រក ៣ ជាតិទៀតក៏មិនមានដែរ បើអ្នកនៅមិនបោះចោលអត្តសញ្ញាណក្រទាំង ៥ នេះ

កុំ​ចង់​អាយុ​ប៉ុណ្ណេះ​បាន​ខំ អាយុ​ប៉ុណ្ណេះ​បាន​លែង​ចាំ​សម្រុក​រក​លុយ តាម​ពិត​ទៅ​បើ​មាន​ឱកាស មាន​ទេពកោសល្យ​ពិត គួរ​តែ​ប្រើប្រាស់​វា​បណ្តើរៗ​ទៅ។ អត្តសញ្ញាណ​ ៥ របស់​អ្នក​ក្រ គឺ​តែងតែ​បង្ហាញ​ចេញ​មក ដែល​អាច​ឲ្យ​គេ​មើល​ដឹង​ ហើយ​ជា​ទូទៅ​ពួក​គេ​មិន​ងាយ​មាន​បាន​ដូច​គេ​នោះ​ទេ ហើយ​ឃើញ​គេ​មាន​ក៏​បន្ទោស​វាសនា​ខ្លួន​ឯង៖

៥) ភាព​ខ្ជិល​ច្រអូស

Ice_screenshot_20210827 124907

ភាព​ខ្ជិល​គឺ​ជា​ចំណុច​រាំងស្ទះ​ធំ​បំផុត​ក្នុង​ដំណើរ​ជោគជ័យ​របស់​មនុស្ស ខ្ជិល​ទាំង​គិត ខ្ជិល​ទាំង​ការ​ធ្វើ​សកម្មភាព ខ្ជិល​ទាំង​ការ​មាន​មហិច្ឆតា ភាព​ខ្ជិល​ទាំង​អស់​នេះ​ហើយ​បើ​បន្ត​ដក់​ជាប់​ក្នុង​ខ្លួន​អ្នក​រយៈ​ពេល​យូរ​វែង នោះ​ជីវិត​នឹង​កាន់​តែ​ច្របូកច្របល់​រក​ច្រក​ចេញ​គ្មាន។

ឃើញ​ការងារ​បាន​ប្រាក់​ចំណូល​ទាប ស៊ូ​មិន​ធ្វើ​ហើយ​អង្គុយ​ឲ្យ​ទំនេរ​ខ្លួន​ចោល នេះ​គេ​ហៅ​មនុស្ស​មើល​ស្រាល​ការងារ។ ត្រូវ​ចាំ​ថា ជីវិត​មនុស្ស​យើង​អាច​ជោគជ័យ​ទៅ​បាន មិន​មែន​សុខៗ​លុយ​ធ្លាក់​ពី​លើ​មេឃ​នោះ​ទេ ពោល​គឺ​ទាមទារ​ឲ្យ​ខិតខំ​ពី​ចំណុច​ចាប់ផ្តើម​ដ៏​តូច​ទៅ​នេះ​ឯង។

៤) យក​កិត្តិយស​មុខមាត់​ជា​ធំ

Ice_screenshot_20210827 124939

គេ​រក​បាន​កាន់​តែ​ច្រើន គេ​ចំណាយ​កាន់​តែ​តិច យើង​រក​បាន​តិច តែ​ចំណាយ​កាន់​តែ​ច្រើន នោះ​គឺ​ដើម្បី​តែ​ម្យ៉ាង គឺ​ដើម្បី​បំពេញ​មុខមាត់​កិត្តិយស។ មិន​ចេះ​ប្រើ​ទេ​របស់​ធូរ​ថ្លៃ ហា​ឡើង​សុទ្ធ​តែ​របស់​ទំនើប ទាំង​ដែល​ខ្លួន​ឯង​មិន​ទាន់​នឹងន​ មាន​លទ្ធភាព​ជា​ដុំកំភួន​អី​សោះ។

ប្រាក់​ខែ​មួយ​ខែ ២០០-៣០០ ដុល្លារ ហា​ឡើង​ខំ​ប្រឹង​សន្សំ​បង់រំលោះ​ទូរស័ព្ទ​តម្លៃ​រាប់​ពាន់​ តែ​បែរ​ជា​មិន​ខំ​ប្រឹង​សន្សំ​ទុក​លុយ​នោះ ទៅ​វិនិយោគ ឬ​ធ្វើ​អ្វី​ដែល​អាច​បង្កើត​ជា​ផល​ចំណេញ​ត្រលប់​មក​វិញ។ ឃើញ​គេ​ហក់ឆ័ត្រ​មាន​របស់​ថ្លៃ​ប្រើ ខ្លួន​ខំ​ទៅ​តាម​គេ​ដែរ នេះ​មក​ពី​គ្មាន​ផែនការណ៍​ចំណាយ​ច្បាស់លាស់ ដូច្នេះ​អ្នក​រក​ដល់​ចាស់​សក់​ស្កូវ ក៏​មិន​សល់​លុយ​ដែរ។

៣) គ្មាន​ភាព​ជឿជាក់

Ice_screenshot_20210827 125008

គ្មាន​ឆន្ទៈ​ខិតខំ​ប្រឹងប្រែង ​គ្មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង តើ​ឲ្យ​ទៅ​ធ្វើ​អ្វី​រួច​ទៅ? មនុស្ស​ដែល​ជោគជ័យ​គេ​មើល​ឃើញ​ឆ្ងាយ​ណាស់ គេ​មិន​ដែល​ងាប់​ក្រឡា​នោះ​ទេ ហើយ​គេ​ស្អប់​បំផុត មនុស្ស​ដែល​គ្មាន​ជំនឿ​ជាក់​លើ​ខ្លួន​ឯង។ លើក​លោក​យើង​នេះ​គ្មាន​នរណា​កើត​មក​ជោគជ័យ​នោះ​ទេ ហើយ​បទពិសោធន៍​ជីវិត​ពី​ចំណុច​ចាប់ផ្តើម​ទៅ​ហ្នឹង​ហើយ​ ជា​អ្វី​ដែល​យើង​ត្រូវ​រៀនសូត្រ ហើយ​មួយ​ទៀត​មនុស្ស​ដែល​ជោគជ័យ គេ​ធ្លាប់​ដួល​រាប់​ភ្លេច តែ​គេ​ក៏​តែងតែ​ក្រោក​ឈរ​ជានិច្ច​ដែរ។

២) មើល​ឃើញ​ប្រយោជន៍​ជា​ធំ

Ice_screenshot_20210827 124924

ទាំង​ការងារ ទាំង​ការ​រកស៊ី មនុស្ស​ដែល​មើល​ឃើញ​ប្រយោជន៍​ជា​ធំ លោភលន់​ចង់​បាន​ខ្លាំង​ពេក លែង​គិត​ពី​អ្នក​ដទៃ នោះ​មិន​ចម្រុងចម្រើន​ទេ ហើយ​មិន​ចម្រើន​ក៏​មិន​យូរ​អង្វែង​ដែរ។ អ្នក​មាន​ពិត​ប្រាកដ ពួក​គេ​ធ្វើ​ដើម្បី​ចង់​បាន​ប្រយោជន៍​ដូច​គ្នា តែ​មិន​លោភលន់​ពេក​ទេ ព្រោះ​ពួក​គេ​មើល​ឃើញ​ប្រយោជន៍​រយៈ​ពេល​យូរ។

១) មាន​ពាក្យ "ត្អូញត្អែរ" ក្នុង​វចនានុក្រម

Ice_screenshot_20210827 125030

ក្នុង​វចនានុក្រម​ការ​គិត និង​ខួរក្បាល​របស់​ពួក​គេ ពោរពេញ​ទៅ​ដោយ​ភាព​ត្អូញត្អែរ តែ​មិន​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ។ ពួក​គេ​ឆាប់​បាក់​ទឹក​ចិត្ត ឆាប់​ចុះចាញ់ ពេល​ខ្លះ​ជោគជ័យ​នៅ​នឹង​មុខ តែ​បែរ​ជា​ដើរ​ថយ​ក្រោយ ព្រោះ​ពួក​គេ​មិន​ហ៊ាន​ប្រឈម​នឹង​បញ្ហា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក