សូមប្រុងប្រុងយ័ត្ន! កម្ពុជានឹងរងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី០៩ ដល់ទី ១៥ ខែកញ្ញា

យោងតាមសេចក្ដីរាយការណ៍ពី ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី ០៨ កញ្ញា ២០២០នេះថា ចាប់ពីថ្ងៃទៅ ០៩ កញ្ញា ដល់ ថ្ងៃទី ១៥ កញ្ញា ២០២០នេះ​កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។

តាមរយៈការតាមដាននៃបម្រែបម្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ។ ខណៈខ្យល់មូសុងនិរតីមាន ល្បឿនមធ្យមបក់មកលើកម្ពុជា។

ស្ថានភាពអាកាសធាតុមានដូចតទៅ ៖

១. នៅតាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ក្នុងនោះ ក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ច្រើន។

២. នៅតាមបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

៣. នៅតាមបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C

នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ហើយរលកសមុទ្រអាចមានកម្ពស់ពី ០.២៥-០.៧៥ ម៉ែត្រ។

ដោយហេតុនេះដែរ សូមបងប្អូនជនរួមជាតិនៅតាមបណ្ដាខេត្តក្រុងទាំងអស់ សូមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងកើតមានគ្រោះថ្នាក់ណាមួយកើតឡើង៕

7dc38c3f7eae933b349fe57afe6ea879702cf1af