រឿងខ្លី! រៀនអស់តែលុយ ពីឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អានហើយ គិតពិចារណាទាំងអស់គ្នា

#រឿងខ្លី រៀនអស់តែលុយ

ឥតប្រយោជន៍ គ្មានបានការ គំនិតដូចឆ្កួត រៀនអស់តែលុយ។ នេះជាការលើកឡើងរបស់អ្នកភូមិខ្ញុំ។ ពួកគេមិនដែលទទួលស្គាល់អ្វីដែលខ្ញុំបានធ្វើ ឬអ្វីដែលខ្ញុំខិតខំនោះទេ។ ពាក្យនេះជាពាក្យដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុតក្នុងជីវិត។ ពាក្យនេះបានធ្វើឱ្យខ្ញុំខំប្រឹងប្រែងត្រដាបត្រដួសតស៊ូ ពុះពារគ្រប់ឧបសគ្គ តាំងពីតូចរហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។ តែខ្ញុំមិនខឹងអ្នកដែលថាឱ្យខ្ញុំនោះទេ គឺខ្ញុំខឹងខ្លួនឯង ខឹងនឹងតំបន់ដែលខ្ញុំរស់នៅមិនឱ្យតម្លៃលើការសិក្សារបស់ខ្ញុំ។

ការណ៍មិនឱ្យតម្លៃនេះទៀតសោត ក៏ព្រោះតែតំបន់ខ្ញុំ គេឱ្យតម្លៃទៅលើការប្រកបរបរផ្ទាល់ខ្លួន ដូចជាការធ្វើស្រែចម្ការ និងការនេសាទ សម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះ។ ដោយមើលឃើញការប្រកបរបរនេះអាចចិញ្ចឹមជីវិតបាន ហើយគួបផ្សំនឹងគ្រួសារខ្ញុំជួបវិបត្ដិសេដ្ឋកិច្ចផងនោះ ថ្ងៃមួយម្ដាយឪពុកខ្ញុំបានប្រាប់មកខ្ញុំថា៖ “ខ្ញុំរៀនបានថ្នាក់ទី១២ហើយ ប្រឡងជាប់ទី១២ហើយ អាចចេះអាន និងសរសេរហើយ កូនគួរឈប់រៀនត្រឹមនេះ ព្រោះអ្នកស្រុកភូមិយើង កូនអ្នកមាន កូនមេភូមិ មេឃុំក្ដី ទោះរៀនចប់ប៉ុនណាក៏មិនទាន់ឃើញអ្នកណាមានការងារល្អធ្វើដែរ បើមានគឺចូលតាមរយៈបក្សពួក ឬសូកគេតែប៉ុណ្ណោះ។ ឯកូនអ្នកក្រវិញ ទោះរៀនចេះប៉ុនណា ពូកែប៉ុនណា បើគ្មានបក្សពួកទេ គឺមិនអាចចៀសផុតពីការនេសាទនោះឡើយ។ ដូចកូនឃើញផ្ទាល់ភ្នែក ឮនឹងត្រចៀកស្រាប់។”

1

បន្ទាប់ពីម្ដាយខ្ញុំមានប្រសាសន៍រួច ខ្ញុំឆ្លើយយល់ព្រមជាមួយគាត់ភ្លាម ខណៈបេះដូងរបស់ខ្ញុំកំពុងស្រឡាញ់ការសិក្សា ខ្ញុំចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀត។ បេះដូងខ្ញុំស្ទើរតែផ្ទុះចេញមកក្រៅ ប៉ុន្តែខ្ញុំព្រមតាមសំណូមពររបស់អ្នកម្តាយ ដើម្បីកុំឱ្យអ្នកម្តាយខកចិត្ត ខ្ញុំត្រូវបំពេញបំណងគាត់ទាំងឈឺចាប់។ ខ្ញុំទ្រាំឈឺចាប់តែម្នាក់ឯង ពេលខ្លះខ្ញុំសម្ងំសម្រក់ទឹកភ្នែកមិនឱ្យអ្នកម្តាយដឹង។

ខ្ញុំពិតជាស្តាយការសិក្សារបស់ខ្ញុំណាស់។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានសាកល្បងពន្យល់ពួកគាត់ឡើងវិញ ពីគុណសម្បត្តិនៃចំណេះដឹង។ ខ្ញុំថែមទាំងយកសៀវភៅសិក្ខាគារិកឱ្យពួកគាត់មើល ដើម្បីដឹងពីសមត្ថភាពនៃការរៀនរបស់ខ្ញុំ តែពួកគាត់នៅតែមានប្រសាសន៍បែបអវិជ្ជមានមកខ្ញុំវិញដដែលថា៖ “ពុក និងម៉ែដឹងហើយថា កូនរៀនពូកែ កូនប្រឡងជាប់បាក់ឌុបហើយ តែដូចពុកនិងម៉ែប្រាប់ហើយថា ទោះកូនរៀនបានល្អកម្រិតណា ក៏យើងនៅតែជាអ្នកនេសាទដដែល។ ដៃជើងខ្លួនប្រាណយើងនៅតែប្រឡាក់ស្រកាត្រីនិងជាប់ក្លិនឆ្អាបត្រីដដែលជាដដែល។”

ប្រសាសន៍របស់ពួកគាត់ធ្វើឱ្យខ្ញុំនឹកឃើញពាក្យមួយឃ្លា និងចងចាំអស់មួយជីវិតថា “រៀនពូកែយ៉ាងណា គ្មានអ្នកទទួលស្គាល់ នោះសញ្ញាបត្រប្រៀបដូច ឬស្មើនឹងក្រដាសសមួយសន្លឹក។” ខ្ញុំនៅតែទទូចសុំពួកគាត់ ដើម្បីបានទៅបន្តការសិក្សានៅភ្នំពេញ។

2

ខ្ញុំតែងតែអង្គុយស្រងូតស្រងាត់តែម្នាក់ឯង ពេលខ្លះសំងំមិនទាំងទទួលទានបាយទៀតផង រហូត៣សប្តាហ៍ក្រោយមក ខណៈខ្ញុំកំពុងអង្គុយសំកុកយ៉ាងស្ងៀមស្ងាត់នៅលើខ្នងទំនប់ ឯវាលស្រែនោះ ស្រាប់តែម្តាយខ្ញុំបានមកដល់។ គាត់បាននិយាយលួងលោមឱ្យខ្ញុំត្រឡប់មកផ្ទះវិញ និងហូបបាយ។ ក្រោមផ្ទៃមេឃដ៏ស្រអាប់ គ្មានពន្លឺព្រះអាទិត្យម៉ោងប្រហែលដប់មួយព្រឹក ខ្ញុំដើរយឺតៗតាមពីក្រោយម៉ែដោយស្ងៀមស្ងាត់។

ពេលមកដល់ផ្ទះ ម៉ែនិងពុកបានរៀបបាយទឹកទុករួចជាស្រេច។ នៅក្បែរចានបាយ ខ្ញុំឃើញកញ្ចប់ក្រដាសមួយរៀបចំយ៉ាងស្អាត។ ខ្ញុំមិនចាប់អារម្មណ៍ទេ។ ឃើញខ្ញុំបែបនេះ ម៉ែក៏ប្រាប់ឱ្យខ្ញុំលាកញ្ចប់ក្រដាសនេះមើល ខ្ញុំក៏សាកល្បងលាកញ្ចប់តាមម៉ែប្រាប់។

. ពុទ្ធោ ! លុយច្រើនម៉្លេះ?... (ខ្ញុំគិតនៅក្នុងចិត្ត)

មិនឱ្យខ្ញុំសួរទាន់ ម៉ែប្រាប់ខ្ញុំភ្លាម៖

.លុយនេះ ម៉ែ និងពុកត្រៀមទុកឱ្យកូនឯងយកទៅរៀននៅភ្នំពេញ។ តាមពិត ពុកនិងម៉ែបានត្រៀមជាយូរមកហើយ តែអ្វីដែលម៉ែនិងពុករារាំងកូនកាលពីប៉ុន្មានថ្ងៃមុននោះ គឺគ្រាន់តែជាការសាកល្បងចិត្តកូនប៉ុណ្ណោះ។ ចង់ដឹងថា តើកូនពិតជាចង់រៀនប្រាកដមែន ឬគ្រាន់តែចង់តាមគ្នា ឬចង់តែមួយភ្លែតដូចភ្លើងចំបើង?”

ស្តាប់ប្រសាសន៍ម៉ែ ខ្ញុំនៅស្ងៀម តែលួចរំភើបក្នុងចិត្ត។ ភ្លាមនោះ ទឹកភ្នែករបស់ខ្ញុំក៏ហូរចុះមកតក់ៗ។ ខ្ញុំចាប់ចានបាយទាំងទឹកភ្នែកកំពុងស្រក់។ ម៉ែឃើញដូច្នេះក៏មានប្រសាសន៍លួងលោមខ្ញុំទៀត៖ “ស្រក់ទឹកភ្នែកធ្វើអី? កូនប្រុសមិនត្រូវស្រក់ទឹកភ្នែកទេ។ កូនប្រុសស្រក់ទឹកភ្នែកស្មើនឹងចិត្តកំសាក។ មនុស្សស្រីដែលឆ្លាត គេមិនរៀបការជាមួយមនុស្សប្រុសដែលទន់ជ្រាយទេ គេត្រូវការមនុស្សប្រុសដែលរឹងមាំ។”

255964248_427297615433698_4168274129508337543_n Copy

ប្រសាសន៍ម៉ែមួយឃ្លានេះ ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួនព្រើតតែម្តង។ ខ្ញុំមិននឹកស្មានថា ម្តាយខ្ញុំក៏អាចមានប្រសាសន៍ពាក្យក្រើនរម្លឹកល្អៗបែបនេះដែរ។ខ្ញុំយកដៃជូតទឹកភ្នែក ហើយបន្តហូបបាយ ដោយគ្រាន់តែឆ្លើយតបទៅម៉ែវិញថា៖ “បាទម៉ែ! កូនអរគុណហើយ...។”

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំចាប់ផ្តើមរៀបចំធ្វើដំណើរមកភ្នំពេញ។ ខ្ញុំបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកអក្សរសាស្រ្តខ្មែរ។ ខ្ញុំត្រូវរៀននៅទីនេះរយៈពេល៤ឆ្នាំ ហើយ៤ឆ្នាំ នៃការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្ញុំ ខ្ញុំឆ្លៀតធ្វើការងារជាអ្នករត់តុនៅហាងអាហារពេលយប់ផង ជាគ្រូបង្រៀនតាមផ្ទះផង និងធ្វើការស្ម័គ្រចិត្ដផ្នែកសប្បុរសធម៌ផង។

ការតស៊ូសិក្សារបស់ខ្ញុំរហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាស្ថាពរ។ក្រោយពេលខ្ញុំបញ្ចប់ការសិក្សាភ្លាម ខ្ញុំបានសរសេរប្រវត្តិរូបសង្ខេប ដាក់នៅតាមក្រុមហ៊ុនជាង១០កន្លែង ក្នុងនោះក៏មានក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ដែរ តែគ្មានក្រុមហ៊ុនណាមួយហៅខ្ញុំទៅសម្ភាសទេធ្វើឱ្យខ្ញុំអស់សង្ឃឹម។ ការមិនឆ្លើយតបរបស់ស្ថាប័នដែលខ្ញុំបានដាក់ពាក្យធ្វើឱ្យខ្ញុំនឹកឃើញដល់ប្រសាសន៍លោកពុកខ្ញុំថា ទោះមានសមត្ថភាពប៉ុនណា បើគ្មានទំនាក់ទំនងល្អទេ នឹងមិនអាចរកការងារធ្វើបានឡើយ។តែទោះជាយ៉ាងនេះក្តី ក៏ខ្ញុំនៅមានកូនចិត្តសង្ឃឹមខ្លះៗដែរ។

ថ្ងៃមួយ ខណៈកំពុងអានសារព័ត៌មាន មើលដំណឹងជ្រើសរើសបុគ្គលិក ស្រាប់តែស្ថាប័នដ៏ល្បីល្បាញរបស់លោកឧកញ៉ា គួច ម៉េងលីហៅទៅសម្ភាសធ្វើជាគ្រូបង្រៀន។ នៅពេលសម្ភាសនោះ ខ្ញុំបានមានអារម្មណ៍ថា មិនមែនជាការសម្ភាសទេ តែជាការផ្ដល់ដំបូន្មានល្អៗមកវិញ។ អ្នកសម្ភាសន៍បាននិយាយថា៖ “បុគ្គលមួយចំនួនច្រើនពោលពាក្យថា ការងារល្អពិបាករកណាស់ ព្រោះការងារល្អៗទាំងអស់ ត្រូវបានគេជ្រើសរើសយកតែបក្ខពួកគ្នាគេ ឬខ្សែរយៈគេទាំងអស់ ហើយការងារដែលប្រើកម្លាំងទើបគេជ្រើសរើសពួកយើង។ ចំណុចនេះគឺខុសទាំងស្រុង ប្រសិនបើស្ថាប័នណាជ្រើសរើសបុគ្គលិកបម្រើការងារប្រភេទនេះ គឺប្រៀបដូចយកមនុស្សមកបំផ្លាញស្ថាប័នខ្លួនឯងដែរ។ ដោយហេតុថា បុគ្គលទាំងនោះមិនមានចំណេះដឹង មិនមានពិសោធន៍ មិនចេះធ្វើ ការផង គឺចូលមកតាមខ្សែរយៈ។ ដោយបានត្រឹមតែឈរបញ្ជាគេ លុះអនុវត្ដខ្លួនឯងធ្វើមិនកើត ជាពិសេសគ្មានគំនិតច្នៃប្រតិដ្ឋតែម្តង។ ក្មួយត្រូវធ្វើយ៉ាងណា កុំឱ្យគេនិយាយថា រៀនអស់តែលុយឥតប្រយោជន៍។”

អ្នកសម្ភាសន៍បញ្ជាក់ទៀតថា៖ “ក្មួយត្រូវដឹងថា សម្រាប់ក្រុមហ៊ុនខ្ញុំ ការជ្រើសរើសបុគ្គលិក ខ្ញុំរើសមនុស្សដែលមានសមត្ថភាព មនុស្សដែលអាចធ្វើការងារឱ្យខ្ញុំបាន មនុស្សដែលមានសីលធម៌ សុជីវធម៌ មនុស្សមានអាកប្បកិរិយាមារយាទ និងឥរិយាបថថ្លៃថ្នូរ និងជាមនុស្សចេះដឹង។ដោយសារខ្ញុំប្រកាន់ខ្ជាប់គោលការណ៍នេះហើយ ទើបធ្វើឱ្យស្ថាប័ន ឬក្រុមហ៊ុនខ្ញុំ មានការរីកចម្រើនដល់សព្វថ្ងៃ។ ចំណែកក្មួយ តាមមើលលើអត្តចរិតនិងពាក្យសម្ដី ក្មួយមិនបាច់ធ្វើជាគ្រូបង្រៀនទេ ក្មួយមានទេពកោសល្យល្អក្នុងទំនាក់ទំនង និងមានជំនាញច្បាស់លាស់ ម្ចាស់ការហ្មត់ចត់ ហើយមើលទៅក្មួយគឺជាមនុស្សស្មោះត្រង់។ ខ្ញុំនឹងយកក្មួយមកធ្វើជាជំនួយការផ្ទាល់របស់ខ្ញុំតែម្ដង។”

ស្តាប់ការពន្យល់យ៉ាងក្បោះក្បាយនេះ ខ្ញុំសប្បាយចិត្ដយ៉ាងខ្លាំង ព្រោះខ្ញុំដឹងថា គាត់អ្នកសម្ភាសន៍នេះ គឺជាម្ចាស់ក្រុមហ៊ុនផ្ទាល់តែម្តង។ ខ្ញុំធ្លាប់ឮកិត្តិនាមរបស់គាត់នៅគ្រប់ទីកន្លែង។ គាត់មានចិត្ដសប្បុរស ចេះជួយរំលែកទុក្ខធុរៈអ្នកខ្វះខាត មានចិត្ដមេត្ដាករុណា ពិសេសនោះ គាត់ជាមនុស្សចូលចិត្ដចែករំលែកចំណេះដឹងដល់អ្នកជុំវិញខ្លួន និងអ្នកដទៃជានិច្ច។ គាត់គឺលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ សម្ភាសចប់ ខ្ញុំក៏លាលោកឧកញ៉ាត្រឡប់មកវិញ ហើយចាប់ពីពេលនោះមក ខ្ញុំក៏ក្លាយជាបុគ្គលិកក្រុមហ៊ុនរបស់លោកឧកញ៉ា។ ជាញឹកញាប់ លោកឧកញ៉ាតែងតែដាស់តឿនក្រើនរម្លឹកឱ្យខ្ញុំចេះតស៊ូក្នុងជីវិត ខិតខំរៀនសូត្រពីរៀមច្បង ដើម្បីជោគជ័យទៅថ្ងៃអនាគត៕

…………………………………………

ដកស្រង់ពីសៀវភៅ #កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ/A Collection of Stories My Role Model,Oknha Dr. Mengly J. Quach

បោះពុម្ពផ្សាយខែមករា គ.ស.២០២០

និពន្ធដោយ៖ អឿ ស៊ីណា