នឿយហត់នឹងរឿងគ្រប់យ៉ាង តែអ្វីដែលអាចធ្វើបាននោះគឺ ទ្រាំអត់ធ្មត់ សង្កត់ចិត្តបន្តទៀត!

ជីវិតរីករាយ សប្បាយក្អាកក្អាយនៅខាងក្រៅ តែសោកសៅ បៀមទុក្ខគ្រាំគ្រានៅខាងក្នុង។ វាជាស្ថានភាពនៃជីវិត ពេលខ្លះ ពិតជាពិបាកទ្រាំណាស់ ពេលខ្លះពិតជាអាណិតខ្លួនឯងខ្លាំង ហើយក៏សួរខ្លួនឯងថា ហេតុអ្វីខ្លួនឯងត្រូវមកស្ថិតក្នុងស្ថានភាពនេះ?

ហេតុអ្វីខ្ញុំត្រូវដើរមកដល់ចំណុចមួយនេះ? អារម្មណ៍ពេលខ្លះពិតជាពិបាកបកស្រាយមែន ជាពិសេសគឺ ពេលដែលមានទុក្ខ ជួបបញ្ហា គឺក្បាលមួយតែឯង មិនត្រឹមតែគ្មានអ្នកណានៅក្បែរលួងលោមនោះទេ តែបញ្ហាធំបំផុតរបស់ខ្លួនឯងនោះគឺ មិនដឹងថាគួរនិយាយបែបណា ប្រាប់អ្នកណា ចង់ហាប្រាប់គេក៏មិនហ៊ាន ហេតុអ្វីទៅ?

វាជារឿងដែលពិបាកពិតមែន ដែលសូម្បីតែចង់និយាយឱ្យបានធូរចិត្ត ក៏និយាយមិនបានបែបនេះ។

126318261_3529523740462102_1008276179577397850_o

មានរឿងរ៉ាវជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់ រាប់ក៏មិនអស់ដែរ តែអ្វីដែលជីវិតអាចធ្វើបាន អ្វីដែលអាចប្រាប់ខ្លួនឯងនោះគឺ ប្រាប់ឱ្យខ្លួនឯងរឹងមាំ ទ្រាំអត់ធ្មត់ សង្កត់ចិត្តបន្ត ក្រែងរឿងល្អៗនឹងកើតមានតាមក្រោយ។

ដឹងទេថា ពេលដែលលំបាក ហើយត្រូវនិយាយពាក្យប៉ុន្មានម៉ាត់ដើម្បីលួងខ្លួនឯង ទាំងដែលចម្លើយពិតប្រាកដមិនដឹងថា ពាក្យលួងទាំងនោះ អាចមានពិត ឬក៏ជាពាក្យក្លែងក្លាយឬអត់ផង។

លួងអ្នកដទៃ និយាយពាក្យល្អៗក៏បានហើយ តែលួងខ្លួនឯងនេះ ពេលខ្លះទោះនិយាយល្អប៉ុនណា ក៏ពិបាកស្ដាប់គ្នាបានដែរ។

126972574_3527769493970860_5408984371771657571_o

ជីវិតនេះ មានរឿងសប្បាយរីករាយ តិចជាងរឿងសោកសៅ ខូចចិត្ត តែមានជីវិតហើយ គឺត្រូវតែបន្តរស់នៅឱ្យមានតម្លៃ ទោះរស់មួយថ្ងៃរង់ចាំមួយថ្ងៃ​ ក៏ត្រូវតែរស់ថ្ងៃនេះឱ្យល្អជាម្សិលមិញ ហើយរស់ថ្ងៃស្អែកឱ្យបានល្អជាងថ្ងៃនេះ ជីវិតនេះ មិនដែលទាមទារ ឬសំណូមពរអ្វីរញ៉េរញ៉ៃច្រើនទេ។

តែពេលខ្លះ យើងខ្លួនឯងទេ ដែលចេះតែទាមទារចង់បាននេះ ចង់បាននោះ ធ្វើឱ្យខ្លួនឯងកាន់តែស្មុគស្មាញលើសបញ្ហាដែលកើតឡើងទៅទៀត៕

127173746_3531905436890599_5590233738359560394_o

អត្ថបទ ៖​ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖