងសោយរាជសម្បត្តិនោះ ព្រះអង្គទ្រង់ប្រកែកព្រោះរក គ្រឿងសម្រាប់រាជ្យ មិនទាន់ឃើញ ។ បើតាមរាជពង្សាវតារខ្មែរថា គ្រឿងទាំងនោះគេអាចរកឃើញឡើងវិញដោយសារតែក្រឡាពាសម្នាក់ដេកយល់សប្តិឃើញគេមកប្រាប់អោយទៅយក ។ រួមសេចក្ដីមក យើងឃើញថា គ្រឿងសម្រាប់រាជ្យ ដូចបានពោលខាងលើនេះមានសារៈសំខាន់ណាស់ ។
បុគ្គលដែលឡើងសោយរាជ្យតែពុំមានគ្រឿងនេះទេ គេចាត់ទុកថា ពុំមានលក្ខណៈជាស្ដេចទ្រង់រាជ្យពេញលេញទេ ។ ដោយហេតុនេះ ក្នុងគ្រាអាសន្នបើទោះបីមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ពួកព្រាហ្មណ៍បាគូសេវកាមាត្យត្រូវខំរំដោះគ្រឿងសម្រាប់រាជ្យនេះអោយបាន តួយ៉ាងដូចកាលពីគ.ស.១៣៥២នៅពេលដែលសៀមវាយបែករាជធានីអង្គរក្នុងរជ្ជកាលព្រះបាទ លំពង់រាជា នោះពួករាជគ្រូបុរោហិតបាននាំយក គ្រឿងសម្រាប់រាជ្យ វាយទម្លាយទ័ពសៀមរត់រួចចេញទៅ ។ ដូច្នេះ យើងឃើញថាអំណាចរបស់ព្រះរាជាស្ថិតនៅលើព្រះរាជពិធី រាជាភិសេក នេះ១ និងលើ គ្រឿងសម្រាប់រាជ្យនេះ១ ។ អំណាចទាំងឡាយមានប្រភពចេញមកពីព្រះរាជា ។
ព្រះអង្គជាអ្នកតាក់តែងច្បាប់ ប៉ុន្តែជាច្បាប់សាធារណៈប៉ុណ្ណោះ ។ ព្រះអង្គក៏ជាអគ្គមេបញ្ជាការលើកងទ័ពជាតិហើយតែងតែលើកទ័ពផ្ទាល់ព្រះអង្គទៅប្រយុទ្ធប្រឆាំងនឹងមារសត្រូវទាំងខាងក្រៅប្រទេសក៏ដូចជាខាងក្នុងប្រទេស : ដោយហេតុនេះបានជាយើងឃើញ ព្រះស្រីរាជា លើកទ័ពផ្ទាល់ព្រះអង្គទៅរំដោះយកអាណាខេត្តខាងលិច ព្រះចន្ទរាជា ព្រះបរមរាជាទី៤ និងព្រះសត្ថាទី១ សុទ្ធតែបានលើកទ័ពវាយយកទឹកដីខ្មែរដែលត្រូវបាត់បង់ ហើយសុទ្ធតែបានទៅដល់រាជធានីស្រីអយុធ្យា ចំណែកឯព្រះបរមរាជាទី៤ ទ្រង់បានលើកទ័ពចេញទៅតទល់នឹងស្ដេចលាវ ដែលមកសងសឹកក្រោយពីប្រជល់ដំរីចាញ់ខ្មែរ ។
ដោយសារព្រះរាជពិធីរាជាភិសេក ព្រះរាជាក៏ក្លាយទៅជាមេសាសនាផងដែរ ។ ព្រះអង្គមានសិទ្ធិជ្រើសរើសព្រះសង្ឃ និងមានសិទ្ធិដកសក្ដិពីមន្ត្រីប្រភេទនេះទៀត ។ ដោយសារព្រះរាជពិធីដដែលនេះ ព្រះរាជាក៏មានឋានៈជា ម្ចាស់ជីវិតលើត្បូង មានសិទ្ធិអោយស្លាប់ អោយរស់លើសព្វសត្វនៅលើផែនដី បានសេចក្ដីថា ព្រះអង្គជាចៅក្រមម្នាក់អាចវិនិច្ឆ័យទោសកំហុសជាយថាហេតុ ប៉ុន្តែក្នុងករណីចុងក្រោយនេះ ក៏ដូចជាក្នុងករណីឯទៀតៗដែរ ព្រះអង្គត្រូវប្រកបដោយ ទសពិធរាជធម៌ មាន ទាន សីល នេះជាដើម ។ ដូច្នេះ ទោះបីព្រះរាជាជាប្រភពនៃអំណាចគ្រប់បែបយ៉ាង កាន់កាប់អំណាចគ្រប់ប្រភេទក៏ដោយក៏ពុំមានសេចក្ដីថា ព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ។ ផ្ទុយទៅវិញព្រះអង្គត្រូវប្រកប ដោយសីលធម៌អោយបរិបូរណ៌ និងគោរពច្បាប់ថែមទៀតផង ។
ការដែលមានព្រះរាជាខ្លះដូចជា ចៅពញាអន និងចៅពញាញោម ពុំគោរពក្រិត្យវិន័យសម្រាប់ក្សត្រទ្រង់រាជ្យហើយបែរជាប្រព្រឹត្ត អំពើអបាយមុខរំលោភលើរូបប្រពន្ធកូនអ្នកដទៃបណ្ដាលអោយមានវឹកវរក្នុងផ្ទៃប្រទេសនោះ គឺជាអំពើពុំសមរម្យ ចំពោះអ្នកដឹកនាំជាតិដែលត្រូវមានករណីយកិច្ចមើលសុខទុក្ខលើអាណាប្រជានុរាស្ត្រទេ ។
ក្នុងសម័យកាលដែលយើងបានលើកមកសិក្សាក្នុងទីនេះ យើងឃើញថាព្រះរាជាដែលសោយរាជ្យបន្តបន្ទាប់គ្នា ទ្រង់បានគង់នៅក្នុងរាជធានីបីសំខាន់ គឺរាជធានីភ្នំពេញ ចតុមុខ រាជធានីលង្វែក និងរាជធានីទួលបាសានស្រីសន្ធរ ។ តាមពត៌មានដែលឯកសារផ្សេងៗ បានផ្ដល់និងតាមដែលយើង អាចពិនិត្យឃើញពេលសព្វថ្ងៃនេះ ឃើញថាទីតាំងនៃរាជធានីទាំងនោះសុទ្ធតែជាចំណុចយុទ្ធសាស្ត្រ ស្ថិតនៅជិតទន្លេ បឹង និងព្រៃ ជាឧបសគ្គសម្រាប់ការពារខ្លួនបានស្រួល ។
ម្យ៉ាងទៀត រាជាធានីនីមួយៗសុទ្ធតែមានកំពែង និងគូ ឬ អូរ ព័ទ្ធជុំវិញ ហើយមានបន្ទាយមានសើននៅច្រើនកន្លែងសម្រាប់ការពារទៀត ។ រាជធានីលង្វែកជាបន្ទាយមាំមួយជាងបន្ទាយឯទៀត នេះគឺដោយសារតែមានព្រៃឫស្សីយ៉ាងក្រាស់ដែលព័ទ្ធពីក្រៅគូទឹកទៀត ប៉ុន្តែនៅតែធ្លាក់ក្នុងកណ្ដាប់ដៃសៀម ដោយខ្មែរយើងចាញ់កលល្បិចគេ ។ គួរគប្បីបញ្ជាក់ថា ក្រៅពីអគ្គមហេសីព្រះរាជានៅមានស្រីស្នំស្រឹង្គារជាច្រើនទៀត ដែលគេអាច ចែកការងារជាច្រើនថ្នាក់ គឺពីទាបទៅខ្ពស់៖
ពេលសោយទីវង្គតទៅ គេតែងលើកព្រះសពតំកល់ក្នុងកោដ្ឋ ធ្វើបុណ្យថ្វាយព្រះភ្លើង រួចយកបរមអដ្ឋិធាតុទៅបញ្ចុះក្នុងចេតិយដែលច្រើនតែសាងនៅលើភ្នំ ដូចជាភ្នំដូនពេញ (ចេតិយព្រះបរមរាជាទី២ ចៅពញាយ៉ាត) ភ្នំរាជទ្រព្យ (ចេតីយព្រះចន្ទរាជា) ។ ល ។ ក្នុងករណីគូបដិបក្សជាប់ញាតិវង្ស ហើយត្រូវធ្វើគុត ក៏ព្រះរាជាតែងធ្វើបុណ្យថ្វាយព្រះភ្លើងដល់ព្រះសពអោយសមឋានៈជាក្សត្រដែរ ដូចជា ព្រះធម្មរាជាទី១ ទ្រង់បានសុំសពព្រះរៀមគឺព្រះស្រីរាជា និងក្មួយគឺ ស្រីសុរិយោទ័យ ពីព្រះចៅសៀម និងព្រះចន្ទរាជា បានបញ្ជាអោយគេយកសព ពញាអុង ពីសមរភូមិកាលដែលលើកទ័ពចូលមកវាយខ្មែរ ដើម្បីយកទៅធ្វើពិធីថ្វាយព្រះភ្លើងតាមប្រពៃណីក្សត្រ ។
គេឃើញមានជាអាទិរាជវង្សានុវង្សគឺ៖ ឧភយោរាជ: តាមន័យដើម ពាក្យនេះមានន័យថា ក្សត្រដាក់រាជ្យអោយអង្គណាមួយ សោយតំណាងព្រះអង្គ ទទួលរាជសក្ដិជាក្សត្រកណ្ដាលជួយដាស់តឿនក្រើនរំលឹកក្សត្រទ្រង់រាជ្យ និងក្សត្រឧបរាជទាំងពីរអង្គ អោយស្ថិតនៅក្នុងទសពិធរាជធម៌ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងវិញ ឧភយោរាជ ជាក្សត្រដែលមានព្រះឋានៈបន្ទាប់ពីក្សត្រទ្រង់រាជ្យ (ឧ.ព្រះស្រីសុរិយោពណ៌) ។
ឧបរាជ ឬ មហាឧបរាជ: ឋានៈជា ឧបរាជ នេះមានមកជាយូរណាស់មកហើយ ។ គេជ្រើសរើស ឧបរាជ ក្នុងចំណោមបុត្រច្បង ឬ អនុជក្សត្រទ្រង់រាជ្យដែលមានគុណវុឌ្ឍីដ៏ខ្ពង់ខ្ពស់ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងពុំមែនសុទ្ធ តែមានដំណើរប្រព្រឹត្តទៅបែបនេះទេ ព្រោះកាលដែលព្រះ សត្ថាទី១ ដាក់រាជ្យថ្វាយទៅព្រះរាជាបុត្រច្បងនាមព្រះជ័យជេដ្ឋា ដែលមានព្រះជន្ម១១វស្សាអោយឡើងសោយរាជ្យនិងលើកព្រះរាជបុត្របន្ទាប់នាម ចៅពញាអន ដែលមានព្រះជន្មទើបបាន៦វស្សា អោយឡើងឋានៈជាឧបរាជនោះ អំពើនេះធ្វើអោយមានការអាក់អន់ស្រពន់ចិត្តច្រើន ក្នុងចំណោមនាម៉ឺនសព្វមុខមន្ត្រីនិងអាណាប្រជានុរាស្ត្រ ។
ព្រះវររាជមាតា ឬ ព្រះវររាជអយ្យកា ក៏ទំនងជាមានឥទ្ធិពលខ្លាំងក្លាណាស់ដែរ ព្រោះកាលដែលព្រះកែវហ៊្វាទី១ ចៅពញាញោម មិនប្រកបដោយទសពិធរាជធម៌ សម្ដេចព្រះទេវីក្សត្រីត្រូវជាសម្ដេចព្រះអយ្យកាបានជំនុំនឹងមន្ត្រី រួចផ្ញើរសារទៅក្រុងអយុធ្យា ក្រាបទូលព្រះចៅសៀមបើកសម្ដេចព្រះស្រីសុរិយោពណ៌ អោយចេញមកក្រុងកម្ពុជាធិបតីវិញ ។
ចៅហ៊្វាទឡ្ហៈ: បើប្រៀបធៀបនឹងសព្វថ្ងៃ ចៅហ៊្វាទឡ្ហៈ មានបណ្ដាសក្តិស្មើនឹង នាយករដ្ឋមន្ត្រី ឬ រដ្ឋមន្ត្រីទី១ ។ បន្ទាប់ពី ចៅហ៊្វាទឡ្ហៈ មកគេឃើញមានមន្ត្រីជាន់ខ្ពស់ ៤រូបទៀត ដែលមានមុខងារជាអ្នកសម្រេចរាជការ និងគ្រប់គ្រងផែនដីរួម និងព្រះមហាក្សត្រ ។ មន្ត្រីជាន់ខ្ពស់ទាំង៤នេះគេចាត់ដូចសសរជើងរៀងទាំង ៤ នៃប្រាសាទ ទើបមាននាមរួមថាចតុស្ដម្ភ :
មហាតលិក: នេះជាមន្ត្រីខ្ញុំរាជការដែលមានងារគាល់បម្រើព្រះរាជា ។ ស្ដេចកន កាលពីដើមជា មហាតលិក មួយរូបដែលត្រូវបានព្រះបាទស្រីសុគន្ធបទ តម្ដើងអោយឡើងឋានៈជា ឃុនហ្លួងព្រះស្ដេច ។
ហោរា : ជាមន្ត្រី១ប្រភេទដែលមានមុខងារសំខាន់ណាស់ដែរ ព្រោះក្នុងសម័យនោះ តាំងពីក្សត្រទ្រង់រាជ្យដល់អាណាប្រជានុរាស្ត្រសុទ្ធ តែមានជំនឿលើការទស្សន៍ទាយ ។ មុននឹងលើករាជធានីពីទួលបាសានមកភ្នំពេញ ព្រះបរមរាជាទី២ ចៅពញាយ៉ាត ទ្រង់បានបញ្ជា ឧកញ៉ាហោរាធិបតីខៀវ និងមន្ត្រីឯទៀតអោយមកពិនិត្យមើលក្នុងកន្លែងតាមក្បួនហោរាសិន ។ ឯព្រះបាទស្រីសុគន្ធបទ ពេលទ្រង់ យល់សុបិន្តឃើញនាគដេញពាំស្វេតច្ឆត្រ ក៏បានអោយហោរាទស្សន៍ទាយទៅឃើញថាមានគេចង់ជ្រែករាជ្យ គឺស្ដេចកននេះឯង ។
ចៅជិត ចៅចម: ចៅជិត គឺពួកស្ត្រីជាព្រះរាជបរិវារ មានមុខងារក្រាបបង្គំគាល់បម្រើជិតស្និទ្ធក្នុងព្រះរាជត្រកូល ឯចៅចម គឺពួកស្ត្រីជារាស្ត្រសាមញ្ញដែលគេថ្វាយអោយធ្វើជាមហេសីស្ដេចបានដល់ពួកស្រីស្នំស្រឹង្គារនេះឯង ។
ដកស្រង់ទាំងស្រុង៖ km.wikipedia.org