ឧកញ៉ា គួច ម៉េងលី ពន្យល់ពីរបៀបចិញ្ចឹមកូនបួនប្រភេទ​របស់ឪពុកម្ដាយនាពេលបច្ចុប្បន្ន!!!

អត្តចរិត​ ​ឥរិយាបថ​ ​មារយាទ​របស់​កូន​ ​គឺជា​លទ្ធផល​ពី​ការ​ចិញ្ចឹម​បីបាច់​របស់​ឪពុក​ម្ដាយ​។​ ​មានន័យ​ថា​ ​ឪពុក​ម្ដាយចិញ្ចឹម​កូន​បែប​ណា​ ​កូន​នឹង​ទៅជា​បែប​នោះ​ ​ដូច​ពាក្យចាស់​លោក​ពោលថា​ “​សាបព្រោះ​គ្រាប់​ពូជ​អ្វី​ ​ទទួល​បានផល​នោះ​”​។​

​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​មើលឃើញ​ថា​ ​ការ​ចិញ្ចឹម​កូន​មាន​៤​ប្រភេទ​។​ ​ប្រភេទ​ទី​១​ ​កូន​ត្រូវតែ​ធ្វើតាម​ឪពុក​ម្ដាយ​បើ​មិន​ធ្វើតាម​វ៉ៃ​។​ ​ការ​ចិញ្ចឹម​កូន​បែប​នេះ​ ​ពុំ​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ឡើយ​ ​គឺ​ច្រើនតែ​បរាជ័យ​។​

​លោក​ឧកញ៉ា​ ​ពន្យល់​ថា​ ​គឺ​ដោយសារតែ​ឪពុក​ម្ដាយ​មិន​ផ្ដល់​ឱកាស​ឱ្យ​កូន​ធ្វើអ្វី​ទៅតាម​គំនិត​របស់​គេ​ ​ហើយ​ថ្ងៃក្រោយ​កូន​នឹង​ក្លាយ​ជា​មនុស្ស​គ្មាន​ម្ចាស់ការ​ ​ខ្លាច​គេ​ ​ចាញ់ប្រៀប​គេ​ ​មិន​ហ៊ាន​បញ្ចេញមតិ​យោបល់​ ​ចូលក្នុង​សង្គម​អត់​ចុះ​ ​និង​ធ្វើ​នេះ​ធ្វើ​នោះ​ចេះតែ​ខ្លាច​ខុស​។​

​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េច​លី​ ​លើកឡើង​ថា​ ​ទី​២​ ​គឺ​ប្រភេទ​មិន​ខ្វល់​ពី​កូន​ ​ឬ​ចង់​កូន​ធ្វើ​អី​ក៏​ធ្វើ​ទៅ​។​ ​ការ​ចិញ្ចឹម​កូន​បែប​នេះ​ ​ធ្វើ​ឱ្យ​កូន​ខ្វះ​ភាព​កក់ក្ដៅ​ ​ឯកោ​ ​បាក់ទឹកចិត្ត​ ​មាន​បញ្ហា​ផ្លូវចិត្ត​ ​និង​អាច​ធ្វើ​ឱ្យ​កូន​ទៅ​សេពគប់​បាបមិត្ត​ ​ដែល​នាំ​ឱ្យ​គេ​ក្លាយ​ជា​មនុស្ស​មិន​ល្អ​នៅ​ក្នុង​សង្គម​។​

1

​លោក​​​មានប្រសាសន៍ថា​ ​នៅ​ក្នុង​សង្គម​ខ្មែរ​សម្បូរ​ឪពុក​ម្ដាយចិញ្ចឹម​កូន​តាម​បែប​ប្រភេទ​ទី​១​ ​និង​ប្រភេទ​ទី​២​ណាស់​ ​ម្ល៉ោះ​ហើយ​ទើប​ធ្វើ​ឱ្យ​យុវជន​យើង​មួយ​ចំនួន​ក្លាយ​ជា​ទំពាំង​ស្អុយ​។​

លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បន្ត​ថា​ ​ការ​ចិញ្ចឹម​កូន​ប្រភេទ​ទី​៣​ ​គឺ​ការអនុញ្ញាត​ឱ្យ​កូន​ធ្វើអ្វី​ក៏​ធ្វើ​ទៅ​ (​ផ្ដល់​ឯករាជ្យ​ភាព​ដល់​កូន​) ​គ្រាន់តែ​តាមដាន​តិចតួច​។​ ​

ការ​ចិញ្ចឹម​កូន​បែប​នេះ​ ​ច្រើនតែ​ធ្វើ​ឱ្យ​កូន​ច្រឡើសបើស​ ​គ្រួសារ​គ្មាន​សណ្ដាប់ធ្នាប់​ ​ឬ​រ​ញ៉េ​រ​ញ៉ៃ​ក្នុង​គ្រួសារ​ ​ព្រោះ​ឪពុក​ម្ដាយ​ចាត់​ទុក​កូន​ដូចជា​ពួកម៉ាក​ ​ដូច​មិនមែន​ជា​កូន​។​ ​ការ​ចិញ្ចឹម​កូន​បែប​នេះ​ ​ក៏​មិនសូវ​ទទួល​បាន​លទ្ធផល​ល្អ​ប៉ុន្មាន​ដែរ​។​

​ការ​ចិញ្ចឹម​កូន​ប្រទេស​ទី​៤​ ​លោក​ឧកញ៉ា​ ​ប្រាប់​ថា​ ​ជា​ប្រភេទ​គ្រួសារ​មាន​វិ​ន័យ​ត្រឹមត្រូវ​ ​ដោយ​ឪពុក​ម្ដាយ​ដាក់​វិ​ន័យ​ឱ្យ​កូន​សមរម្យ​ (វិ​ន័យ​ក្នុង​គ្រួសារ​មិន​ធូររលុង​ពេក​និង​មិន​តឹងរ៉ឹង​ពេក​) ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូន​ ​និង​ផ្ដល់​ឱកាស​ឱ្យ​កូន​ពន្យល់​ហេតុផល​ ​ហើយ​ទទួល​ស្ដាប់​ហេតុផល​របស់​កូន​។​

​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ថ្លែង​ថា​ ​ការ​ចិញ្ចឹម​កូន​ប្រភេទ​ទី​៤​ ​គឺ​ទទួល​បាន​លទ្ធផល​ល្អ​​​ជាង​ការ​ចិញ្ចឹម​កូន​ប្រភេទ​ទី​១​ ​ទី​២​ ​និង​ប្រភេទ​ទី​៣​៕​

ប្រភពដើមទាំងស្រុង៖ interconrooster