ព្រះជួយ! ឡានសាមុយមួយគ្រឿង ដឹកសំណាក៣កេស ពីក្រុងព្រះសីហនុ បានជួបគ្រោះថ្នាក់ បណ្ដាលឱ្យស្លាប់១នាក់

កាលពី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០​ នៅវេលា​ម៉ោង​០៦​ និង​២០​នាទី នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ​១២១-១២២ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ម៉ូតូ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង។

គួរបញ្ជាក់ផងដែរថា ​រថយន្ត​សង្គ្រោះបន្ទាន់ ​(AMBULANCE ) មួយ​គ្រឿង​នេះ មាន​ម៉ាក MAXUSV80 ពណ៌​ស ពាក់​ផ្លា​ក​លេខ រដ្ឋ​១២-២០៩១១ ​គឺមានដឹក​សព​ជនជាតិ​ចិន១នាក់ និង​សំណាក​ចំនួន​៣​កេស ទៅភ្នំពេញ ដើម្បី​យក​ទៅ​ធ្វើតេស្ត ពិនិត្យ​រក​វីរុស​កូ​វីត​-១៩។

យ៉ាងណាមិញ ចំពោះ​សំណាក​ទាំង​៣​កេស​នោះ ពុំ​មានការ​បែក ឬដាច់​រហែក​នោះ​ឡើយ។ បន្ទាប់ពីកើតហេតុនេះហើយ ​សាកសព​ជនជាតិ​ចិន និង​សំណាក​ទាំង​៣​កេស​នោះ ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ មួយ​គ្រឿង​ទៀត មក​ដឹក​បន្ត​ឈ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ។

យោងតាមសេចក្ដីរាយការណ៍របស់មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះ​សីហ​នុ បានបញ្ជាក់ឱ្យ​ដឹង​ថា មុន​កើតហេតុ អ្នកបើកបររថយន្ត​សា​មុ​យ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បានបើកបរ​​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ លុះដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​បុក​ពីក្រោយ​ម៉ូតូ សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ម៉ាក​WAVE ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ក្នុង​ទិស​ដៅ​ស្របគ្នា អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ រាម ទូច ភេទប្រុស អាយុ​ ៣៥ ​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្នាយ​ពល ឃុំរ​ការ ស្រុក​ពារាំង ខេត្តព្រៃវែង មុខរបរ​លក់​ផ្កា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល។ ក្រោយមក ទើប​មាន​មន្ត្រី​ជំនាញចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Screen Shot 2020 12 04 At 7.38.07 AM

Screen Shot 2020 12 04 At 7.38.15 AM

Screen Shot 2020 12 04 At 7.38.22 AM

Screen Shot 2020 12 04 At 7.38.30 AM

Screen Shot 2020 12 04 At 7.38.40 AM

Screen Shot 2020 12 04 At 7.38.49 AM