ប្រពន្ធកាច ឬស្លូត ព្រោះទង្វើប្ដី! ប្ដីខូច ឬអត់ ព្រោះចរិតប្រពន្ធ!

ជាការពិតណាស់ ចរិតរបស់ប្ដី ឬប្រពន្ធអាចនឹងមានការប្រែប្រួលផ្លាស់ប្ដូរ ក៏រមែងកើតព្រោះតែទង្វើ និងអត្តចរិតរបស់ប្ដីប្រពន្ធអ្នកដែរ។ យ៉ាងណាមិញ ប្រពន្ធរបស់អ្នកអាចកាច ឬស្លូត គឺមកពីទង្វើរបស់ប្ដីបានធ្វើចំពោះនាង។ ចំែណកប្ដីខូច ឬអត់នោះ វាក៏អាស្រ័យលើចរិតរបស់ប្រពន្ធអាចរៀបចំបានកម្រិតណាដែរ។

59 3

ជាធម្មតា គ្មានប្រពន្ធណាចង់កាច អាក្រក់ ត្រួតត្រាបញ្ជាលើប្ដី ឬចង់គ្រប់គ្រងលើប្ដីនោះឡើយ ហើយនាងក៏រឹតតែមិនចង់ឈ្លោះ រករឿង មានទំនាស់ ឬសាងបញ្ហាឱ្យកើតមានរវាងប្ដីប្រពន្ធនោះដែរ។ ប៉ុន្តែពេលខ្លះ គឺមកពីទង្វើដែលប្ដីបានធ្វើទៅលើនាងវាបែបណាខ្លះ។ មនុស្សប្រុសខ្លះ ឃើញប្រពន្ធស្លូតបូតពេក បែរជាចេះតែធ្វើរឿងផ្ដេសផ្ដាស បង្កបញ្ហា លួចលាក់ក្បត់ផិតមានស្រីញីខាងក្រៅ ក្បត់ចិត្ត និងធ្វើបាបនាងទៅវិញ។ ចំណុចទាំងនេះហើយ ដែលជាកត្តាជម្រុញឱ្យប្រពន្ធរបស់អ្នកកាន់តែអស់ភាពអត់ធ្មត់ និងការទ្រាំជាមួយនឹងទង្វើរបស់ប្ដី ហើយរាល់ទង្វើមិនគប្បីទាំងឡាយ វានឹងប្រែក្លាយចរិតប្រពន្ធពីស្លូតទៅកាច ពីល្អទៅជាអាក្រក់។ ផ្ទុយទៅវិញ ប្រសិនបើប្ដីចេះរក្សាសេចក្ដីថ្លៃថ្នូរ ចេះស្រឡាញ់មើលថែការពារក្រុមគ្រួសារ ជាពិសេសចេះប្រឹងប្រែង និងមានការលះបង់ចំពោះប្រពន្ធកូន នោះច្បាស់ណាស់ថា ប្រពន្ធអ្នកនឹងក្លាយជាប្រពន្ធគ្រប់ល័ក្ខណ៍ ហើយមិនខ្លាចក្នុងការធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីស្វាមី និងគ្រួសារដូចគ្នា។ បើចង់ឱ្យប្រពន្ធស្លូត ប្រពន្ធល្អ ស្រឡាញ់ និងគោរពអ្នក អ្នកក៏ត្រូវតែធ្វើជាប្ដីដែលល្អ គោរព និងឱ្យតម្លៃប្រពន្ធផងដែរ។

121492478_677795869820746_7219569293071411915_o

ចំណែកឯប្ដីវិញក៏ដូចគ្នាដែរ គេអាចនឹងប្រែប្រួល ខូច ឬត្រឹមត្រូវ គឺអាស្រ័យទៅលើអត្តចរិតរបស់ប្រពន្ធផងដែរ។ យ៉ាងណាមិញមិនមែនគ្រប់ប្រពន្ធ សុទ្ធតែល្អ ឬមានការគោរពចំពោះប្ដីនោះឡើយ។ ប្រពន្ធខ្លះ តែងតែព្យាយាមចង់ត្រួតត្រា បិទសិទ្ធសេរីភាព ព្យាយាមឃុំគ្រង លើជីវិតរបស់ស្វាមី ជាពិសេសគឺ តែងតែដេញដោលសួរនាំ ជីកឫសជីកគល់ តាមដាន ហួងហែង និងឈ្លានពានលើដែនជីវិតផ្ទាល់ខ្លួនរបស់ប្ដីហួសហេតុពេកហើយ។ ហើយប្រពន្ធខ្លះ បានប្ដីល្អហើយ តែបែរជាងិងក់ រករឿងឈ្លោះ បង្កបញ្ហាដល់ប្ដីគ្រប់បែបយ៉ាង ចំណុចអស់ទាំងនេះហើយ ដែលធ្វើឱ្យប្ដីចាប់ផ្ដើមមានអារម្មណ៍ធុញទ្រាន់ ហត់នឿយ ហើយក៏បែកអារម្មណ៍ បែកគំនិត គិតតែចង់សប្បាយជាមួយមិត្តភក្តិ ស្រីញី ស៊ីផឹកនៅខាងក្រៅ ដើម្បីរំសាយអារម្មណ៍តានតឹង។ សូមចាំថា ចាប៉ី បើកាន់តែរឹតបន្តឹង វានឹងកាន់តែដាច់ ចំណែកប្ដីក៏ដូចគ្នាដែរ បើអ្នកកាន់តែតឹងតែង បិទសិទ្ធសេរីភាព ដាក់គំនាបល់គេពេក គេក៏កាន់តែខូចខិល ចេះភូតភរកុហក ហើយចាប់ផ្ដើមក្បត់អ្នកក្រោយខ្នងថែមទៀតផង។

121294290_677795863154080_5327855791118718616_o

ដូច្នេះហើយ មិនថាប្ដី ឬប្រពន្ធនោះទេ គួរតែដឹងពីតួនាទី និងកាតព្វកិច្ចរបស់អ្នករៀងៗខ្លួន ហើយចូរបំពេញវាឱ្យបានល្អ រៀឈ្វេងយល់ពីចិត្តស្វាមី ឬភរិយារបស់អ្នក ហើយចេះលញបង់ និងផ្ដល់ឱ្យគ្នាទៅវិញទៅមក។ ជីវិតប្ដីប្រពន្ធ គឺជាការផ្ដល់ឱ្យគ្នា មិនមែនបិទសិទ្ធ ឬត្រួតត្រាលើនរណាម្នាក់នោះឡើយ៕

121125300_677795899820743_1489785981949943213_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖