នៅព្រឹកថ្ងៃទី ៧ មិនា ឆ្នាំ ២០២០ នេះ ករណីអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី COVID-19 បានកើនឡើងដល់ ១០១ ៩១៧ ករណី ខណៈអ្នកស្លាប់ដល់ ៣ ៤៨៨ នាក់ និងព្យាបាលសះស្បើយប្រមាណ ៥៧ ៣៧៦ ករណី។
ទន្ទឹមនឹងការកើនឡើងជាបន្តបន្ទាប់នេះ ដំណឹងផ្លូវការពីប្រទេសចិនបានប្រកាសហើយថាវ៉ាក់សាំងផ្លូវការអាចនឹងដាក់ឲ្យដំណើរការនៅខែមេសាខាងមុខ។ នេះបើតាមសារព័ត៌មាន DailyMail បានចុះផ្សាយនៅថ្ងៃទី ៦ មិនាកន្លងទៅនេះ។
ប្រធានមជ្ឈមណ្ឌលបច្ចេកទេសនិងស្រាវជ្រាវនៃប្រទេសចិនលោក Zheng Zhongwei បានមានប្រសាសន៍ថា៖ "យើងប៉ាន់ប្រមាណថានៅក្នុងខែមេសា ដោយស្របទៅតាមច្បាប់បញ្ញត្តិរបស់ប្រទេសចិន ហើយក៏សង្ឃឹមថាវ៉ាក់សាំងមួយចំនួននឹងដាក់ឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់នៅដំណាក់កាលដំបូង"។
លោកបានពន្យល់ក្នុងន័យសង្កត់ធ្ងន់ថា៖ "វីរុសនេះវាជាវីរុសថ្មី បែបនេះហើយត្រូវការដំណាក់កាលក្នុងការស្វែងរកនិងយល់អំពីវា មិនខុសពីការអភិវឌ្ឍវ៉ាក់សាំងទេ យើងត្រូវការដោះស្រាយវាម្តងបន្តិចៗឲ្យស៊ីជម្រៅបំផុត"៕
ប្រែសម្រួល៖ Knongsrok | ប្រភព៖ DailyMail