ជីវិតមនុស្សស្រី ឱ្យតែមានប្ដីមានកូន ច្រើនតែលែងខ្វល់ពីខ្លួនឯង

ជឿថាមនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ ឱ្យតែនាងសម្រេចចិត្តរៀបការ សាងគ្រួសារ មានប្ដី មានកូន គឺមានន័យថា នាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់គ្រប់បែបយ៉ាងនៅក្នុងពាក់កណ្ដាលជីវិតនាងតទៅថ្ងៃមុខ ដើម្បីផ្គង់ផ្គង់ទៅតាមតម្រូវការសម្រាប់គ្រួសារដ៏តូចរបស់នាង។

91477189_3342524592442571_2260366224741367808_o

ជាការពិតណាស់មនុស្សស្រីភាគច្រើន ឱ្យតែនាងរៀបការ មានស្វាមី ទោះបីកន្លងមកនាងមិនដែលធ្វើអ្វីសោះ ជាពិសេសគឺកិច្ចការក្នុងផ្ទះ ក៏នាងអាចកែប្រែខ្លួនឯងពីកូនស្រីដែលធ្លាប់តែស្រណុកស្រួល មកធ្វើជាស្ត្រីមេផ្ទះ ចូលផ្ទះបាយស្លស្លុកបានដែរ។ រឹតតែសំខាន់ជាងនេះ ទម្លាប់ដែលនាងមិនធ្លាប់ធ្វើម្ហូបសោះ តែព្រោះថាឈ្មោះថាជាប្រពន្ធ នាងក៏បានព្យាយាមធ្វើម្ហូបទៅតាមតម្រូវការរបស់ស្វាមីទៀតផង។ មានម្ហូបខ្លះនាងមិនចេះទេ តែក៏នៅតែអាចធ្វើបាន ព្រោះតែហេតុផលនាងជាប្រពន្ធ ត្រូវបំពេញនូវអ្វីដែលស្វាមីចង់បាន។ លើសពីនេះ នាងក៏ចង់ឱ្យគ្រួសារមានពេលវេលាញុំាបាយជុំគ្នា ទើបនាងព្យាយាមធ្វើគ្រប់បែបយ៉ាងដោយមិនដែលរអ៊ូថាលំបាកនោះឡើយ។

100345047_3506024736092555_3014464810067689472_o (1)

រហូតដល់ពេលដែលនាងមានកូន នាងក៏បានលះបង់ស្ទើរតែទាំងស្រុងនូវពេលវេលាផ្ទាល់ខ្លួនមើលថែទាំប្ដីផង មើលថែទាំកូនផង ក៏មានស្ត្រីខ្លះ កិច្ចការងារផ្ទះរុំកោះហើយ ក៏នាងនៅតែអាចឆ្លៀតរកលុយ រកចំណូលបន្ថែមទៀត។ សួរថា ស្ត្រីមានដៃជើងប៉ុន្មាន ហេតុអ្វីក៏នាងអាចធ្វើគ្រប់យ៉ាងបានច្រើនយ៉ាងនេះ? សួរថា តើមានស្វាមីប៉ុន្មាននាក់ ដែលអាចយល់ពីទុក្ខលំបាកដែលនាងត្រូវប្រឈមមុខរាល់ថ្ងៃបែបហ្នឹង?

104105428_3549628218398873_5195896515293055045_o

ជាការពិតណាស់ ក្នុងនាមជាភរិយាម្នាក់ គឺត្រូវមានការលះបង់ជាច្រើនដើម្បីគ្រួសារ តែមិនមែនមានន័យថា ក្នុងនាមជាប្ដីមួយរូប មិនមានការលះបង់នោះទេ ។ ប៉ុន្តែក្នុងនាមជាប្រពន្ធ នាងលះបង់ក៏ព្រោះតែនាងយល់ច្បាស់ពីទុក្ខលំបាករបស់ប្ដី នាងអាចយល់ពីជម្រៅនៃចិត្តរបស់ស្វាមីដែលខំធ្វើការយប់ថ្ងៃ ចេញក្រៅដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់ក្នុងគ្រួសារ។ ប៉ុន្តែជាក់ស្ដែងណាស់ ស្វាមីខ្លះ មិនដែលមើលឃើញពីការលះបង់របស់ភរិយាឡើយ ជួនកាលថែមទាំងបោះពាក្យសម្ដីមើលងាយ ប្រមាថដល់ប្រពន្ធថែមទៀតផង។

116143048_3662436807118013_3335459240641656091_o

មនុស្សស្រីព្រោះតែឈ្មោះថាជាប្រពន្ធ ព្រោះតែចង់ឱ្យគ្រួសារបានជួបជុំគ្នា នាងក៏បានលះបង់សូម្បីតែមិត្តភាព និងពេលវេលាដែលនាងត្រូវជួបជុំក្រុមគ្រួសារ សាច់ញាតិបងប្អូន ឪពុកម្ដាយរបស់នាងដើម្បីយកពេលមកបំពេញភារកិច្ច និងតួនាទីជាប្រពន្ធ ជាម្ដាយ។ ហើយអ្វីដែលនាងចង់បានការតបមកវិញនោះគឺ ការគោរពពីស្វាមី ការឱ្យតម្លៃពីមេគ្រួសារ ការស្រឡាញ់ មើលថែ ថ្នាក់ថ្នម ស្មោះត្រង់ចំពោះនាងតែម្នាក់ មិនថាលំបាកវេទនា ឈឺជាយ៉ាងណានោះទេ ក៏ត្រូវតែកាន់ដៃគ្នាដើររហូតទៅ ខុស ឬត្រូវ ត្រូវចេះកែតម្រូវ និងបំពេញចន្លោះខ្វះខាតចំពោះគ្នា សំខាន់បំផុតគឺ ការអត់ឱនអធ្យាស្រ័យ និងជឿជាក់ទុកចិត្តគ្នាទៅវិញទៅមក ចំណុចទាំងនេះហើយ ដែលជាកម្លាំងចិត្តដ៏សំខាន់ និងធំធេងបំផុតសម្រាប់នាង៕

96541179_3450700321624997_1383615863206182912_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖