មនុស្សគ្រប់គ្នាភាគច្រើន ជាពិសេសគឺ ប្រុសៗ រមែងមិនសូវឱ្យតម្លៃមនុស្សស្រីប៉ុន្មានឡើយ ព្រោះពួកគេគិតថា មនុស្សស្រីគឺជាភេទទន់ជ្រាយ ហើយអាចរ់សនៅបាន ដោយសារតែមានឪពុកម្ដាយ ឬប្ដីចិញ្ចឹមតែប៉ុណ្ណោះ ដូចពាក្យចាស់តែងតែពោលថា មនុស្សស្រីបង្វិលតែចង្ក្រានមិនជុំផង។ ដូច្នេះ ព្រោះតែពាក្យមើលងាយ និងមិនឱ្យតម្លៃទាំងនេះហើយ អ្នកគួរតែអានដំបូន្មានទាំង១០ចំណុចនេះ ដើម្បីកែប្រែខ្លួនឯង សាជាថ្មីឡើងវិញ ៖
១. អ្នកគួរតែដើរចេញឱ្យបានឆាប់ ចេញពីកន្លែងដែលមិនស្វាគមន៍អ្នក ចាកចេញពីមនុស្សដែលមិនឱ្យតម្លៃអ្នក កុំឱ្យមានអារម្មណ៍ថាខ្លួនឯងកាន់តែថោកបន្តទៀតអី។
២. មនុស្សស្រីខ្លាំងពូកែ គេមិនមែនចំណាយពេល ដេញតាមស្នេហានោះទេ តែគេនឹងចំណាយពេលធ្វើខ្លួនឯងឱ្យកាន់តែមានតម្លៃ ដេញតាមក្ដីស្រមៃរបស់ខ្លួនឯង ទើបជារឿងដែលល្អបំផុត។
៣. គ្មាននរណាម្នាក់ អាចមកបន្ទាបតម្លៃ ឬធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ក្រៅតែពីអ្នកខ្លួនឯងនោះឡើយ។
៤. កុំបង្ខំខ្លួនឯង ឱ្យនៅទ្រាំក្នុងទំនាក់ទំនងណាមួយឱ្យសោះ ព្រោះការបង្ខំ វាមិនមែនជាដំណោះស្រាយដែលល្អនោះឡើយ។
៥. សូមចាំថា អ្នកគឺជាមនុស្សដែលស្អាតជានិច្ច ឱ្យតែអ្នកស្អាតចិត្ត ស្អាតគំនិត និងមានអត្តចរិតល្អ។
៦. មិនបាច់យកខ្លួនឯង ទៅប្រៀបធៀបជាមួយអ្នកណានោះទេ ព្រោះមនុស្សយើងម្នាក់ៗ គឺមានចំណុចល្អ និងអាក្រក់ផ្សេងៗគ្នា សំខាន់ យើងត្រូវចេះបំពេញ នូវចំណុចខ្វះចន្លោះរបស់ខ្លួនឯង។
៧. អ្នកនឹងបានឃើញមិត្តពិតប្រាកដ នៅក្នុងពេលដែលអ្នកលំបាក អ្នកជួបបញ្ហា អ្នកត្រូវការអ្នកនៅក្បែរ គឺមានតែមិត្តតិចបំផុត ដែលមិនបោះបង់អ្នកចោល។
៨. ការប្រកួតប្រជែងតែមួយគត់របស់អ្នកគឺ ប្រកួតឱ្យឈ្នះខ្លួនឯង មិនមែនចង់ចាញ់ឈ្នះអ្នកដទៃនោះឡើយ។ ធ្វើឱ្យខ្លួនឯងកាន់តែមានជំនាញ ប្រសព្វនូវមុខវិជ្ជា ឬការងារណាមួយ នោះហើយ ជាភាពខ្លាំង និងក្លាហានរបស់អ្នក។
៩. ការខិតខំធ្វើការ និងរកលុយគឺជារឿងសំខាន់ក៏ពិតមែន តែកុំភ្លេចគិតពីសុខភាព និងថែរក្សាសម្រស់របស់ខ្លួនឯងផង កុំចេះតែបណ្ដែតបណ្តោយ ព្រងើយកន្តើយខ្លាំងពេក កុំធ្វើឱ្យខ្លួនឯង ចាស់ទៅតាមវ័យ។
១០. ចូរផ្ដល់អាទិភាព អត់ឱន និងស្រឡាញ់ខ្លួនឯងឱ្យបានច្រើន កុំចេះតែបន្ទោស ដាក់កំហុស ដាក់សម្ពាធ និងធ្វើឱ្យខ្លួនឯង មិនសប្បាយចិត្តច្រើនពេកអី៕
អត្ថបទប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)