កុំធ្វើឲ្យតែរួចពីដៃ! នេះជាទឹក ៥ ប្រភេទ មិនគួរប្រើដើម្បីលេបថ្នាំទេ ព្រោះអាចធ្វើឲ្យបាត់បង់​ប្រសិទ្ធភាព ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​

អ្នកជំនាញសុខភាពបាននិយាយថា ទឹកដែលប្រើសម្រាប់លេបថ្នាំមិនត្រឹមតែជាអ្នកនាំថ្នាំពីមាត់ទៅក្រពះប៉ុណ្ណោះទេ ថែមទាំងដើរតួជាសារធាតុរំលាយថ្នាំ ជួយឱ្យថ្នាំសាយភាយស្មើៗគ្នាពេញផ្ទៃនៃបំពង់រំលាយអាហារ។ ប្រសិនបើអ្នកប្រើប្រាស់ទឹកខុសពេលលេបថ្នាំ អាចធ្វើឱ្យថ្នាំគ្មានប្រសិទ្ធភាព ឬប្រែក្លាយថ្នាំទៅជាជាតិពុលដែលមិនល្អសម្រាប់សុខភាព។ ខាង​ក្រោម​នេះ​ជា​ទឹក​ ៥ ​ប្រភេទ​ដែល​មិន​គួរ​ប្រើ​ជាមួយ​ថ្នាំ​ជា​ដាច់​ខាត៖

ទឹក​ផ្លែឈើ

ដំបូងការប្រើប្រាស់ទឹកដូចជា ទំពាំងបាយជូ ទឹកក្រូចថ្លុង និងទឹកមួយចំនួនទៀត ដើម្បីលេបថ្នាំគឺអាចកាត់បន្ថយប្រសិទ្ធភាព និងបង្កើនផលរំខានរបស់ថ្នាំ។ មូលហេតុដោយសារទឹកផ្លែឈើអាចរារាំងអង់ស៊ីមក្នុងដំណើរការស្រូបថ្នាំ ដូចជា ថ្នាំព្យាបាលជំងឺបេះដូង និងថ្នាំប្រឆាំងមេរោគផ្សិត។

តែ

ជាធម្មតាតែជាភេសជ្ជៈបន្សុទ្ធដែលមានប្រយោជន៍ខ្លាំងចំពោះសុខភាព បើប្រើជាមួយនឹងថ្នាំប្រឆាំងជំងឺមហារីកហៅថា bortezomib អាចមានសមត្ថភាពវាយដំនឹងកោសិកាមហារីក ដូចនេះ តែពិតជាឱសថដ៏ល្អឥតខ្ចោះសម្រាប់ថ្នាំណាស់។ យ៉ាងណា អ្នកក៏ត្រូវដឹងថា តែមានផ្ទុកសារធាតុ tannin ដែលធ្វើឱ្យថ្នាំជាច្រើនមិនមានប្រសិទ្ធភាព ហើយថ្នាំដែលមានជាតិដែក ពេលលេបជាមួយតែមិនមានប្រសិទ្ធភាពទេ។


ទឹកដោះគោ

ថ្វីត្បិតតែទឹកដោះគោមានសុខភាពខ្លាំងក៏ដោយ ក៏វាជាភេសជ្ជៈមួយប្រភេទដែលមិនគួរប្រើដើម្បីលេបថ្នាំដែរ។ ជាពិសេស ជាតិកាល់ស្យូមនៅក្នុងទឹកដោះគោនឹងរំខានដល់ការស្រូបយកថ្នាំអង់ទីប៊ីយោទិចមួយចំនួនរបស់រាងកាយ និងពន្យារការព្យាបាលនៃជំងឺ។

កាហ្វេ

ដូចជាតែដែរ កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន ដែលកាត់បន្ថយឥទ្ធិពលនៃថ្នាំមួយចំនួន។ អ្នកឯកទេសអាហារូបត្ថម្ភ Krissy Gasbarre ក៏បាននិយាយផងដែរថា កាហ្វេអាចផ្លាស់ប្តូរសមាសធាតុគីមី និងប៉ះពាល់ដល់ពេលវេលាត្រូវការដើម្បីបំបែកថ្នាំ ដែលធ្វើឱ្យថ្នាំមិនអាចដំណើរការបាន។

ស្រាបៀរនិងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀត

ពេលលេបថ្នាំដែលមានផ្ទុកជាតិអាសេតាមីណូហ្វេនដូចជា panadol សូមកុំពិសាគ្រឿងស្រវឹងជាមួយគ្នា ក្រែងថ្លើមមានបញ្ហា។លើសពីនេះ ជាតិអាល់កុលក៏កំណត់ប្រសិទ្ធភាពព្យាបាលនៃថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងជំងឺផ្លូវចិត្ត និងបង្កើនផលប៉ះពាល់នៃថ្នាំមួយចំនួនទៀត។

ប្រភព៖ បរទេស