ឡេអូណាដូ អេហ្វាំង៖ទាហានអាមេរិកឋានៈពលបាលត្រី ឆក់យកជីវិតទាហានអាល្លឺម៉ង់៤០នាក់ត្រឹម៦០វិនាទី

លោក ពលបាលត្រីថ្នាក់ទី១ Leonardo A. Funk ទោះបីជាមានឋានៈតូចតាចព្រមទាំងកម្ពស់ទាបល្មម បានចូលធ្វើទាហានក្នុងកងទ័ពទាហានប៉ារ៉ាអាមេរិកនៃកងឆត្រយោងរបស់កងវរសេនាតូចថ្មើរជើងទី 508 របស់កងទ័ពសហរដ្ឋអាមេរិកហើយបានក្លាយជាទាហានដែលល្អ និងជំនាញបំផុតនៅក្នុងសង្គ្រាមលោកលើកទី 2 ។

ឆ្លងកាត់ការហ្វឹកហាត់ដ៏លំបាក​ និងគ្រោះថ្នាក់បំផុត ដើម្បីចូលធ្វើសង្គ្រាមលោកលើកទី២ មានទាហានមិនច្រើននោះទេ ក្នុងកងរបស់លោកដែលឆ្លងផុតវគ្គចុងក្រោយ។

កំឡុងសង្គ្រាមសមរភូមិ Battle of The Bulge នៅខែមករាឆ្នាំ 1945 លោកដឹកនាំកងវរសេនាតូចមួយដែលជាផ្នែកនៃកងវរសេនាធំ បានឡើងជិតដល់បន្ទាត់ទីតាំងសត្រូវដល់ទៅ១៥ម៉ាយ៍(24 គីឡូម៉ែត្រ) តែកងទាហាននេះប៉ះព្យុះព្រឹលនិងរណ្ដៅព្រិល។

មេបញ្ជាការធំនៃកងវរសេនាធំបានរងរបួសខ្លាំង មិនអាចច្បាំងកើតហើយ ភ្លាមៗនោះ លោក ហ្វាំង ត្រូវបានតែងតាំងឲ្យទទួលដឹកនាំកងទ័ពទាំងអស់។

ភ្លាមៗនោះលោកបានបញ្ជាឲ្យទាហានបែងចែកជាក្រុមប្រយុទ្ធតូចៗ។ ក្រោមការដឹកនាំរបស់គាត់ ក្រុមទាហានតូចៗមានគ្នាប្រហែល៥ទៅ៦នាក់បានចូលទៅដល់បន្ទាយបាញ់កាំភ្លើងធំរបស់អាល្លឺម៉ង់ដោយវាយសម្រុកពីផ្នែកខាងឆ្វេង។

ពួកគេបានវាយប្រហារខ្មាំងសត្រូវដោយកម្ទេចជុំរំទាហានអាល្លឺម៉ង់តូចៗ១៥កន្លែង និងចាប់បានឈ្លើយសឹក៣០នាក់ដោយគ្មានទាហានលោក ហ្វាំងណាម្នាក់ស្លាប់ ឬរបួសសោះឡើយ។

ការប្រយុទ្ធឈ្លបស្ងាត់ៗបន្តឡើងកាន់តែជ្រៅហួសតំបន់ Holzheim ប្រទេសបែលហ្សិក សរុបចំណាប់ខ្មាំងចាប់បាន៨០នាក់។

ដោយមិនមានការប្រុងប្រយ័ត្នទាហានអាល្លឺម៉ង់ដែលនៅសល់លាក់ខ្លួនបាន សម្លាប់កូនទាហានការពាររបស់គាត់៤នាក់ ហើយរំដោះចំណាប់ខ្មាំងទាំងអស់។

កូនទាហានរបស់គាត់ត្រូវស្លាប់៤នាក់ ខណៈចំណាប់ខ្មាំងត្រូវបានរំដោះទាំងអស់តែគាត់មិនបានដឹងទេ។ ចំណាប់ខ្មាំងទាំងនោះបានសម្លាប់ទាហានរបស់លោកដែលនៅសល់។

ដោយការមិនបានដឹងជាមុនលោកក៏បានដើរទៅមុខបន្តទៀត ជាមួយកូនទាហាន៣នាក់ ប៉ុន្តែការទៅមុខរបស់បានចូលក្នុងសម្បុករបស់ទាហានអាល្លឺម៉ង់ ហើយពួកគេបានឡោមព័ទ្ធលោក ព្រមតាំងឲ្យលើកដៃព្រមចុះចាញ់។

លោកដើរទៅមិនមែនដោយដៃទទេ តែស្ពាយកាំភ្លើងយន្តដាក់គ្រាប់ពេញទៅជាមួយផង ខណៈកូនទាហានលោកមានកាំភ្លើងម៉ាក M1 Garand ម្នាក់មួយ។

ទាហានអាល្លឺម៉ង់ឲ្យគាត់លើកដៃឡើងលើតែមិនបានប្រាប់ឲ្យទម្លាក់កាំភ្លើងនោះចោលទេ។ ភ្លាមនោះលោកបានរត់ទៅបុកមេកងទាហានអាល្លឺម៉ង់ម្នាក់ឲ្យដួល ហើយទាញកាំភ្លើងជាប់ខ្លួនស្រាប់យ៉ាងលឿនបាញ់ទៅទាហានអាល្លឺម៉ង់ដែលព័ទ្ធជុំវិញស្លាប់និង​របួសស្ទើរទាំងអស់ល្មម​អស់​គ្រាប់​មួយ​ខ្សែក្នុង​ដៃ។

គាត់បានប្រាប់ឲ្យកូនទាហានរបស់លោក ប្រមូលកាំភ្លើងរបស់ទាហានអាល្លឺម៉ង់ដែលរបួសបនិងស្លាប់។

ក្នុងស្ថានភាពបាញ់យ៉ាងសាហាវនោះលោក សម្លាប់ទាហានអាល្លឺម៉ង់នឹងកន្លែង​២១​នាក់ របួសជាច្រើននាក់ហើយអ្នកនៅសល់ត្រូវចាប់ខ្លួនសរុប​៤០​នាក់។

ហើយ​ជាង​៤០​នាក់​ទៀត​ត្រូវ​បាន​កងទាហាន​របស់​លោក​ផ្សេង​ទៀត​ឡោមព័ទ្ធនិង​សម្លាប់​វិញ។ ស្ថានភាពសង្គ្រាមកំបុងតែក្ដៅបែបនេះ សកម្មភាពរបស់ លោក ហ្វាំងបានបង្ហាញពីភាពសាហាវឃោឃៅក្នុងសង្គ្រាម ដែលទាហានតែងជួបប្រទះ។

ហ្វាំងគ្រាន់តែទទួលបញ្ជាពីមេកងពលធំដែលគាត់មិននៅហើយគាត់ជាមេបញ្ជាការទី២តែប៉ុណ្ណោះ។ សកម្មភាពរបស់ ហ្វាំងលើសពេកអាចធ្វើឲ្យមេបញ្ជាការធំសម្លាប់លោកបាន ប៉ុន្តែដោយសារស្នាដៃបោសសម្អាតជុំរំទាហានអាល្លឺម៉ង់អស់ជាច្រើនលោកត្រូវបានរួចទោស ហើយទទួលបានការដឹកនាំពេញលេញនៃកងពលដែលនៅសល់ប៉ុន្មាននាក់របស់លោក។

ភាពក្លាហានរបស់ ហ្វាំង ជាមួយនឹងកងទាហាន ad hoc របស់គាត់ទទួលបានការសរសើរ ពិសេសភាពជាអ្នកដឹកនាំរបស់គាត់។

នៅចុងឆ្នាំ១៩៤៥លោកត្រូវបានគេរំសាយចេញពីទាហានហើយទទួលមេដាយកិត្តិយសជាច្រើនអំពីស្នាដៃរបស់លោកនៅតំបន់ Holzheim ប្រទេសបែលហ្សិក។ លោកបានទទួលមរណៈភាពនៅថ្ងៃ​ទី​២០​វិច្ឆិកាឆ្នាំ១៩៩២ក្នុងវ័យ៧៦ឆ្នាំ។

ខាងក្រោមនេះ​ជាមេដាយដែឡ​លោក​ទទួល​បាន​ក្នុង​សង្គ្រាម​លោក​លើ​ក​ទី​២៖

Medal of Honor, Distinguished Service Cross, Silver Star, Bronze Star, Purple Heart (3), Combat Infantryman, Badge Croix de guerre w/ palm (Belgium)៕

ក្នុងស្រុករក្សាសិទ្ធ