ប្រវត្តិ និងអាយុកាលដ៏ចំណាស់នៃស៊ុប HotPot ដែលគ្រប់គ្នាមិនធ្លាប់បានដឹង

ស៊ុបហតផត គឺជាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងត្រូវបានគេនិយមញុំាជុំគ្នាជាលក្ខណះគ្រួសារនិងមិត្តភក្ដិជាដើម។ ជាទូទៅ ការញុំាហតផតតម្រូវឲ្យមានស៊ុបក្នុងឆ្នាំងកម្តៅឲ្យពុះក្តៅៗហុយៗ ដែលមានបន្លែ ប្រហិត គ្រឿងសមុទ្រ និងសាច់ខាងក្រៅដើម្បីដាក់ចូលចម្អិនតាមចំណង់ចំណូលចិត្តរបស់អ្នកញុំា។ ហើយប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់ប្រទេសចិន នោះអ្នកនឹងប្រទះឃើញអាហារមួយនេះនៅគ្រប់ទីកន្លែង។

1

ស៊ុបហតផតនេះមានដើមកំណើតយូរណាស់មកហើយ ពោលគឺតាំងពីសម័យម៉ុងហ្គោលប្រហែល ៨០០-៩០០ឆ្នាំមុនមកម្ល៉េះ ហើយធាតុផ្សំពីមុនមានលក្ខណៈសាមញ្ញណាស់ គឺមានតែសាច់ចៀម និងសាច់សេះប៉ុណ្ណោះ រីឯទឹកស៊ុបវិញគឺមិនមានរសជាតិហឹរនោះទេ។

បន្ទាប់មកវាក៏បានរីកសុះសាយទៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសចិន ហើយនៅតាមតំបន់នីមួយៗគឺមានលក្ខណៈ ឬរសជាតិខុសគ្នាតិចតួច។

2

#ហតផតតំបន់ចុងឈីង

ហតផតដែលមានភាពល្បីល្បាញជាងគេ គឺនៅក្នុងតំបន់ចុងឈីង ដែលវាផ្សំឡើងពីម្ទេសស៊ីឈ័ន និងមានរសជាតិហឹរខ្លាំង។ អ្នកដែលចាញ់ហឹរប្រាកដជាត្អូញថាហឹរពេក ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរវិញប្រាកដជាញុំាហើយចង់ញុំាទៀតមិនខាន។ ហតផតតំបន់ចុងឈីងត្រូវបានបង្កើតឡើងដោយពលករជំនាន់មុន ព្រោះពួកគេត្រូវការរបស់ក្តៅៗ ដែលអាចជួយបង្កើនកម្តៅក្នុងខ្លួននៅក្នុងអាកាសធាតុត្រជាក់ និងត្រូវការអាហារដែលជំនួយដល់កម្លាំងផងដែរ។

3

#ហតផតតំបន់ស៊ីឈ័ន

ខេត្តស៊ីឈ័នក្នុងប្រទេសចិន គឺជាខេត្តមួយដែលល្បីឈ្មោះខាងម្ហូប ដែលមានរសជាតិហឹរ ហើយក្នុងនោះក៏មានស៊ុបហតផតនេះផងដែរ។ ហតផតនៅតំបន់ស៊ីឈ័នផ្សំឡើងពីម្រេចម្យ៉ាងដែលពេលញុំាទៅធ្វើឲ្យស្ពឹកមាត់ដោយសារតែសារធាតុហឹររបស់វា ប៉ុន្តែយ៉ាងណាមិញវាក៏នៅតែមានអ្នកចូលចិត្តជាមួយរសជាតិដ៏ប្លែករបស់វាផងដែរ។

4

#ហតផតជប៉ុន

ហតផតជប៉ុនបានរីកសុះសាយមិនត្រឹមតែក្នុងតំបន់នោះទេ វាថែមទាំងបានពង្រីកខ្លួនទៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីទៀតផងដូចជាថៃ ហ្វីលីពីន តៃវ៉ាន់និងកម្ពុជាជាដើម។ នៅជប៉ុន ហតផតត្រូវបានគេស្គាល់ថាមានពីរប្រភេទគឺ ស៊ូគីយ៉ាគី (Sukiyaki) និង សាប៊ូៗ (Shabu-Shabu)។ ស៊ុបពីរប្រភេទនេះមានលក្ខណៈខុសគ្នាបន្តិចបន្តួចដោយស៊ូគីយ៉ាគីមានរសជាតិមុត ឯសាប៊ូៗមានរសជាតិស្រាលជាង៕

5

6

ប្រភព ៖ បរទេស

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក