កម្មវិធីសេវាដឹកជញ្ជូនទំនិញឆាប់រហ័សប្រចាំថ្ងៃ ហ្គ្រែបម៉ាត (GrabMart) ត្រូវបានដាក់ឲ្យដំណើរការក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ - កម្មវិធី GrabMart ដែលជាសេវាកម្មដឹកជញ្ជូនទំនិញប្រចាំថ្ងៃឆាប់រហ័ស ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។

ឥឡូវនេះប្រជាពលរដ្ឋនៅរាជធានីអាចទិញគ្រឿងទេស អាហារកញ្ចប់ ផលិតផលថែរក្សាសុខភាព ផលិតផលថែរក្សាសម្រស់ កាដូ និងទំនិញជាច្រើនទៀតតាមរយៈកម្មវិធី Grab ដោយដឹកជញ្ជូន សម្រាប់លោកអ្នកក្នុងរយៈពេលតិចជាង ម៉ោង។

ដោយគ្រាន់តែបញ្ចូលអាស័យដ្ឋានរបស់ពួកគេនៅក្នុងមុខងារកម្មវិធី GrabMart នៅក្នុងកម្មវិធី Grab អតិថិជននឹងឃើញបញ្ជីរាយនាមមុខទំនិញដែលអាចទិញបាននៅតាមហាងជិតអាស័យដ្ឋានបំផុត។ ឈ្មោះហាងទំនិញដែលត្រូវបានបង្ហាញក្នុងបញ្ជីទិញទំនិញ អាស្រ័យលើទីតាំងរបស់អតិថិជន រួមមាន ហាងថៃហួត (Thai Hout) គីវីម៉ាត (Kiwi Mart) ឱសថស្ថានយូឃែរ (Ucare Pharmacy) និង វីននេសកម្ពុជា (Winest Cambodia)

នៅក្នុងដំណាក់កាលទើបតែចាប់ផ្ដើមដំបូង សេវាកម្មនេះនឹងមានវត្តមាននៅចំកណ្ដាល រាជធានីភ្នំពេញតែប៉ុណ្ណោះ ដែលគ្របដណ្ដប់លើសង្កាត់បឹងកេងកង សង្កាត់ទួលទំពូង ខណ្ឌដូនពេញ ខណ្ឌទួលគោក និងតំបន់មួយចំនួនទៀតដែលនៅក្បែរសង្កាត់ខណ្ឌទាំងនេះ) ហើយអតិថិជនអាចបង់ថ្លៃសេវាដឹកជញ្ជូន របស់ពួកគេជាសាច់ប្រាក់ជាមួយដៃគូបើកបរបាន ហើយទំនិញដែលដឹកជញ្ជូន ត្រូវមានតម្លៃមិនលើសពី ៤០ ដុល្លារនោះទេ។ ក្រុមហ៊ុន Grab គ្រោងនឹងពង្រីកសេវាកម្មនេះនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញនាពេលអនាគត ដ៏ខ្លីខាងមុខនេះផងដែរ ដោយនឹងមានដៃគូពាណិជ្ជកម្មកាន់តែច្រើន ដែលនឹងត្រូវបានដាក់បញ្ចូល នាពេលឆាប់ៗខាងមុខនេះ។

លោក Hashim Alkaff ប្រធានក្រុមហ៊ុន Grab ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ​ «យើងសូមណែនាំសេវាកម្មថ្មីៗមួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល ហើយយើងនឹងប្រើប្រាស់បច្ចេកវិទ្យារបស់យើង តាមគ្រប់មធ្យោបាយ ដើម្បីផ្ដល់ជូននិងពង្រីកសេវាកម្មថ្មីៗ ដើម្បីជួយបំពេញតម្រូវការប្រជាពលរដ្ឋ។ នេះក៏ជាឱកាសសម្រាប់ដៃគូបើកបររបស់យើង ឲ្យទទួលបានប្រភពចំណូលបន្ថែមផងដែរ។»

លោក Alkaff  បានបន្ថែមទៀតថា ​ «នៅក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋត្រូវការដំណោះស្រាយ ជាបន្ទាន់  ដើម្បីដោះស្រាយភាពខ្វះចន្លោះក្នុងគ្រាដ៏លំបាកបែបនេះ សេវាកម្មរហ័សរបស់យើងនឹងរង់ចាំជួយសម្រួលដល់ពួកគេជានិច្ច។»