កីឡដ្ឋានស្ដាតចាស់គ្រោងបើកដំណើរការប្រកួតឡើងវិញ ខណៈវាជាកីឡដ្ឋានមួយសម្រាប់​ធ្វើ​ម្ចាស់ផ្ទះស៊ីហ្គេម២០២៣

តាម​រយៈអត្ថបទរបស់​ទំព័រហ្វេសបុក​គណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួតស៊ីហ្គេមកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬស្ដាតចាស់ គ្រោងនឹងបើកដំណើរការប្រកួត ក៏ដូចជាការហ្វឹកហាត់ឡើងវិញ នាខែសីហាខាងមុខ បន្ទាប់ពីកីឡដ្ឋានដ៏ចំណាស់នេះ បានធ្វើការកែប្រែមុខមាត់ថ្មី ដោយការជួសជុលទីលាន ប្រព័ន្ធរំដោះទឹក និងការផ្លាស់ប្ដូរស្មៅស្ដង់ដារជាដើម កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។

192637731_3034206570131906_4807667679971680672_n

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានប្រាប់​ទំព័រហ្វេសបុកខាងលើឲ្យដឹងថា៖ មកទល់ពេលនេះ ដំណើរការជួស​ជុលកីឡដ្ឋានស្ដាតចាស់ បានវិវត្តន៍យ៉ាងរលូន ក្នុងនោះការផ្លាស់ប្ដូរសិប្បនិម្មិតនៅក្រោយទីលានទាំងសងខាង បានរួចរាល់ ១០០% ហើយ និងបានប្រើប្រាស់រយៈពេល ១ខែមកហើយ នៅឡើយតែស្មៅធម្មជាតិ នៃទីលានប្រកួតប៉ុណ្ណោះ ដែលត្រូវការពេលប្រហែល ១ខែទៀត ទើបអាចប្រើប្រាស់បាន។

189246350_325997618914039_2406461681352542368_n

លោកបន្ដថា៖ «ចំពោះស្មៅធម្មជាតិ មកទល់ពេលនេះ យើងសម្រេចបាន ៧០% ហើយ បានន័យថា ការធ្វើគ្រឹះ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ គឺរួចរាល់ហើយ។ រីឯការដាំស្មៅ ឥលូវក៏រួចរាល់ដែរ តែយើងនៅរង់ចាំការវិវត្តន៍នៃស្មៅ ដែលឥលូវយើងឃើញថា ស្មៅបានដុះប្រហែលជាង ៧០% ហើយតាមផែនការក្នុងរយៈពេល ១ខែទៀត នឹងដុះពេញទាំងស្រុង ហើយអាចប្រើប្រាស់បាន សម្រាប់ការហ្វឹកហាត់ និងការប្រកួត» ។

MP 2020 16320 1 E1579162922438

អគ្គលេខាធិការក្រុមសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដដែល បានសង្កត់ធ្ងន់ថា៖ «ដូចអ្វីដែលយើងបានធ្វើផែនការកន្លងមក គឺយើងនឹងប្រើប្រាស់ទីលានថ្មីរបស់យើងនេះ ក្នុងការប្រកួតជុំទី២ ដោយការប្រកួតទី១ ក្នុងជុំទី២ នៃលីគកំពូលកម្ពុជា គឺនៅក្នុងខែសីហាខាងមុខ អ៊ីចឹងបើកការប្រកួតជុំទី២ យើងនឹងបើកកីឡដ្ឋានរបស់យើងរៀបចំធ្វើម្ចាស់ផ្ទះតែម្ដង។

194210983_325997558914045_711988395207812921_n

គួរដឹងថា ការជួសជុលកីឡដ្ឋានស្ដាតចាស់នេះ ត្រូវចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារ ដោយការផ្លាស់ប្ដូរស្មៅធម្មជាតិ ដែលមានគុណភាពខ្ពស់ និងស្ដង់ដារ សម្រាប់ត្រៀមទទួលការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ជាក់ស្ដែងកាលពីពេលថ្មីៗ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏បានកំណត់យកកីឡដ្ឋានស្ដាតចាស់ ធ្វើជាទីលានមួយ សម្រាប់រៀបចំការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ៕

អត្ថបទ៖ CAMSOC

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN