វែងតែល្អចំពោះបងៗប្អូនៗស្រ្តីគ្នាយើង គួរតែអាន! នេះជាមេរៀនពីស្ត្រី ដែលធ្វើការនៅក្នុងហាងកាបូបប្រេន អស់រយៈពេល ៥ឆ្នាំ

អ្នកធ្វើការនៅក្នុងហាងកាបូប Brand 5ឆ្នាំម្នាក់ ដាស់តឿនដល់ភរិយាទាំងអស់ សូមឱ្យរស់នៅប្រៀបដូចជាប្រពន្ធចុងដែរ។

Wendy គឺជាមិត្តខ្ញុំម្នាក់ដែលធ្វើការនៅក្នុងហាងកាបូប Brandមួយកន្លែង។ នាងចូលចិត្តអានអត្ថបទខ្ញុំណាស់  ហើយក៏បានរៀបរាប់រឿងរ៉ាវជាច្រើនឱ្យខ្ញុំស្តាប់។ ក្រោយបានទទួលការអនុញាតិពីនាងហើយ ខ្ញុំក៏បានចងក្រងអត្ថបទនេះឡើង។

មនុស្សស្រីស្រឡាញ់ខ្លួនឯង គឺជាប្រធានបទនិយាយរៀងរហូតទៅហើយ ប៉ុន្តែឱ្យស្រឡាញ់ខ្លួនឯងរហូតពិតប្រាកដនោះ វាជារឿងដែលពិបាក។ មាត់តែងនិយាយថាឯករាជ្យៗ តែនៅក្នុងចិត្តតែងមានដក់ជាប់គំនិតចាស់កម្រិលដែលសង្គមមនុស្សប្រុសបានតាក់តែងមកជាយូរ សូម្បីតែខ្លួនយើងក៏មិនដែលចាប់អារម្មណ៍ដែរ។

នៅពេលដែលយើងក្លាយជាម្តាយគេ ប្រពន្ធគេ រាល់តួនាទីភារៈកិច្ចគោរពប្រតិបត្តិប្តី មើលថែគ្រួសារ សាច់ញាតិប្តី នោះហើយជាគំនិតសង្គមមនុស្សប្រុសតាក់តែងដាក់គំនាប។

0039bc035d778b7d664fe67b47713d8c

ខ្ញុំចូលធ្វើការ5ឆ្នាំហើយ ពេលទើបចូលដំបូងក៏បានធ្វើរឿងល្ងង់ខ្លៅមួយ។ ថ្ងៃនោះមានប្តីប្រពន្ធវ័យកណ្តាលមួយគូបានចូលមកក្នុងហាង ជាថ្ងៃកំណើតប្រពន្ធ ប្តីចង់ទិញកាបូបជូនជាកាដូដល់ប្រពន្ធគាត់ នាងបានរើសចុះរើសឡើងយ៉ាងយូរ ក៏សម្រេចចិត្តយកកាបូបដែលមានតម្លៃថោកជាងគេ។ ពេលគិតប្រាក់ប្រពន្ធគាត់ក៏និយាយថា ៖" ថ្ងៃមុនប្តីខ្ញុំបានទិញអាវធំមួយឆុតដែរ ជួយឆែកឱ្យខ្ញុំបន្តិច តើពួកយើងបានចំណាយអស់ប៉ុន្មានហើយ?" ខ្ញុំក៏ឆែកឱ្យគាត់ភ្លាម។ ក្រោយមកមិត្តរួមការងារប្រាប់ខ្ញុំថា ម្នាក់ប្រុសនោះក្អកហើយស៊ីញ៉ូដាក់ខ្ញុំកុំឱ្យឆែក ប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍នឹងគាត់សោះ ពេលនោះគាត់ទាំង២នាក់បានឈ្លោះគ្នាខ្លាំងណាស់។

ក្រោយមក បុគ្គលិកថ្មីត្រូវបានបង្វឹកមួយផ្នែកទៀត ហាមប្រាប់ព័ត៌មាននៃការចំណាយរបស់ភ្ញៀវ។ ប្រធានផ្នែកលក់ប្រាប់ខ្ញុំថា ៖" អ្នកមាន មានរឿងរ៉ាវច្រើន ថ្ងៃក្រោយអ្នកនឹងដឹងដោយខ្លួនឯងហើយ។" កាលណោះខ្ញុំទើបតែអាយុ២៥ឆ្នាំ គឺមានក្តីស្រមៃដូចក្មេងស្រីទូទៅដែរ ស្រមៃចង់ក្លាយជាជំទាវតូច ប៉ុន្តែក្រោយពេលបានស្គាល់អ្នកមានកាន់តែច្រើន ខ្ញុំកាន់តែយល់ថា មនុស្សស្រីយើងត្រូវខំប្រឹងរកលុយដោយខ្លួនឯងទើបប្រសើរ។

E003263a3683d73f8de21102378c7ed8

ភ្ញៀវដែលមានទំនាក់ទំនងល្អជាមួយយើងមាន២ប្រភេទ ៖

"ជាថៅកែស្រីដែលមានលុយទិញដោយខ្លួនឯង និងជាស្រីកំណាន់ដែលគេចិញ្ចឹមក្នុងទ្រុងមាស"។

ថៅកែស្រីដែលមកទិញម្តងជា២ដងហើយ យល់ចិត្តហើយ ពួកគាត់តែងទាក់ទងមកតាមឆាត ឱ្យយើងជាអ្នករើសម៉ូតឱ្យហើយ ផ្ញើទៅឱ្យពួកគាត់តែម្តង។ ពួកនាងវៀងវៃ លម្អិត ស្គាល់ច្បាស់ពីរបស់ អ្នកត្រូវតែណែនាំរបស់ល្អត្រឹមត្រូវ ម៉ូដដែលអាចឡើងថ្លៃ នឹងក្លាយជា classic ឱ្យពួកគាត់។ ហើយប្រសិនបើអ្នកហ៊ានណែនាំម៉ូដដែលឆើត ទាន់សម័យតែល្បីបានពីរបីឆ្នាំក៏ហួសសម័យអី ពួកគាត់នឹងខឹង ហើយយល់ថា អ្នកគិតថាគាត់ជាមនុស្សល្ងង់មិនខាន។

ដំបូងឡើយ ទាក់ទងភ្ញៀវដែលខ្លាំងបែបនេះ ខ្ញុំក៏មិនសូវជាទម្លាប់ប៉ុន្មានដែរ ពួកគាត់ទាមទារតម្រូវការខ្ពស់ ហើយនិយាយត្រង់ៗប្រាប់យើងតែម្តង "កុំគិតថាខ្ញុំល្ងង់ ហើយមិនដែលស្គាល់សង្គមឱ្យសោះ បើនៅតែណែនាំរបស់អត់តម្លៃបែបនេះទៀត ខ្ញុំនឹងលែងរកអ្នកហើយ!" ប៉ុន្តែបានស្គាល់ភ្ញៀវបែបនេះប៉ុន្មាននាក់ យើងរីកចម្រើនលឿន ពួកនាងបង្ខំឱ្យយើងចេះឈ្វេងយល់ ស្រាវជ្រាវពីម៉ាក អ្នកច្នៃម៉ូដ យល់ពីផលិតផលលម្អិតកាន់តែច្បាស់ ហើយកាត់សេចក្តីថា វាអាចជាម៉ូដដែលល្បីយូរ មានតម្លៃគួរវិនិយោគបាន។ នៅពេលដែលអ្នកមានជំនាញឯកទេសច្បាស់បែបនេះហើយ ភ្ញៀវនឹងកាន់តែជឿជាក់លើអ្នកមិនខាន។

6b1025f52cc558b07eb6ef5ac2375e5e

 

មានមនុស្សជាច្រើនសួរខ្ញុំថា អាចរកលុយបានដែរ? បើមួយថ្ងៃលក់កាបូបមួយមិនចេញផង? របរដូចពួកខ្ញុំនេះគឺពឹងលើភ្ញៀវVIPទេ ខ្ញុំមានភ្ញៀវម្នាក់ជាសហក្រិនក្នុងស្រុក មួយឆ្នាំៗគាត់ចំណាយទិញរបស់ពីខ្ញុំរាប់រយម៉ឺន រក្សាភ្ញៀវបែបនេះបាន មិនមែនដោយសារអ្នកស្អាត ពូកែសម្តីប៉ិនយកចិត្ត តែលើខ្សែភ្នែកយើង ភាពជំនាញរបស់យើង ពួកគាត់រស់នៅស៊ីវីល័យ ប្រគល់រឿងជំនាញឱ្យអ្នកមានជំនាញពិតប្រាកដធ្វើការឱ្យគាត់ ហើយស្របនឹងគាត់មានខ្សែភ្នែកមុត ច្បាស់ អ្នកជំនាញ ឬមិនជំនាញគាត់សាកមួយដងពីរដងនឹងដឹងច្បាស់ហើយ។

ភ្ញៀវVIPម្យ៉ាងទៀតគឺ បក្សីក្នុងទ្រុងមាស ទាក់ទងជាមួយពួកនាង គឺងាយស្រួលបំផុត អ្វីដែលទាន់សម័យ ឡូយឆើត តួកុនណាកំពុងប្រើ ណែនាំឱ្យពួកនាងទៅមិនខុសទេ ហើយការចំណាយរបស់ពួកនាងគឺខ្លាំងណាស់ ជួនកាល កាបូប ស្បែកជើងម៉ាកដូចគ្នា ម៉ូដដូចគ្នា យកម្តងគ្រប់ពណ៌។ ប៉ុន្តែភ្ញៀវបែបនេះយើងត្រូវចំណាយពេលកំដរពួកនាងច្រើន។

ខ្ញុំតែងតែត្រូវបានភ្ញៀវម្នាក់ហៅឱ្យកំដរនាងផឹកតែនៅផ្ទះរបស់នាង ពីមុននាងជាពិធីករប៉ុស្តិ៍ទូរទស្សន៍ ក្រោយមកត្រូវបានអ្នកធំចិញ្ចឹម រស់នៅក្នុងភូមិគ្រឹះធំតែម្នាក់ឯង មានចិញ្ចឹមឆ្មា Sphinx ធំពីរ រាល់ពេលដែលទៅផ្ទះនាងម្តងៗ នាងតែងបើកទូរខោអាវយករបស់ថ្មីៗដែលនាងទើបដណ្តើមទិញបានយកមកបង្ហាញខ្ញុំ ពាក់ឱ្យខ្ញុំមើលដើម្បីចង់បានការសរសើរពីអ្នកជំនាញដូចជាខ្ញុំ ប៉ុន្តែមានរបស់ច្រើនណាស់ដែលនាងគ្មានឱកាសពាក់ចេញក្រៅបង្ហាញគេឡើយ ពីព្រោះរាល់ពេលចេញទៅណានាងត្រូវសុំការអនុញាតិពីលោកធំម្នាក់នោះ នាងនៅក្មេងហើយស្អាតខ្លាំងណាស់ រស់នៅក្នុងភាពឆើតឆាយ ស៊ីវីល័យ ទាន់សម័យ ប៉ុន្តែនាងឯកោពេកហើយ នាងចំណាយលុយទិញរបស់ពីខ្ញុំ ខ្ញុំចំណាយពេលនៅកំដរនាងនិយាយលេង សម្តែងការគោរពដល់នាង បើប្រៀបនឹងការរាប់អានរវាងយើង នាងគឺចង់បានការគោរពបែបនេះពីខ្ញុំ ប៉ុន្តែនៅគ្រប់ពេលដែលខ្ញុំដើរចេញពីផ្ទះរបស់នាង ខ្ញុំមានអារម្មណ៍ថាខ្យល់អាកាសនៅខាងក្រៅបរិសុទ្ធណាស់ ស្រួលខ្លួនណាស់។

D5d8cfb5dfedca769a23baf697bf4ba5

មានមនុស្សជាច្រើនសួរខ្ញុំថា ធ្វើការដូចខ្ញុំយូរទៅ ប្រហែលក្លាយជាមនុស្សសម្ភារៈនិយមហើយ ប៉ុន្តែវាផ្ទុយស្រលះទៅវិញទេ ពេលណាដែលយើងមើលឃើញជីវិតអ្នក hight show យូរទៅ នឹងប្រាកដជាយល់ច្បាស់ថា ពេលដែលឃើញមនុស្សស្រីម្នាក់កាន់កាបូប Hermes ដែលមានតម្លៃរាប់ម៉ឺន អ្នកនឹងមិនយល់ថា Wow នាងពិតជាមានសុភមង្គលខ្លាំងណាស់! តែបែរជាគិតថា តើនៅពីក្រោយកាបូបមានរឿងច្រើនយ៉ាងណា?

ប្តូរញើសឈាម ទឹកភ្នែក និងការអត់ទ្រាំគាបសង្កត់ផ្លូវចិត្តយ៉ាងណា? ធ្វើការងារនេះយូរទៅ ក៏យល់ថា សុភមង្គលគឺវាមិនមានពិតប្រាកដឡើយ ជាពិសេសគឺជីវិតគូ ខ្ញុំមើលឃើញថា ភរិយាទាំងអស់ រស់នៅគឺសុទ្ធតែប្រយ័ត្នខ្លាំងណាស់ ឯស្រីកំណាន់គេ រស់នៅបែបពុះកញ្ជ្រោល មានភ្ញៀវខ្លះនៅចេះប្រយ័ត្នខ្លាច នាំភរិយា និងស្រីកំណាន់ទិញរបស់នៅហាងផ្សេងគ្នា ប៉ុន្តែភ្ញៀវខ្លះទៀត មិនញញើតខ្លាចរអាបន្តិចសោះឡើយ ខ្ញុំមានភ្ញៀវ VIP ម្នាក់ គាត់ផ្ញើរូបម៉ូដកាបូបឱ្យខ្ញុំរើស នោះខ្ញុំដឹងថាគាត់ទិញឱ្យស្រីកំណាន់ តែបើគាត់និយាយថារើសម៉ូដណាក៏បានឱ្យតែថោកបន្តិច ខ្ញុំគឺដឹងថាគាត់ទិញឱ្យប្រពន្ធគាត់។

មានខ្លះទៀត គឺនាំប្រពន្ធ និងស្រីកំណាន់មករើសផ្ទាល់ ពេលនៅជាមួយស្រីកំណាន់គឺមានចិត្តអំណត់ណាស់ ជួយរើសម៉ូដ បើពីរម៉ូដនាងមិនដឹងយកមួយណា ឱ្យតែនាងមាយារដាក់តែបន្តិច គឺទិញទាំងពីរ។ បើនៅជាមួយប្រពន្ធវិញ គឺថារវល់ខ្លាំងណាស់ រអ៊ូផង តឿនផង បង្ខំផង ប្រសិនបើប្រពន្ធមិនចង់ហ៊ានទិញ គឺឈប់ទិញដើរចេញភ្លាម រឿងបែបនេះគឺជួបច្រើនណាស់។

F23068fe77014883abc0942bacc88071

ខ្ញុំតែងឆ្ងល់ថាតើមនុស្សស្រីម្នាក់ អាចធ្វើយ៉ាងណាបានក្លាយជាប្រពន្ធគេបាន ពួកនាងសុទ្ធតែជាមនុស្សស្រីដែលមានការស្រមៃ ចង់ស្អាត ចង់បានរបស់ Brand Brand ដូចជាស្រីទូទៅដែរ តែពួកនាងបែជាប្រែក្លាយមកជារស់នៅសន្សំសំចៃ មិនហ៊ានប្រើរបស់ថ្លៃៗ ពេលទិញម្តងៗប្រៀបដូចជាខ្លួនបានធ្វើខុសថាជាប្រពន្ធកញ្ជើធ្លុះ! មិត្តរួមការងារប្រុសម្នាក់និយាយថា ភាពខុសគ្នារវាងប្រពន្ធ និងស្រីកំណាន់គឺខុសគ្នាដូចនេះ ៖

- ស្រីកំណាន់ខំយកចិត្តយកថ្លើមមនុស្សប្រុសទូទៅ ឯប្រពន្ធគឺខំយកចិត្តយកថ្លើមមនុស្សប្រុសតែម្នាក់ប៉ុណ្ណោះ។

- ស្រីកំណាន់ ប្រើរបៀបយកចិត្តបែបធ្វើជំនួញ ប្រៀបដូចជាបើកក្រុមហ៊ុនមួយ គម្រោងមួយនេះធ្វើជាមួយខ្ញុំមិនចំណេញលុយ ទៅធ្វើគម្រោងមួយទៀតជាមួយអ្នកផ្សេង នៅតែចំណេញលុយបាន គ្រាន់តែថា តើគម្រោងមួយណាអាចកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់បាន។

ឯប្រពន្ធគឺមិនដូចគ្នាទេ ពួកនាងយកជីវិតមកបណ្តាក់ទុន ហើយប្រើពេលពាក់កណ្តាលជីវិតមកធ្វើគម្រោងការតែមួយប៉ុណ្ណោះ។ ទោះបីសង្គមនេះជឿនលឿន ប៉ុន្តែពាក្យថា 《ងារជាភរិយាល្អពេញលក្ខណៈ》គឺនៅតែត្រូវកំណត់ដោយមនុស្សប្រុសដដែល ដូចជារស់នៅចេះសន្សំសំចៃ ដាក់ខ្លួន កុំចេញមុខចេញមាត់ជាងប្តី តម្រូវការរបស់ប្តី របស់អ្នកផ្ទះគឺសំខាន់ជាងអ្វីៗទាំងអស់។

Dca8ccc40485441a80d33b4b87014789

សង្គមឥឡូវគឺពិតជាជឿនលឿនមែន ប៉ុន្តែអ្នកឃើញថា សង្គមដាក់តម្លៃ ដាក់និយមន័យឱ្យងារជាភរិយា គឺអត់បានផ្លាល់ប្តូរទេ គេបានកម្រិតឱ្យមនុស្សស្រីរស់ក្រោមគំនាប និងក្រសែភ្នែកការយល់ឃើញរបស់មនុស្សប្រុស ហើយវាក៏ស៊ាំក្លាយជាទម្លាប់ ជាប្រពៃណីរបស់មនុស្សប្រុសទៅហើយ ចង់ធ្វើយ៉ាងណាដាក់ប្រពន្ធក៏បាន ខ្លួនជាប្តីគឺមានសិទ្ធិធំ។ ព្រោះតែសម្ពាធរស់នៅអស់ទាំងនេះហើយ ទើបធ្វើឱ្យភរិយាដែលដើរចូលមកក្នុងហាង Brand Brand មានអារម្មណ៍ថា ទីនេះមិនសក្តិសម មិនមែនជាវេទិការបស់ខ្លួន ខុសពីស្រីកំណាន់ មិនថានាងនៅក្មេង ឬក៏មិនសូវជាក្មេងណាស់ណា មិនថានាងស្អាត ឬក៏មិនសូវជាស្អាតណាស់ណា ពេលដើរចូលមកនាងគឺជាតារា នាងគឺជាតួឯក។

ខ្ញុំធ្លាប់បានទទួលភ្ញៀវម្នាក់ គាត់រើសអ្វីក៏ប្តីគាត់មិនពេញចិត្ត គាត់លខោអាវមួយរៀងយឺតបន្តិចត្រូវប្តីស្តីឱ្យ "មុខចាស់ហើយ ចង់ស្លៀកស្អីក៏វាមិនស្អាតដែរ!"។

ក្រោយមកខ្ញុំក៏លែងឃើញគាត់មកទិញទៀតដែរ ប៉ុន្តែប្តីគាត់នៅតែនាំស្រីក្មេងៗមកទិញនៅហាងដដែល។

ខ្ញុំមិនយល់សោះ ហេតុអ្វីក៏នាងមិនហ៊ានមករើសរបស់ដែលនាងស្រឡាញ់ពាក់ដោយខ្លួនឯង ទោះបីនាងជាស្ត្រីមេផ្ទះក៏ដោយចុះ ធ្វើការងារផ្ទះក៏នៅតែមានតម្លៃរបស់ខ្លួនដែរ យកលុយរបស់ប្តីមករើសកាបូបមួយដែលខ្លួនឯងស្រឡាញ់មានរឿងអ្វីមិនបាន?

506c66e9113824f9a0bceae34ddb5ea5

តែមិត្តខ្ញុំដែលរៀបការរួចម្នាក់និយាយថា ៖ " មនុស្សស្រីបើមិនចេះរកលុយទេចុងក្រោយគឺនៅតែខ្លាចប្តីស្អប់មើលងាយហើយ"។ តែស្រីកំណាន់ក៏មិនបានចាយលុយខ្លួនឯងរកដែរ ហេតុអ្វីនៅតែអាចធ្វើឫកហំបាន? ឬក៏មកពីនៅក្មេងមានតម្លៃ? ហើយម្ង៉ៃៗប្រឹងហត់ និងការងារផ្ទះវាអត់តម្លៃ?

ស្រីកំណាន់គឺជាភ្ញៀវដែលយើងខ្ញុំចូលចិត្ត ព្រោះគេហ៊ានចាយលុយ ប៉ុន្តែក្នុងនាមជាមនុស្សស្រី ខ្ញុំពិតជាសង្ឃឹមថាភរិយាក៏មានសិទ្ធិរស់ដូចជាស្រីកំណាន់ដែរ ដើរងើបមុខប៉ើងទ្រូងចូលមក ដឹងថាខ្លួនឯងចង់បានអ្វីជ្រើសរើសរបស់ដែលខ្លួនឯងស្រឡាញ់ពេញចិត្ត ហើយមានអារម្មណ៍តែមួយគត់គឺ ខ្ញុំសក្តិសមនឹងទទួលបាន។

ប្រសិនបើសួរខ្ញុំថា ថ្ងៃមួយចង់រៀបការជាមួយប្តីបែបណា? គឺអាចទទួលយកខ្ញុំឱ្យរស់នៅមានភាពជឿជាក់ដូចស្រីកំណាន់ ប្រាកដណាស់គឺមិនងាយនឹងរកបានទេ។ គ្មានភាពជឿជាក់ គ្មានអារម្មណ៍មានសុវត្ថិភាពគឺសក្តិសមនឹងធ្វើជាភរិយាគេ ពីព្រោះពួកនាងងាយស្រួលនឹងគ្រប់គ្រង មនុស្សប្រុសជាច្រើនយល់ថា បើអ្នកមិនងាយនឹងឱ្យគេគ្រប់គ្រងបាននោះទេ គេគឺមិនជ្រើសរើសរៀបការជាមួយអ្នកនោះដែរ៕

6dd962a10182b4beb7b5a983ef0a8eb2

ប្រភពអត្ថបទ : MP美篇 https://youtu.be/VmXn7Kd-qjU

បកប្រែដោយ ៖ សុខ គឹមទៀវ

Date 20 09 2019