ស្រីៗធ្លាប់តែខឹងគេហៅ​ « អ្នកនាង» ! ​ដឹងអត់ អ្នកនាង ​មានអត្ថន័យល្អពីរោះជាងពាក្យ «កញ្ញា» ទៅទៀត

សព្វថ្ងៃនេះនារីៗជាច្រើនចង់តែឱ្យគេហៅកញ្ញា ​ជាជាងអ្នកនាង ​ដោយគេយល់ថាពាក្យកញ្ញា ​សំដៅលើនារីនៅលីវ ​ឬស្រីក្រមុំ ​តែបើគេហៅអ្នកនាងវិញគឺអន់ចិត្តតែម្តង ​ព្រោះយល់ថាគេហៅសំដៅលើនារីមានប្តី។  តែការពិតទៅអ្នកប្រហែលជាមិនទាន់យល់ច្បាស់ពីអត្ថន័យនៃពាក្យអ្នកនាង ​និងកញ្ញា នៅឡើយនោះទេ។

33 1

តោះមកដឹងពីអត្ថន័យនៃ ពាក្យថា នាង អ្នកនាង អានាង មីនាង ម្នាង អ្នកម្នាង នាងឯង តើគេប្រើនៅពេលណាខ្លះ? ​ដែលរៀបរាប់ដកស្រង់លម្អិតពីអ្នកស្រី កែវ ច័ន្ទបូរណ៍ ដូចខាងក្រោមនេះ ៖

នាង ៖ ជាពាក្យដែលបុរសប្រើសម្រាប់ហៅភរិយាជាទីស្រលាញ់ ឧទាហរណ៍ នាងអើយ! យើងគិតទៅលេងម៉ែពុក នៅស្រុកម្តង នៅអាទិត្យក្រោយ។ អូនគិតយ៉ាងម៉េចដែរ?

នាង ៖ ជាពាក្យ ដែលចាស់ៗ ប្រើសម្រាប់ហៅកូនប្រុសកូនស្រី ជាទីស្រលាញ់ ឬហៅ ក្មេងប្រុស ក្មេងស្រី គួរអោយស្រលាញ់។ នាង! យកស្ករគ្រាប់នេះ ទៅចែកគ្នា ញ៉ាំលេងទៅកូន!

អ្នកនាង ៖ ជាពាក្យសុជីវធម៌ ដែលគេប្រើ សម្រាប់ហៅនារីក្មេងៗ ដែលមិនទាន់រៀបការ ឬ ប្រើចំពោះនារី ដែលយើង មិនដឹងថា រៀបការហើយឬនៅ។ នៅក្នុងបទចម្រៀងមួយ លោកស៊ីនស៊ីសាមុត មួយច្រៀងថា " អេ៎ហ៍! អ្នកនាង អញ្ជើញទៅណា?..." គឺសួរសំដៅទៅរក នារីក្មេង ដែលលោកមិនដឹងថា នៅលីវ ឬ រៀបការហើយ។

អានាង ៖ ជាពាក្យសាមញ្ញ ដែលចាស់ៗ នៅតាមស្រុកភូមិស្រែចំការ ច្រើនប្រើសម្រាប់ហៅកូនប្រុស គួរជាទីស្រលាញ់ ឧទាហរណ៍ អានាង! បើឯងចង់ចូលបួស ចាំម៉ែទៅជម្រាបលោកតាអាចារ្យ អោយរៀបចំពិធីអោយ។

មីនាង ៖ មកពីពាក្យថា មេនាង និយាយញាប់ ទៅជាមីនាង រួចក្លាយជា ម្នាង - គឺជាពាក្យសាមញ្ញ ដែលចាស់ៗ នៅតាមស្រុកភូមិស្រែចំការ ច្រើនប្រើសម្រាប់ហៅកូនស្រី គួរជាទីស្រលាញ់។ ម្នាង! ចាំម៉ែកាត់អាវអោយឯងថ្មី មួយសម្រាប់ អោយកូន ដើម្បីពាក់ទៅលេងចូលឆ្នាំនឹងគេ អោយស្អាតបាតម្តង។

 

 


មេនំមេនាង ៖ និយាយញាប់ បង់ក្លាយទៅជា ម្នំម្នាង គឺគេច្រើនប្រើសម្រាប់ហៅ យុវតី ដែលគេជួលយកមកអោយបម្រើក្នុងផ្ទះ សម្រាប់មើលក្មេងៗ ជាកូនចៅ របស់គ្រួសារអភិជន ឬ សេដ្ឋី។

36 (1)

អ្នកម្នាង ៖ នៅពេលដែលយុវតីសាមញ្ញមួយរូប ដែលបានរៀបអភិសេកជាមួយក្សត្រក្នុងរាជវង្ស នៅពេលនោះ គេហៅនាងថាជា អ្នកម្នាង ជាកម្លាយពាក្យ មកពី ពាក្យថា មេនាង និយាយញាប់បន្តិច ក្លាយជាមីនាង និយាយកាត់អោយកាន់តែខ្លី ទៅជា ម្នាង រួចត្រូវគេលើកឋានៈអោយខ្ពស់វិញ តាមឋានៈរបស់ប្តី ទៅជា អ្នកម្នាង។

នាងឯង ៖ ជាពាក្យដែលគេប្រើសម្រាប់បញ្ចេញអារម្មណ៍ ពោរពេញដោយ ការបញ្ជោះបន្សោក ប្រកបដោយកំហឹង ឬ សេចក្តីស្អប់ ចំពោះនារីក្មេងណាម្នាក់ ឧទាហរណ៍ នាងឯង! វាសមមុខហើយ ដែលត្រូវប្តីរត់ចោល ព្រោះឯងវាល្ងង់!!!

1375789_459833677465581_877894148_n

នៅសម័យបច្ចុប្បន្ននេះ មាននារីក្មេងៗខ្លះៗ ដែលពុំបានដឹងអត្ថន័យ នៃការប្រើពាក្យខ្មែរ ច្បាស់លាស់ ក៏នាំគ្នាគិតភាន់ច្រឡំថាពាក្យ អ្នកនាង មានន័យសំដៅឆ្ពោះទៅ ស្រីមេម៉ាយ ទើបនាំគ្នាប្រកូកប្រកែក ដើម្បីបង្ហាញ ភាពលីវរបស់ខ្លួន ដោយអោយគេហៅខ្លួនថា កញ្ញា ជាជំនួសវិញ ដោយមិនអោយគេហៅខ្លួនថាជា អ្នកនាង ឡើយ៕

ប្រភព៖ អ្នកស្រី កែវ ច័ន្ទបូរណ៍