ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ គឺរកឃើញចំនួន១ករណីថ្មីទៀត ជាបុរសខ្មែរ សញ្ជាតិអាមេរិកកាំងមកពីសហរដ្ឋអាមេរិក ដែលបានមកដល់កម្ពុជាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ជើងយន្ដហោះរបស់បុរសដែលមកពីសហរដ្ឋអាមេរិកនោះ មានអ្នកដំណើរចំនួន ១១២ នាក់ ស្ត្រី ៤១នាក់ និងបុរស ៧១នាក់។ ចំពោះអ្នកដំណើរដទៃជាលទ្ធផលគឺ អវិជ្ជមាន តែត្រូវបានដាក់នៅដោយឡែករយៈពេល ១៤ថ្ងៃ។ ចំណែកឯបុរសដែលរកឃើញវិជ្ជមានគឺ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀតហើយ។
សរុបចំនួនអ្នកឆ្លងជំងឺ Covid-១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ១៣០នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ និងបុរសចំនួន ៩១នាក់។ អ្នកព្យាបាលជាសះស្បើយមានចំនួន ១២៧នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៣នាក់៕