ធ្វើជាមនុស្ស ចិត្តល្អបន្តិចក៏មិនខាតបង់អ្វីឡើយ កុំចេះតែចង់ប្រើល្បិចលើគេ លើមេឃមានទេវតា ក្រោមមេឃមានមនុស្ស អ្នកអាចប្រើល្បិចចំពោះគេបានតែមួយគ្រាប៉ុណ្ណោះ មិនអាចប្រើល្បិចដាក់គេមួយជីវិតនោះទេ ភាពស្លូតត្រង់ ភាពស្មោះសរ ញុំាឱ្យមនុស្សជាច្រើនស្រលាញ់រាប់អានច្រើន ហើយទទួលបានភាពថ្លៃថ្នូរ។
ធ្វើជាមនុស្ស កុំចេះតែចង់កេងចំណេញលើគេ អ្នកណាក៏មិនល្ងង់ដែរ អ្នកអាចកេងចំណេញលើគេបាន គឺដោយសារគេយល់មុខដល់អ្នកទេ អ្នកដណ្តើមប្រយោជន៍ពីគេបាន គឺគេផ្តល់ឱ្យអ្នកទេ កុំយល់ថាខ្លួនឯងឆ្លាតឱ្យសោះ។
ធ្វើជាមនុស្ស កុំចេះតែចង់ធ្វើបាបមនុស្សស្លូតត្រង់ឱ្យសោះ ព្រោះមនុស្សស្លូតត្រង់នៅក្នុងលោកនេះ គឺជាមនុស្សដែលល្អជាងគេ គេមិនប្រើល្បិច មិនចេះប្រព្រឹត្តទង្វើមិនទៀងត្រង់ មិនពូកែនិយាយ គ្មានចិត្តធ្វើបាបគេ ធ្វើការដោយប្រើសមត្ថភាព ធ្វើមនុស្សប្រកបដោយភាពសុចរិត។
ធ្វើជាមនុស្ស កុំចេះតែទៅរិះគន់វែកញែករឿងរបស់គេផ្តេសផ្តាស ព្រោះរបៀបរបប និងគោលការណ៍ធ្វើជាមនុស្សរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះឡើយ អ្នកមិនអាចយកបទដ្ឋានការរស់នៅ និងទម្លាប់របស់អ្នកមកវាស់វែងជាមួយអ្នកដទៃបានទេ អ្នកណាក៏មានចំណុចអវិជ្ជមានដែរ អ្នកណាក៏មានពេលខុសដែរ កុំទៅនិយាយដើមគេ រិះគន់គេដោយបំណងអាក្រក់អី។
ធ្វើជាមនុស្ស កុំក្បត់មិត្តភក្តិ និងធ្វើបាបអ្នកផ្ទះខ្លួនឱ្យសោះ មាសប្រាក់ដ្បិតតែល្អ តែប្រៀបមិនដូចជាមានមិត្តភក្តិកំដរ ផលប្រយោជន៍ដ្បិតតែច្រើន តែប្រៀបមិនស្មើនឹងគ្រួសារដែលអាចពឹងពាក់បានឡើយ មិត្តភក្តិអាចជួយគ្រាហ៍អ្នក នៅពេលដែលអ្នកជួបទុក្ខលំបាក គ្រួសារអាចលើកទឹកឱ្យអ្នកពិសារនៅពេលដែលអ្នកនឿយហត់អស់កម្លាំង ចំណែកមាសប្រាក់វិញអាចរាប់បានជាអ្វីទៅ ច្រើនឆ្នាំកន្លងផុតទៅ វានៅតែជារបស់ក្រៅខ្លួនដដែល។
- ធ្វើជាមនុស្ស ស្មោះត្រង់បន្តិច ក៏គ្មានអ្វីខុសដែរ មនុស្សស្មោះត្រង់ទើបអាចធ្វើឱ្យមិត្តភាពបានយូរអង្វែង ចិត្តស្មោះសរទើបអាចឱ្យមនោសញ្ចេតនាកាន់តែរឹងមាំ។
- ធ្វើជាមនុស្ស ចិត្តល្អបន្តិច ក៏មិនខាតបង់ដែរ មនុស្សចិត្តល្អតែងតែមានមិត្តភក្តិល្អច្រើន ចិត្តរបស់គេល្អ ទេវតានឹងផ្តល់លាភសំណាងតាមនោះដែរ។
ធ្វើជាមនុស្ស ចិត្តល្អបន្តិចក្នុងការជួយដល់គេ ធ្វើជាមនុស្ស ស្មោះត្រង់បន្តិចចំពោះការធ្វើល្អដាក់គេ ញុំាងឱ្យអ្នកនៅក្នុងមួយជីវិតនេះក្នុងចិត្តគ្មានភាពខ្មាសអៀនឡើយ ពេលយប់អាចគេងលក់ស្រួល ព្រោះមនុស្សចិត្តល្អ ទេវតាតែងតែថែរក្សា មនុស្សស្មោះត្រង់ គង់តែមានលាភ៕
អត្ថបទ ៖ Mythical Bird/Knongsrok