ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! ករណីរលំទ្វាដែកសង្កត់ក្មេងប្រុសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ មានករណីក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ និង​ក្មេង​១​នាក់​ទៀត​រង​របួសស្រាល បានបង្ក​ការឱ្យមានភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំងដល់​​អ្នក​ភូមិ និងបាននាំ​គ្នា​ប្រញាប់ប្រញាល​ជួយ​សង្គ្រោះ ដឹក​ទៅ​កាន់​មន្ទីរពេទ្យភ្លាមៗ។ ករណីនេះដែរបានកើតឡើងដោយសារតែ ក្មេងៗបាននាំ​គ្នា​លេង​មុខ​ផ្ទះ ហើយ​ចាប់​ទ្វាររបង​ដែក​រុញលេង ស្រាប់តែ​អកុសលដួល​រលំ ហើយសង្កត់ពីលើតែម្ដង។

បើយើងតាមសេចក្ដីរាយការណ៍របស់​សមត្ថកិច្ច​នគរបាល​ស្រុកបាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់ មានឈ្មោះ រុន ចំរុង អាយុ​០៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។ ចំណែក​ក្មេង​២​នាក់​ទៀត​មានឈ្មោះ ភា​រ៉ា និង​ឆៃ​រ៉ាត់ អាយុ​១០​ឆ្នាំ ត្រូវ​ចំ​ជើង​ឆ្វេង​របួសស្រាល ។

សមត្ថកិច្ច​ស្រុក​លើក​ដែកក៏បានបន្ថែម​ទៀត​ថា ក្មេង​ប្រុស​រង​គ្រោះ និង​គ្នីគ្នា​៤​ទៅ​៥​នាក់ បាន​នាំ​គ្នា​មក​លេង​នៅ​ក្នុង​ដី​ឡូ​រ៍របស់​ជីតា​ឈ្មោះ ឆោម ឈាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យាវ គី អាយុ​៥០​ឆ្នាំ នៅ​ភូមិ​-ឃុំ​ខាងលើ ។ បន្ទាប់​មក​នាំ​គ្នា​លេង​រុញ​ទ្វាររបង ទៅ​មក​ៗ ស្រាប់តែ​ធ្វើ​ឱ្យ​ផុត​គន្លឹះ​ខ្ទាស់​ទ្វារ​របូត បណ្ដាល​ឱ្យ​រលំ​ទ្វារ​ដែក​សង្កត់ពីលើ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ រុន ចំរុង (​ស្លាប់​) និង​ពីរ​នាក់​ទៀតរង​របួសស្រាល៕

116152176_587610498577612_4743391039833548388_n

116683683_587610458577616_8073627731298857503_n

116691851_587610538577608_6490917233188174176_n

116905635_587610475244281_882776931679511670_n