មានកត្តាចូលរួមច្រើនដែលធ្វើឱ្យយើងលេចចេញភាពចាស់មុនអាយុឬក្មេងមុនអាយុ ដែលកត្តាទាំងនេះរួមមាន ភាពតានតឹង ស្ថានភាពហិរញ្ញវត្ថុ ទម្លាប់ប្រចាំថ្ងៃ និងតាមការសិក្សាមួយបង្ហាញថាគឺភាពវៃឆ្លាត។ គំនិតនេះគឺចង់បង្ហាញថាអាយឃ្យូខ្ពស់នាំឱ្យយើងមានអារម្មណ៍និងមើលទៅក្មេងជាងអាយុជាក់ស្តែងរបស់យើង។ ប៉ុន្តែតើត្រូវធ្វើយ៉ាងម៉េច?
យោងទៅតាមគេហទំព័រល្បីៗ បានបង្ហាញអំពីរបៀបដែលអាយឃ្យូរបស់មនុស្សឃើងជះឥទ្ធិពលដល់សុខភាពនិងរូបរាងកាយរបស់យើងនៅពេលដែលយើងកាន់ចូលវ័យជ្រេទៅៗ ។
ការសិក្សានេះគួរឱ្យចាប់អារម្មណ៍ណាស់ហើយវាបានចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៥៧។ បន្ទាប់មកអ្នកស្រាវជ្រាវបានវាស់អាយឃ្យូចំពោះសិស្សវិទ្យាល័យហើយក្រោយមកបានសួរពីអាយុរបស់ពួកគេពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ និងនៅឆ្នាំ ២០១១ នៅពេលពួកគេមានអាយុ ៧១ ឆ្នាំ។ ការសន្និដ្ឋានគឺថាមនុស្ស ដែលមានបញ្ញាខ្ពស់មានអារម្មណ៍ថាក្មេងជាងអាយុជាក់ស្តែងរបស់ពួកគេ។
ប៉ុន្តែតើអាយុរបស់មនុស្សម្នាក់មានឥទ្ធិពលយ៉ាងណាទៅលើរូបរាងកាយប្រសិនបើវាផ្អែកលើអារម្មណ៍? អ្នកសាកគិតមើលថា៖ ការមានអារម្មណ៍ចាស់ជាងនិងមានសមត្ថភាពរាងកាយទាបជាងយើងដែលអាចធ្វើឱ្យយើងធ្លាក់ទឹកចិត្តនិងងាយនឹងមានជំងឺ។ ការមានអារម្មណ៍ក្មេងជាងវ័យកាន់តែច្រើនកាន់តែធ្វើឲ្យយើងចង់ធ្វើនិងកាន់តែរំភើបចំពោះជីវិត។
តាមរបៀបជាច្រើនអារម្មណ៍នៃភាពអស្ចារ្យនិងភាពរំភើបរបស់យើងចំពោះគ្រប់យ៉ាងដែលនៅជុំវិញយើងគឺជាអ្វីដែលធ្វើឱ្យយើងមានអារម្មណ៍ថាក្មេងជាងវ័យ។ មនុស្សឆ្លាតវៃទំនងជាស្វែងយល់ពីប្រទេសដទៃ ហើយសាកល្បងអ្វីដែលថ្មីព្រោះពួកគេដឹងកាន់តែច្បាស់អំពីលទ្ធភាពដែលកំពុងរង់ចាំពួកគេ។ ការធ្វើដំណើរជួយយើងឱ្យសកម្មនិងមានថាមពល។ យើងទាំងអស់គ្នាអាចយល់ស្របថាការចាប់ផ្តើមដំណើរផ្សងព្រេងស្តាប់ទៅប្រសើរជាងការអង្គុយលើសាឡុងក្នុងផ្ទះនៅចុងសប្តាហ៍។
នៅថ្ងៃសម្រាកពីធ្វើការ អ្វីដែលយើងញ៉ាំនិងរបៀបថែរក្សារាងកាយរបស់យើងគឺត្រូវបញ្ចូលជាអាទិភាព។ ហើយវាត្រូវការការប្តេជ្ញាចិត្តដ៏ធំមួយដើម្បីប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានសុខភាពល្អ។
មនុស្សឆ្លាតដឹងថារាងកាយអាចទទួលរងផលវិបាកដែលជាលទ្ធផលនៃការជ្រើសរើសអ្វីមិនល្អដែលអាចជម្រុញពួកគេឱ្យថែរក្សាខ្លួនរបស់ពួកគេ។ រីឯមនុស្សមិនឆ្លាតគឺនៅមានកម្រិត។ ដូច្នេះត្រូវរៀនសូត្របន្ថែមទៀតអំពីរាងកាយនិងអ្វីដែលបង្កអន្តរាយដល់សុខភាពរាងកាយ។
មានចំណេះដឹងធ្វើឱ្យយើងមានការងារល្អនិងប្រាក់ខែខ្ពស់។ អ្នកដែលមានប្រាក់ខែច្រើនមានលទ្ធភាពទទួលបានការថែទាំសុខភាពល្អជាងអ្នកមានប្រាក់ខែមធ្យម ពួកគេចំណាយច្រើនលើផលិតផលថែសម្រស់ ញ៉ាំអាហារដែលមានគុណភាព ធ្វើដំណើរកម្សាន្ត។ ទំលាប់ថែទាំសុខភាពនេះអាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងនៅពេលពួកគេចាស់ទៅ។
ស្ត្រេសគឺជារឿងអាក្រក់បំផុតក្នុងការតស៊ូសម្រាប់យុវវ័យព្រោះវាពិតជាបង្កើនល្បឿននៃភាពចាស់លើកំរិតកោសិកា។ អ្នកដែលមានអាយឃ្យូខ្ពស់មានសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពួកគេដែលជួយឱ្យពួកគេផ្តោតការយកចិត្តទុកដាក់លើរឿងមួយជំនួសឱ្យភាពតានតឹងទាំងអស់ក្នុងពេលតែមួយ។ ពួកគេបានត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមដែលកើតឡើងក្នុងវ័យចំណាស់ហើយមានអារម្មណ៍ងាយរងគ្រោះក៏តិច។
ប្រែសម្រួល៖ វីរៈ